ពលរដ្ឋ​ស្រុក​មេមត់​ព្រមាន​ដក​បង្គោល​រណប​ព្រំដែន​ដែល​ទើប​បោះ​រួច​ចោទ​ថា​គ្មាន​តម្លាភាព

គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម សម្រេច​បោះ​បង្គោល​ព្រំដែន​ជា​ប្រភេទ​បង្គោល​រណប​ចំនួន​៥ នៅ​ក្បែរ​តំបន់​ដី​ជម្លោះ​ឋិត​នៅ​ក្នុង​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ។ ការ​បោះ​បង្គោល​នេះ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ថា​ធ្វើ​ឡើង​ដោយ​លួច​លាក់ និង​គ្មាន​តម្លាភាព។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង ព្រមាន​ថា ពួក​គាត់​នឹង​នាំ​គ្នា​ជំទាស់​សេចក្តី​សម្រេច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា ឬ​ដក​បង្គោល​ដែល​ទើប​នឹង​បោះ​រួច​ចោល​ទៀត​ផង។ ការ​ព្រមាន​នេះ ដោយ​ពួក​គាត់​យល់​ថា ប្រសិន​បើ​មន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា នៅ​តែ​បន្ត​ធ្វើ​ការងារ​ដោយ​គ្មាន​តម្លាភាព​បែប​នេះ គឺ​អាច​ធ្វើ​ឲ្យ​ទឹក​ដី​របស់​ពួក​គាត់​ត្រូវ​បាត់បង់។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ជើង លោក ញ៉ូង ស៊ីនឿន សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បោះ​បង្គោល​រណប​នៅ​ពេល​នេះ ព្រោះ​លោក​ថា តំបន់​នោះ គណៈកម្មការ​ព្រំដែន​មិន​ទាន់​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​អស់​ចិត្ត​នៅ​ឡើយ ស្រាប់​តែ​មក​បោះ​បង្គោល​ស្ងាត់ៗ​លើ​ដី​អ្នក​ភូមិ​នៅ​ក្បែរ​តំបន់​ជម្លោះ ឬ​តំបន់​ជាំ​ប្រាំ​ល្វែង ដែល​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​វៀតណាម កាល​ពី​ពេល​កន្លង​ទៅ៖ «ខ្ញុំ​បារម្ភ​ថា ដឹង​ថ្ងៃ​ខាង​មុខ​ដឹង​បាន​អី​ហូប​ទេ បើ​ស្រែ​ចម្ការ​អស់​ហើយ»

បង្គោល​ព្រំដែន​ជា​ប្រភេទ​បង្គោល​រណប​ចំនួន​៥ បាន​បោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ដោយ​មាន​ប៉ូលិស​ព្រំដែន និង​មន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចូលរួម។ បង្គោល​ដែល​មាន​លេខ​សម្គាល់​ពី​លេខ ៣ ដល់​លេខ ៧ ដែល​បោះ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ បណ្ដាល​ឲ្យ​ប៉ះ​ចំ​លើ​ដី​ប្រជាពលរដ្ឋ​ភូមិ​ជើង ចំនួន ៤​គ្រួសារ។

ពលរដ្ឋ​ដែល​ដី​របស់​គាត់​រង​ផល​ប៉ះពាល់​មួយ​រូប​ទៀត លោក គ ស្ងួន និយាយ​ថា ប្រជាពលរដ្ឋ​ចេះ​តែ​អស់​ដី​សម្រាប់​បង្កបង្កើនផល​ជា​បន្តបន្ទាប់ ដោយសារ​របៀប​ធ្វើ​ការងារ​របស់​អាជ្ញាធរ​មាន​ភាព​លាក់លៀម។ លោក​ថា អ្នក​ភូមិ​មាន​តែ​នាំ​គ្នា​តវ៉ា​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ពីព្រោះ​បើ​ពឹង​រាជ​រដ្ឋាភិបាល​ក៏​គ្មាន​សង្ឃឹម​ដែរ៖ «ប្រជាពលរដ្ឋ​មិន​ព្រម ហើយ​បើ​វា​យក​ទាំងអស់ ត្រូវ​តែ​ជំទាស់​ហើយ ពួក​ខ្ញុំ​ត្រូវ​នាំ​គ្នា​ដក​បង្គោល​ហ្នឹង​វិញ​ហើយ»

