ព្រៃឈើហាមឃាត់របស់ជាតិ នៅមណ្ឌលគិរី អាចរងការបំផ្លាញ ដោយសារក្រុមមនុស្សមានឥទ្ធិពល

មណ្ឌលគិរី៖ មនុស្សចំនួនបីនាក់ ត្រូវគេអះអាងថា ពិតជាមានឥទ្ធិពល និងមានអំណាចខ្លាំងបំផុតនៃការកាប់បំផ្លាញព្រៃឈើ ក្នុងដែនហាមឃាត់របស់រដ្ឋ ដូចជាតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច និងព្រៃបំរ៉ុងអន្រ្តៃយ៍របស់រដ្ឋ។

អ្នកទាំងនោះ ត្រូវគេដឹងថា ទី១-លោក ឃី ផេង មន្រ្តីយោធាខេត្តក្រចេះ និងជាម្ចាស់ហាងខារ៉ាអូខេដាយមិនស៊ីធី ទី២- ឈ្មោះ ផយ ពក ជាម្ចាស់ស្ថានីយលក់សាំងដ៍ធំ នៅខេត្តក្រចេះ ទី៣-ឈ្មោះថា ដែលគេស្គាល់ថា ជាមេការរបស់ឧកញ៉ាថៃ។ តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើជាច្រើន សហគមន៍នៅមណ្ឌលគិរី ឱ្យដឹងថាៈ ព្រៃឈើចំនួន៣ស្រុក គឺស្រុកកែវសីម៉ា ស្រុកកោះញែក ស្រុកពេជ្រាដា ជាគំរបព្រៃឈើហាមឃាត់របស់រដ្ឋ មានដែនជំរកសត្វព្រៃភ្នំព្រេច និងដីព្រៃបំរ៉ុងអចិន្រ្តៃយ៍របស់រដ្ឋ ផងដែរ។

ក្រុមមនុស្សបីនាក់ខាងលើនេះ បានដាក់ម៉ាស៊ីនត្រង់សឺន័រ មិនក្រោម២០០ទៅ ៣០០គ្រឿងនោះឡើយ ឱ្យកូនចៅរបស់ខ្លួនចូលកាប់ អារ និងជញ្ជូន នៅក្នុងព្រៃហាមឃាត់ខាងលើនេះនៅត្រង់ចំណុច អូរម៉ែធុ ក្រង់គុយ ក្រង់ត្រាច ពាមក្រាយ ពាមអូរតូ ក្បាលអូរខ្ញែង ភ្នំង៉តក្រង់ជីលក អូរម៉ីងជុង អូរកន្លះ ភ្នំកង់ស្យាល់ អូរកញ្ជះ អូររបោះ និងអូររម៉ាញ។ល។ បន្ទាប់ពីពួកគេកាប់អារ ប្រភេទឈើសុក្រម ផ្ចឹក និងឈើប្រណីតទាំងនោះរួចពួកគេបានធ្វើការដឹកជញ្ជូនមកស្តុកទុកនៅក្នុងឃ្លាំងកណ្តាលព្រៃស្ងាត់ជាច្រើនកន្លែង នៅស្រុកកែវសីម៉ានិងស្រុកពេជ្រាដាខេត្តមណ្ឌលគិរីជាប់ព្រំប្រទល់ ជាមួយស្រុកសំបូរ ខេត្តក្រចេះ មានចំនួនរាប់ពាន់ម៉ឺនម៉ែត្រគូប ត្រីគុណ តែនៅទីតាំងដែលមេឈ្មួញទាំងស្តុកនោះ គឺគេមិនអនុញ្ញាតិ ឱ្យមនុស្សក្រៅពីបក្ខពួករបស់គេចូលទៅកាន់ទីនោះឡើយ។ មិនតែប៉ុណ្ណោះល្បី តៗគ្នាថាជា ឈើរបស់ក្រុមហ៊ុនស្របច្បាប់ទៀតផង ពលរដ្ឋបានលើកឡើងថា ការនិយាយល្បីតៗគ្នាថា មានច្បាប់នោះ អាចជាការបំភ័ណ្ណមតិសាធារណៈតែប៉ុណ្ណោះដែលគេហៅថាជាការបិទបាំង។

