លោក សួន សេរី​រដ្ឋា នឹងធ្វើ​សន្និសីទកាសែត​ជុំវិញ​ការប្តឹង​លោក ហោ ណាំហុង

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៨ ខែធ្នូ នៅ​ទី​ស្នាក់​គណបក្ស​អំណាច​ខ្មែរ ជុំវិញ​ការប្តឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ពីបទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក ធ្វើ​សន្និសីទ​ជុំវិញ​ការប្ដឹង​លោក ហោ ណាំហុង គឺ​ដោយសារតែ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​រូបនេះ បាន​ចោទ​គណបក្ស​លោក​ថា មាន​សមាជិក​ជា​ភេ​វរ​ករ កាលពី​ថ្ងៃទី​៧ ខែធ្នូ កន្លងមក​។ លោក សួន សេរី​រដ្ឋា មិនអាច​ទទួលយក​ការ​ចោទ​របស់លោក ហោ ណាំហុង ឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សួន សេរី​រដ្ឋា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការលើកឡើង​របស់លោក ហោ ណាំហុង គឺជា​ការបរិហារកេរ្តិ៍ និង​ញុះញុង​ឲ្យ​មាន​រើសអើង​គណបក្ស​អំណាច​ខ្មែរ​។ ម្យ៉ាងទៀត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច មិន​ហ៊ាន​គាំទ្រ​គណបក្ស​អំណាច​ខ្មែរ នៅពេលដែល​ពួកគាត់​ឭ​ថា គណបក្ស​អំណាច​ខ្មែរ​មាន​សមាជិក​ជា​ភេ​វរ​ករ​»​។

​លោក សួន សេរី​រដ្ឋា មិនទាន់​អាច​បញ្ជាក់ថា រូបលោក​នឹងដាក់​ពាក្យ​ប្តឹង លោក ហោ ណាំហុង នៅពេលណា​នោះទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា បញ្ហា​លម្អិត​ជុំវិញ​ការប្តឹង​នេះ នឹង​ត្រូវបាន​បកស្រាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់ខ្លួន​។​

​ជុំវិញ​បញ្ហា​នេះ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​បរទេស សុំ​មិន​បកស្រាយ​លម្អិត​ពី​បញ្ហា​នេះ​នៅឡើយ​ទេ ដោយសារតែ​លោក​មិនទាន់​ដឹង​ច្បាស់​ថា តើ​លោក ហោ ណាំហុង ពិតជា​បាន​ចោទ​គណបក្ស​អំណាច​ខ្មែរ ដូចជា​ការលើកឡើងរ​ប​ស់លោក សួន សេរី​រដ្ឋា ដែរឬអត់?​ «​ខ្ញុំ​មិនទាន់​ដឹងថា រឿងនេះ​ពិត​ឫ​មិន​ពិត​នោះទេ​។ រឿង​ច្រើន ខ្ញុំ​ចាំ​មិន​អស់​ទេ​។ អ៊ីចឹង ទុកពេល​ឲ្យ​ខ្ញុំ​ស្រាវជ្រាវ​រក​ព័ត៌មាន​ហ្នឹង​ឲ្យ​ច្បា​ស់សិន​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ជុំ សុ​ន្ទ​រី​៕