គ.ជ.ប ប្រកាសជាផ្លូវការ ជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរង

ភ្នំពេញ៖គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃពុធ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានប្រកាសជ្រើស អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ៤រូបទៀត ដើម្បីបម្រើការងារនៅគ.ជ.ប។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅមុននេះបន្តិច បានឲ្យដឹងថា “គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវការជ្រើសរើស អគ្គលេខាធិការចំនួន ១រូប និងអគ្គលេខាធិការរង ចំនួន៤រូប ដើម្បីបម្រើការងារ នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃទី ១៧ ខែ ធ្នូ ដល់ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥”។ គួរបញ្ជាក់ថា លក្ខខណ្ឌក្នុងការ ជ្រើសរើសរួមមាន៖ ១.មានសញ្ជាតិខ្មែរ តាំងពីកំណើត និងមានសញ្ជាតិខ្មែរ តែមួយគត់ក្នុងពេល បំពេញការងារ , ២.មានអាយុយ៉ាងតិច៣០ឆ្នាំ គិតដល់ថ្ងៃតែងតាំង, ៣.មានសិទ្ធបោះឆ្នោត, ៤.មានសញ្ញាបត្រចាប់ ពីថ្នាក់ឧត្តមសិក្សាឡើងទៅ, ៥.មានបទពិសោធន៍ការងារ យ៉ាងតិច ៥ឆ្នាំ និងទី៦.មិនត្រូវជាសហព័ទ្ធ ឬញាតិលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី ៣ របស់ប្រធាន និងអនុប្រធាន គណបក្ស នយោបាយ ដែលចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោត៕