ច​ន ឃឺ​រី ស្កាត់​សុំ​ការសហការ​ពី​លោក ពូ​ទីន ពេល​របប​អាសាដ​កាន់តែ​រឹង​ដៃ​រឹង​ជើង​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃឺ​រី (John Kerry) បាន​ប្រញាប់ប្រញាល់​ទៅ​ស្កាត់​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​អង្គារ​ទី ១៥ ខែធ្នូ​ម្សិលមិញ ដើម្បី​ជជែក​ពី​ដំណោះស្រាយ​បញ្ចប់ ជម្លោះ​ស៊ី​រី​។ ក្នុង​កិច្ចពិភាក្សា​នេះ តួនាទី របស់​តួអង្គ​ក្នុង​ជម្លោះ​ស៊ី​រី​ទាំង​លោក បា​សា អាល់​អាសាដ និង​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល នៅតែ​ជា​ប្រធានបទ​ស្មុគស្មាញ ពិបាក​ដោះស្រាយ​ចេញ​។ ប៉ុន្តែ​កិច្ចចរចា​រវាង​មហាអំណាច​ទាំងពីរ នឹង​បន្ត​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​ទៀត ហើយ​តិច​ឬ​ច្រើន វា​ក៏​ជួយ​ឲ្យ​ភាគី​ទាំំ​ង​ពីរ​ដែលមាន​លទ្ធភាព​ជួយ​បញ្ចប់​ជម្លោះ​ស៊ី​រី​ដោយ​ស្វែងយល់​ពីគ្នា​បាន​ច្រើន​ដែរ​។ តែ គេ​នៅ​មើលឃើញថា រុស្ស៊ី​នៅមាន​ប្រៀប​ជាង​លោកខាងលិច​ក្នុង​ការរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

 ក្រោយ​ចំណាយពេល​ជជែក​ពិភាក្សា​រយៈពេល​ជាង​បី​ម៉ោង​ស្តីពី​ការបញ្ចប់​ជម្លោះ​ស៊ី​រី ប្រមុខ​ការទូត​អាមេរិក ច​ន ឃឺ​រី និង​ភាគី​រុស្ស៊ី​បាន​ឯកភាព​បន្ត​ការពិភាក្សា​នៅ​ថ្ងៃ​សុក្រ​ទៀត​។  កិច្ចពិភាក្សា​បន្ទាប់​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ទីក្រុង​ញូវយ៉ក ហើយ​ភាគី​នឹង​បន្ត​ជជែក​គ្នា​លើ​បញ្ហា​ដែល​ពួកគេ​នៅ​ខ្វែងគំនិត​គ្នា​នៅឡើយ​។ រឿងចម្រូងចម្រាស់​បំផុត​ក្នុង​កិច្ចសន្ទនា​ម្សិលមិញ​គឺ តើ​គួរ​ទុក​ឲ្យ​លោក បា​សា អាល់​អាសាដ មាន​តួនាទី​ក្នុងសម័យ​អន្តរកាល​នយោបាយ​ឬ​អត់​។  ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ស៊ី​រី គេ​មើលឃើញ​ក្រុម​ឧទ្ទាម​ស៊ី​រី​ឯកភាពគ្នា​ក្នុង​ការបង្កើត​រដ្ឋាភិបាល​អន្តរកាល តែ​នៅ​បន្ត​ទាមទារ​ឲ្យ​លោក អាសាដ ដកខ្លួន​ចេញពី​នយោបាយ​។​

១. អាមេរិក​ត្រូវ​រក​ជំនួយ​ពី​រុស្ស៊ី នៅពេល អាសាដ រឹង​ដៃ​រឹង​ជើង​?
​វត្តមាន​លោក ច​ន ឃឺ​រី នៅ​ម៉ូស្គូ​និង​យក​សំណុំរឿង​ស៊ី​រី​ទៅ​ពិ​ក្សា​ជាមួយ​ភាគី​រុស្ស៊ី​នេះ បង្ហាញ​ច្បាស់​ពី​ចេតនា​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការសុំ​ជំនួយ​ពី​រុស្ស៊ី ព្រោះ​រុស្ស៊ី​បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុងការ​បញ្ចប់​ជម្លោះ​ស៊ី​រី​។ រឿង​មួយទៀត​ដែល​បង្ហាញ​ច្បាស់​ថា លោកខាងលិច​មិន​ហ៊ាន​ធ្វើ​ឲ្យ​លោក ពូ​ទីន ឃ្នើសចិត្ត ពេលដែល​លោក ឃឺ​រី សម្រេច​ទៅ​រុស្ស៊ី រដ្ឋ​អឺរ៉ុប​ដែល​បាន​ព្រួត​គ្នា​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​នោះ ក៏​ស្រាប់តែ​ប្រកាស​ពន្យារពេល​បន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ថែមទៀត​។

