“កម្ពុជា​គួរ​ពង្រឹង​វិស័យ​​អប់រំ​និង​សុខភាព​​បន្ថែម​ទៀត”

របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បង្ហាញ​ថា តម្រូវការ​ពលកម្ម​មាន​សមត្ថភាព កំពុង​ចោទ​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​កម្រិត​ស្តង់ដារ​សមត្ថភាព​នៃ​ការ​អប់រំ និង​សុខភាព​របស់​ពលករ​កម្ពុជា នៅ​មិន​ទាន់​មាន​ចំនួន​គ្រប់គ្រាន់​តាម​តម្រូវការ​នៅ​ឡើយ។ របាយការណ៍​ដែល​ទើប​ចេញ​ផ្សាយ​ថ្មីៗ​នេះ ដាក់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិនិយោគ​បែប​យុទ្ធសាស្ត្រ​ទៅ​លើ​វិស័យ​អប់រំ និង​សុខភាព​បន្ថែម​ទៀត​ដើម្បី​បង្កើត​កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព។

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​២០១៥ (Human Development Report/HDR 2015) របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា ការ​លើក​ស្ទួយ​ការ​អប់រំ និង​ជំនាញ អាច​ជួយ​សម្រួល​ដល់​ដំណើរការ​អន្តរកម្ម​ចាំបាច់​នៃ​ទីផ្សារ​ការងារ។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ រក​ឃើញ​ថា ភាព​មាន​ការងារ និង​គុណភាព​ការងារ​គឺ​ជា​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​មនុស្ស ហើយ​ដើម្បី​ធានា​ថា កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព​អាច​បំពេញ​តម្រូវការ​ទីផ្សារ​បាន លុះត្រាតែ​រដ្ឋាភិបាល​ចាំបាច់​វិនិយោគ​បែប​យុទ្ធសាស្ត្រ​ទៅ​លើ​វិស័យ​អប់រំ និង​ការ​ថែទាំ​សុខភាព​បន្ថែម​ទៀត។

នៅ​ក្នុង​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​១៤៣ ក្នុង​ចំណោម​ប្រទេស​សរុប ១៨៨ ដែល​ត្រូវ​បាន​វាយ​តម្លៃ​ពី​ការ​អភិវឌ្ឍ​ផ្នែក​សុខភាព ការ​អប់រំ និង​ស្តង់ដារ​នៃ​ការ​រស់​នៅ។ របាយការណ៍​នេះ​ចាត់​កម្ពុជា ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​មនុស្ស​កម្រិត​មធ្យម។

​នៅ​ក្រោម​មូលបទ "ការងារ​សម្រាប់​ការ​អភិវឌ្ឍ​មនុស្ស" របាយការណ៍​កម្រាស់ ២៨៨​ទំព័រ​នេះ ចាត់​ទុក​ថា ការងារ​គឺ​ជា​ស្នូល​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ដែល​ជា​គន្លឹះ​ដែល​មិន​គ្រាន់តែ​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ដើម្បី​ឲ្យ​ជីវិត​មនុស្ស​រស់​នៅ​មាន​សុភមង្គល​ផង​ដែរ។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ជាតិ​ប្រជាជន និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ផែនការ លោក ជា ចាន់ទុំ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្ដី​ព្រាង​គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦–២០៣០។ លោក ចាន់ ទុំ បញ្ជាក់​ឲ្យ​ដឹង​ថា គោលនយោបាយ​ថ្មី​នេះ​នឹង​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍​របស់ UNDP ដែល​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើន​គុណភាព​នៃ​វិស័យ​អប់រំ និង​សុខភាព​ប្រជាជន ពិសេស​សុខភាព​យុវវ័យ៖ «»។

របាយការណ៍​នេះ​ចង្អុល​បង្ហាញ​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​គួរ​ផ្ដល់​ឱកាស​ស្មើៗ​គ្នា​សម្រាប់​ប្រជាជន ដោយ​ផ្ដល់​កម្រៃ​សមរម្យ និង​សិទ្ធិ​ដល់​ពលករ។ របាយការណ៍​បាន​រំលេច​ឲ្យ​ដឹង​ថា ការ​ពង្រឹង​គុណភាព​ផ្នែក​សុខភាព និង​ការ​អប់រំ ជាពិសេស​ដល់​កុមារ​វា​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​ទទួល​បាន​ជំនាញ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ងាយស្រួល​ទាញ​យក​ឱកាស​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។