ទាក់ទិន​រឿង​នេះ មេ​ប៉ុស្តិ៍​ព្រំដែន​បឹង​ជ្រោង លោក ធាម ដែន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ចូលរួម​ការងារ​បោះ​បង្គោល​រណប​នោះ​ទេ ប៉ុន្តែ​លោក​ដឹង​ថា មាន​អាជ្ញាធរ​ស្រុក និង​ឃុំ បាន​ចូលរួម ហើយ​ការ​សម្រេច​នោះ​ត្រឹមត្រូវ​កម្រិត​ណា គឺ​អាស្រ័យ​ទៅ​លើ​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៖ «រឿង​អា​ខាង​នេះ ខ្ញុំ​អត់​មាន​សិទ្ធិ​ដឹង​ខាង​ណាៗ បើ​និយាយ​ទៅ​ខ្ញុំ​ជា​ឆ្មាំ​ការពារ​ព្រំដែន​បង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​កិច្ចការ​ព្រំដែន​ខេត្ត និង​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ថ្នាក់​ជាតិ គឺ​អ្នកស្រី កុយ ពិសី បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ។ យ៉ាង​ណា កាល​ពី​ពេល​កន្លង​ទៅ អ្នកស្រី កុយ ពិសី ធ្លាប់​មាន​ប្រសាសន៍​ថា រាល់​ការ​បោះ​បង្គោល គឺ​តែង​មាន​ការ​ចូលរួម​ពី​ភាគី​ទាំង​ពីរ​ជានិច្ច ហើយ​ការងារ​ទាំង​នោះ គឺ​ធ្វើ​ឡើង​ដោយ​តម្លាភាព​ទៀត​ផង។

ទោះ​បី​ជា​បែប​នេះ​ក្តី មេ​ឃុំ​ស្ដីទី​នៃ​ឃុំ​ជាំ លោក អួច អឿន មាន​ប្រសាសន៍​ថា សម្រាប់​ពួក​គាត់​ជា​អាជ្ញាធរ​ឃុំ​នៅ​ទីនោះ មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ពេល​នេះ ពីព្រោះ​លោក​ទើប​តែ​ដឹង​ក្រោយ​ពេល​បង្គោល​ទាំង​នោះ ត្រូវ​បាន​គេ​បោះ​រួច​រាល់។ លើស​ពី​នេះ លោក​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​ហាក់​រើសអើង​គណបក្ស​នយោបាយ ពីព្រោះ​ពួក​គាត់​ជា​មន្ត្រី​អាជ្ញាធរ​ឃុំ​ដែល​មក​ពី​គណបក្ស​ប្រឆាំង ទើប​ពួក​គេ​មិន​បាន​ប្រាប់៖ «ប្រសិន​ជា​បោះៗ​ឲ្យ​មាន​តម្លាភាព ឲ្យ​ព្រំដែន​ហ្នឹង​ពិត​ប្រាកដ ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន។ តែ​បញ្ហា​នេះ ប្រជាពលរដ្ឋ​អត់​ទទួល​យក​បាន​ទេ គាត់​នៅ​តែ​ស្ដាយ​ស្រណោះ​ដី​គាត់»

ជាមួយ​គ្នា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​ធ្វើ​ការងារ​ព្រំដែន​កន្លង​មក គឺ​មិន​បាន​បង្ហាញ​អំពី​តម្លាភាព​ឡើយ ហាក់​មាន​រឿង​អាថ៌កំបាំង​នៅ​ក្រោយ​រឿង​មួយ​នេះ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​វៀតណាម ហាក់​មាន​ឥទ្ធិពល​ខ្លាំង​លើ​រាជ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​រឿង​ព្រំដែន​ទៀត​ផង៖ «សូម្បី​តែ​ស្រះ​នៅ​ខេត្ត​រតនគិរី ក៏​វៀតណាម អត់​លុប ហើយ​បើ​តាម​យើង​ដឹង សូម្បី​ប៉ុស្តិ៍​យាម​នៅ​ខេត្ត​តាកែវ ក៏​គេ​មិន​បាន​រើ​ចេញ»

លោក​បញ្ជាក់​ថា ប្រសិន​បើ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម រាជ​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​បង្ហាញ​ការ​ពិត ភាព​មិន​ទុក​ចិត្ត​គ្នា​នៅ​តែ​កើត​មាន​ឡើង ហើយ​ភាព​សុខដុមរមនា​នៃ​ប្រជាជាតិ​ទាំង​ពីរ នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ។ លើស​ពី​នេះ​ទៀត លោក​ថា វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​គណបក្ស​កាន់​អំណាច​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។