​តាមពិតទៅ​អន្តរាគមន៍​យោធា​រុស្ស៊ី​លើកដំបូង​នៅ​ស៊ី​រី ចុងខែ​កញ្ញា ធ្វើ​ឲ្យ​លោកខាងលិច​ភ្ងា​ក់​ផ្អើល​ខ្លាំង​។ វត្តមាន​ទ័ព​រុស្ស៊ី​ចេញ​ច្បាំង​នៅ​ស៊ី​រី​ក្រោម​ស្លាក​ប្រឆាំង​ក្រុម​ភេរវជន​នោះ រឹតតែ​ធ្វើ​ឲ្យ​អាមេរិក​ពិបាក​សម្រេច​បំណង​ទម្លាក់​លោក អាសាដ ពី​តំណែង​។ ក្រោយ​អន្តរាគមន៍​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ រុស្ស៊ី​សម្រេច​ជោគជ័យ​ក្នុង​ការជួយ​ពង្រឹងកម្លាំង​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស ដោយ​ទប់ទល់​កម្លាំង​ប្រឆាំង និង​ក្រុម​ភេរវជន​បាន​។

​ត្រលប់​មកវិញ ក្នុង​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស និង​ប្រមុខរដ្ឋ​រុស្ស៊ី ភាគី​ទាំងពីរ នៅ​មិនទាន់​រក​ការឯកភាព​គ្នា​ឃើញ​លើ​វាសនា មេដឹកនាំ​ស៊ី​រី លោក អាសាដ និង​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។ ក្រុង​វ៉ាស៊ីនតោន ដែល​តំណាង​ដោយ​លោក ឃឺ​រី ចង់​ដោះស្រាយ​បញ្ហា​ស៊ី​រី​ដោយ​ពឹង​ផ្អែកលើ​សេចក្តីថ្លែងការណ៍​រួម​ក្រុង​វ្យ៉ែ​ន​ឆ្នាំ ២០១២ ដោយ​ឈានទៅ​បង្កើត​រដ្ឋាភិបាល​អន្តរ​កាល​មួយ ហើយ​អាសាដ ត្រូវ​ចេញពី​តំណែង​និង​គ្មាន​តួនាទី​អ្វី​សោះ​។​លោក ឃឺ​រី ថ្លែងប្រាប់ មេដឹកនាំ​រុស្ស៊ី​ថា លោក​មិន​ជឿថា លោក អាសាដ មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ស៊ី​រី​នៅពេល​អនាគត​ទេ​។  តែ​ខាង​រដ្ឋាភិបាល​ក្រេ​ម​ឡាំង បាន​ជំទាស់ ការបណ្តេញ​អាសាដ ពី​តំណែង ព្រោះ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​ស៊ី​រី​ប៉ុណ្ណោះ​។ លោក ពូ​ទីន​ថា អ្នកណា​ក៏ដោយ ទោះ​ប្រទេស​មហាអំណាច​ក្តី គ្មាន​សិទ្ធិ​លូកដៃ កំណត់​ជោគវាសនា ប្រទេស​ស៊ី​រី​ឡើយ  មានតែ​ប្រជាជន​ស៊ី​រី​ប៉ុណ្ណោះ​។ លោក ពូ​ទីន ចង់​ប្រាប់​ទៅ​សម​ភាគី​អាមេរិក​ថា បើ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​វ្យ៉ែ​ន​ឆ្នាំ ២០១២ ក៏​អនុវត្ត​ចុះ ប៉ុន្តែ​ទុក​តួនាទី​របស់លោក អាសាដ ដោយឡែក ព្រោះ​ប្រជាជន​ជា​អ្នកបោះឆ្នោត​។ បើ​គេ​ស្រលាញ់​លោក អាសាដ គេ​នឹង​បោះឆ្នោត​ឲ្យ​មេដឹកនាំ​រូបនេះ​ទៀត​។

