អាជីវករ​លក់​មាស​ព្រួយបារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ពី​មាន​អំពើ​បាញ់​ប្លន់​ញឹកញាប់

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចេញ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​គ្មាន​ប្រណី​ដៃ​ផ្ទូ​ន​ៗ​ជា​បន្តបន្ទាប់​កក្រើក​ស្ទើរ​ទូ​ទាំង​ប្រទេស ក្រុម​អា​ជីករ​លក់​មាស និង​ដូរ​លុយ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបង​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​ខ្លួន ទាំង​ការ​ធ្វើ​ដំណើរ ទាំង​ការ​អង្គុយ​លក់ដូរ​នៅ​ក្នុង​ផ្សារ ជា​ពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្ទើរ​បាក់ស្បាត​នោះ គឺ​សកម្មភាព​ក្រុម​ចោរ​ដែល​ជិះ​ម៉ូតូ​ទាំង​ហ្វូង​តាម​ស្ទាក់​បាញ់​ប្លន់​អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ផ្សារណាត់​ដល់​មុខ​ផ្ទះ​ទាំង​ថ្ងៃ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​តែ​ម្ដង ។

អាជីវករ​លក់​មាស និង​ដូរ​លុយ​ស្ទើរ​គ្រប់​ទីផ្សារ​សំខាន់​ៗ​នៅ​ក្នុង​ក្រុង​បាត់ដំបង​មួយ​ចំនួន​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​«​កោះសន្តិភាព​»​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥​នេះ​សុទ្ធតែ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​បំផុត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ ក្រុម​អាជីវករ​បាន​និយាយ​ថា សកម្មភាព​«​ប្លន់​»​ជា​បន្តបន្ទាប់​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បារម្ភ​បំផុត​ពី​សុវត្ថិភាព ព្រោះ​សកម្មភាព​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​ទាំងនេះ​ហាក់​មិន​បន្ធូរ​ដៃ​ដល់​​ជន​រង​គ្រោះ​ឡើយ ជា​ពិសេស​សកម្មភាព​តាម​បាញ់​ប្លន់​អាជីវករ​លក់​មាស​ដល់​មុខ​ផ្ទះ​ទាំង​ថ្ងៃ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ខាងត្បូង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ប្រហែល​ជាង​២០០​ម៉ែត្រ​​តែ​ម្ដង ដែល​មើលទៅ​គួរ​ឲ្យ​ភ័យរន្ធត់​យ៉ាង​ខ្លាំង ។

អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ក្នុង​ផ្សារណាត់​ម្នាក់​បាន​និយាយ​ថា ក្រុម​អាជីវករ​ភាគច្រើន​ហាក់​មិនសូវ​ព្រួយបារម្ភ​ពេក​ទេ ដែល​អំពើ​ប្លន់​តែងតែ​កើត​នៅ​តាម​បណ្ដា​ស្រុក​ឆ្ងាយ​ៗ ប៉ុន្តែ​នៅ​ពេល​ឃើញ​ក្រុម​ចោរ​ទាំង​ហ្វូង​ជិះ​ម៉ូតូ​តាម​ស្ទាក់​បាញ់​ប្លន់​អា​ជីករ​លក់​មាស​ទាំង​ថ្ងៃ​ចំ​កណ្ដាល​ក្រុង​បែប​នេះ បាន​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​គេ​ភ័យ​តក់ស្លុត និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព ព្រោះ​វា​ជាក់ស្ដែង​ពេក ។ អាជីវករ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នោះ​​បាន​បញ្ជាក់​ថា ពេល​នេះ​អាជីវករ​លក់​មាស និង​ដូរ​លុយ ស្ទើរ​គ្រប់​ទីផ្សារ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ហាក់​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ទាំង​ពេល​កំពុង​លក់ដូរ​ក្នុង​ផ្សារ ទាំង​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព