ជំងឺស្លេកស្លាំង កង្វះជាតិដែក នៅតែ ជាក្តីបារម្ភ សម្រាប់កុមារ និងស្ត្រីក្នុង វ័យបន្តពូជ

ភ្នំពេញ៖ លោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងផែនការ បានថ្លែងថា ទោះបីជាការធ្វើ ឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់ប្រជាជន ពិសេស ស្ត្រី ទារក និងកុមារក៏ដោយ ក៏ការកាត់បន្ថយអត្រាភាព ស្លេកស្លាំងសម្រាប់កុមារ និងស្ត្រីក្នុងវ័យបន្តពូជ គឺនៅតែបង្កជាក្តី បារម្ភដដែលនាពេលបច្ចុប្បន្ន។
ការលើកឡើង របស់លោក ប៉ាន ប៊ុនធឿន ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ស្តីពីគម្រោងបញ្ចូលជាតិដែក ក្នុងទឹកត្រី ទឹកស៊ីអ៊ីវឆ្នាំ២០១១-២០១៥ ថ្ងៃទី១៦ធ្នូ នៅសណ្ឋាគា អាំទែកុងទីណង់តាល់ ថា សម្រាប់រយៈពេល ៥ឆ្នាំមកនេះ ការកាត់បន្ថយអត្រាភាព ស្លេកស្លាំងដោយសារ កង្វះជាតិដែក ជីវជាតិអា កង្វះជាតិប្រូតេអ៊ីន ថាមពល និងកង្វះជាតិអ៊ីយ៉ូដ ក្នុងចំណោមកុមារក្រោម ៥ឆ្នាំ មាន៥៥% ទៅ ៥៦% និងក្នុងចំណោមស្ត្រី ក្នុងវ័យបន្តពូជមាន ៤៤% ទៅ ៤៥%។
លោកបន្តថា កិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តគម្រោង គឺពិតជាមានសារៈសំខាន់ និងចាំបាច់ សម្រាប់មនុស្សទាំងអស់គ្នា ដើម្បីចូលរួមពិភាក្សា ចែករំលែកបទពិសោធន៏ និងលើកឡើងនូវ ផែនការសកម្មភាព និងទិសដៅត្រូវអនុវត្ត បន្តដើម្បីចូលរួមចំណែក កាត់បន្ថយកង្វះ អាហារូបត្ថម្ភ ដែលជាបញ្ហាសកល ពិសេសបញ្ហាស្លេកស្លាំងដោយសារ កង្វះជាតិដែក ដែលជាបញ្ហាចំបង មួយក្នុងចំណោម បញ្ហាចំបងៗផ្សេងៗទៀត។

លោកបាន ឲ្យដឹងទៀតថា កម្ពុជា ក៏សម្រេចបាន គោលដៅមួយចំនួនដូចជា៖ ការកាត់បន្ថយអត្រា មរណភាពរបស់កុមារ ការលើកកម្ពស់ សុខុមាលភាពមាតា និងស្ថានភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋបាន ល្អប្រសើរឡើង រួមទាំង ស្ថានភាពអាហារូបត្ថម្ភមាន ការវិវត្តន៍រីកចំរើនគួរឲ្យកត់សំគាល់ផងដែរ។

ចំណែកលោក នុត ច័ន្ទសុខា អនុរដ្ឋលេខាធិការ ក្រសួងផែនការ បានលើកឡើងថា គម្រោងនេះ បានចាប់ផ្តើមដំណើរការ កាលពីខែមេសា ឆ្នាំ២០១១ និងបានបញ្ចប់នៅខែតុលា ឆ្នាំ២០១៥ គឺកាត់បន្ថយ អត្រាភាពស្លេកស្លាំង និងកង្វះជាតិដែក ឲ្យបាន ៣០% ដល់ប្រជាជន ជាគោលដៅ គឺស្ត្រី និងកុមារ ក្នុងកំឡុងពេល៥ឆ្នាំ និងផ្តោតទៅលើក្រុមគោលដៅ ដោយគ្របដណ្តប់ លើប្រជាជន ប្រមាណ ៧.៧លាននាក់ ជាស្ត្រីស្ថិតក្នុងវ័យបន្តពូជ និងកុមារអាយុក្រោម១៤ឆ្នាំ សរុបជារួមប្រជាជនកម្ពុជា ១១លាននាក់ នឹងទទួលផលពីគម្រោង។
លោកបន្តថា បញ្ហាប្រឈម គឺការចូលរួមសហការ និងគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងផ្នែកឯកជន នៅមានកម្រិត, ការយល់ដឹងនៅមានកម្រិតស្តីពីសារៈសំខាន់ទឹកត្រី ទឹកស៊ីអ៊ីវ មានជាតិដែកពីសំណាក់អាជីវករ និងអ្នកប្រើប្រាស់, ការនាំចូលទឹកត្រី ទឹកស៊ីអ៊ីវ ពុំមានជាតិដែកនៅតែបន្ត កើតមានធ្វើឲ្យអ្នកផលិតផលក្នុងស្រុកជួបប្រឈមលើបញ្ហាតម្លៃ, ការត្រួតពិនិត្យ និងវាយតម្លៃលើបញ្ហាគុណភាពនៅមានកម្រិតដោយកង្វះថវិកា និងពុំទាន់មានថវិកាដើម្បីបន្តគម្រោង៕

ជំងឺស្លេកស្លាំង កង្វះជាតិដែក នៅតែ ជាក្តីបារម្ភ សម្រាប់កុមារ និងស្ត្រីក្នុង វ័យបន្តពូជ

ជំងឺស្លេកស្លាំង កង្វះជាតិដែក នៅតែ ជាក្តីបារម្ភ សម្រាប់កុមារ និងស្ត្រីក្នុង វ័យបន្តពូជ

ជំងឺស្លេកស្លាំង កង្វះជាតិដែក នៅតែ ជាក្តីបារម្ភ សម្រាប់កុមារ និងស្ត្រីក្នុង វ័យបន្តពូជ