​ថ្វីបើ​លោក ពូ​ទីន កំពុងមាន​ប្រៀប​ក្នុងការ​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ស៊ី​រី ដោយ​ហក់​ទៅ​ប្រឡូក​ជ្រៅ​ដោយ​ជួយ​ពង្រឹង​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស ក៏ដោយ រុស្ស៊ី​កំពុង​ផ្សងគ្រោះថ្នាក់​ខ្លាំង​ដែរ​។ ដូចដែល​ឃើញស្រាប់​រុស្ស៊ី​ត្រូវ​ប្រឈមមុខ​បញ្ហា​ច្រើន ទាំង​ត្រូវ​រើ​បម្រាស់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ត្រូវ​ប្រឈម​ការគំរាមកំហែង​សន្តិសុខ ពី​ក្រុម​ភេរវជន​។  ជា​ឧទាហរណ៍ ការ​សា្ល​ប់​របស់​ប្រជាជន​រុស្ស៊ី​រាប់រយ​នាក់​ដោយ​ការវាយប្រហារ​យន្តហោះ​ស៊ីវិល​រុស្ស៊ី​នៅ​អេ​ហ្ស៊ី​ប រួមទាំង​ការទាស់ទែង​គ្នា​ខ្លាំង​ជាមួយ​តួ​ក​គី​ក្រោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ត្រូវ​តួ​ក​គី​បាញ់​ទម្លាក់ ដោយសារ​បំពាន​ដែនអាកាស​តួ​ក​គី​។ 

២. ល្មម​ដល់ពេល​មហាអំណាច​រួមគ្នា​កម្ចាត់​ចលនា​ភេរវកម្ម ?
​យ៉ាងណាមិញ សញ្ញា​វិជ្ជមាន​ក្រោយ​កិច្ចពិភាក្សា​គឺ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេរវជន មាន​ទាំង​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) , ក្រុម​អាល់​កៃ​ដា​និង​បណ្តាញ​ក្រុម​ភេរវជន​ផ្សេងទៀត​ដែល​កំពុង​អុកឡុក​តំបន់​មជ្ឈិមបូព៌ា​។ ការឯកភាព​គ្នា​នេះ ជា​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​ចង់បាន ព្រោះ​កន្លងមក​រុស្ស៊ី​យក​លេស​កម្ចាត់​ក្រុម​ភេរវកម្ម​ដើម្បី​សំពង​ក្រុម​ឧទ្ទាម ដែល​អាមេរិក​ខំ​ចំណាយលុយ​រាប់លាន​ដុល្លារ​ដើម្បី​គាំទ្រ​ឲ្យ​ច្បាំង​ប្រឆាំង​ទ័ព​លោក អាសាដ​នោះ​។ ម្យ៉ាង ក្នុងពេលដែល ច​ន ឃឺ​រី ជួប ពូ​ទីន  រុស្ស៊ី​ស្រាប់តែ​ប្រកាស់ថា ខ្លួន​ចាប់ផ្តើម​សហការ​ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​របប​អាសាដ ដើម្បី​ឈានទៅ​កម្ចាត់​ក្រុម​ដែ​ស្ហ និង​បណ្តា​ក្រុម​ភេរវជន​ឯទៀត​។ ដូច្នេះ គេ​រំពឹងថា នៅពេល​ខាងមុខ រុស្ស៊ី​នឹង​ផ្អាក​ប្រតិបត្តិ​ការវាយប្រហារ​ក្រុម​នេះ​ទៀត​ដែរ​។

​លោក ឃឺ​រី បាន​ឆ្លៀត​ប្រា​ប់លោក ពូ​ទីន ផងដែរ​ថា អាមេរិក គ្មាន​គោលនយោបាយ​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោ​ទេ សហរដ្ឋអាមេរិក​បន្ត​ស្វះ​ស្វែងរក​ចំណុច​រួមគ្នា​ដើម្បី​ឈានទៅ​សហការគ្នា​ដោះស្រាយ​បញ្ហាសំខាន់​។ លោក ឃឺ​រី យល់ថា ថ្វីបើ​អាមេរិក​និង​រុស្ស៊ី​មានគំនិត​ខុសប្លែកគ្នា​ក៏ដោយ តែ​មហាអំណាច​ទាំងពីរ​ក៏​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​៕