ប្រភពបានរាយការណ៍ថា បើពិតជាក់ច្បាស់ថាជាឈើស្របច្បាប់មែនហេតុអីមេឈ្មួញទាំងនោះចាំបាច់រត់ការផ្លូវ សំរាប់ឈើពេញមួយរថយន្តយីឌុបពេញ ត្រូវរត់ការអស់លុយ ចាប់ពី6000$ ដល់ 8000$ ចំពោះ6000$ គឺឈើមួយរថយន្ត ចេញពីផ្លូវតុង មិនមកដល់ផ្លូវជាតិក្នុងស្រុកសំបូរខេត្តក្រចេះ រីឯ8000$ក្នុងឡានយីឌុប ពីទីតាំស្តុករហូតទៅដល់កន្លែងលក់ ក្នុងមួយថ្ងៃៗមិនថាយប់ឬថ្ងៃ មានរថយន្តយីឌុបដឹកជញ្ជូនឈើ ចេញមកពីកន្លែងឃ្លាំងស្តុក កាត់តាមផ្លូវតុងមិន ក្នុងស្រុកសំបូរខេត្តក្រចេះ មិនតិចជាង២០៤០ឡានយីឌុប នោះឡើយ។

ប្រជាសហគមន៍ការពារព្រៃឈើជាច្រើនសហគមន៍ ទូទាំងខេត្តមណ្ឌលគិរី និងអ្នកឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់នេះ បានធ្វើការរិះគន់យ៉ាងធ្ងន់ៗ ដល់អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធគ្រប់គ្រងផ្ទាល់ព្រៃឈើដែនជំរកសត្វព្រៃភ្នំព្រេច ដែលមានលោក ឈិត សុផលប្រធានមន្ទីរបរិស្ថានខេត្ត និង លោក សំរ៉ង ឌីចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រេច ហេតុដូចម៉្តេចបានជាបណ្តែតបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើ ហាមឃាត់យ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់បែបនេះ។ ប្រភពបានបន្តថា ការកើតមានបទល្មើសព្រៃឈើ នៅក្នុងតំបន់ខាងលើនេះ ពិតជាមានការត្រូវដងត្រូវផ្លែគ្នា តាំងពីមន្រ្តីថ្នាក់ដឹកនាំខេត្ត មន្រ្តីជំនាញព្រៃឈើតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន បានជាបញ្ហាដ៍រសើបនេះ បែរជាស្ងាត់ឈឹងបែបនេះ មិនតែប៉ុណ្ណោះ ក៍មានទីតាំងស្តុបឈើ នៅកណ្តាលព្រៃរាប់រយពាន់ ម៉ែត្រគូប ដែលទំហ៊ំបទល្មើសព្រៃឈើយ៉ាងច្រើននេះសុទ្ធតែខុសច្បាប់ ហើយក្នុងនោះក៍មានមន្រ្តីៗខិលខូចជាច្រើនអង្គភាព នៅខេត្តនេះ មានការជាប់ពាក់ព័ន្ធជាមួយបទល្មើសនេះដែរ។ មន្រ្តីសាលាខេត្តមណ្ឌលគិរីមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា៖ ចំពោះបញ្ហាបទល្មើសនៅទីនោះគឺពិតជាបានកើតឡើងមែន តែបញ្ហានេះដែរ លោកអភិបាលខេត្ត ព្រមទាំងមន្រ្តីបរិស្ថានខេត្ត ជាញឹកញាប់ធ្លាប់បានអញ្ជើញចុះទៅស្រាវជ្រាវពិនិត្យនៅទីតាំងនោះណាស់តែលទ្ធផលយ៉ាងណាៗនោះ ខាងលោកមិនហ៊ានធ្វើអត្ថាធិប្បាយទេ។

លោក សំរ៉ង ឌីវិចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រេចបានធ្វើការអះអាងថារាល់ការកើតមានបទល្មើសព្រៃឈើ នៅតំបន់ខ្លួនគ្រប់គ្រង ខាងលោកតែងតែចាត់មន្រ្តីរបស់លោក ចាត់វិធានការ។

លោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃនេះមិនអាចសុំការបំភ្លឺបានទេ និង លោក អេង ប៊ុនហ៊ាង អភិបាលខេត្ត មណ្ឌលគិរី នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ មិនអាចទំនាក់ទំនង សុំការបំភ្លឺតាមរយៈលេខទូរស័ព្ទជុំវិញបញ្ហានេះ លោកបានប្រាប់កំពុងជាប់ប្រជុំ៕