ក្រោយ​ចុះ​ពិនិត្យ សិប្បកម្ម​ផលិត​ទឹក​សុទ្ធ នៅ​ភូមិ​សាមគ្គី​មានជ័យ មន្ត្រី​ចំរុះ​ថា ផលិតផល​ល្អ​!

ខេត្តបន្ទាយមានជ័យ: ក្រោយពី​សង្ស័យថា សិប្បកម្ម​ផលិត​ទឹក​ពិសារ​"V.P" អត់​ច្បាប់ ផលិត​គ្មាន​អនាម័យ គ្មាន​ស្តង់ដារ និង​បទដ្ឋាន​នោះ អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម​ម្នាក់ បាន​ដឹកនាំ​ក្រុម​ការងារ ចុះ​ពិនិត្យ​វាយតម្លៃ​ករណី​នោះ ដល់ទី​តាំងនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​
   
​មន្ត្រី​អោយដឹង​នៅ​ថ្ងៃទី​១៥​ធ្នូ ឆ្នាំ​២០១៥ ថា ពួកខ្លួន​បាន​ចុះ​ធ្វើ​ការងារ​នេះ បន្ទាប់ពី​សារព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ បាន​ថត និង​ចេញផ្សាយ​ថា ទឹក​ពិសា​ដប​ម៉ាក V.P បាន​បូម​ពី​ទឹកស្រះ​គ្មាន​អនាម័យ គ្មាន​ស្តង់ដារ មិន​គោរព​បទដ្ឋាន​។​

​លោក ញ៉ិល ប៊ុនធឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​អោយ​អនុប្រធាន​មន្ទីរ​ម្នាក់ នាំ​ក្រុមការងារ​ចំរុះ​មួយ រួមមាន ម​ន្រី្ត​ជំនាញ​ស្តង់ ការិយាល័យ​ឧស្សាហកម្ម មន្ត្រី​ជំនាញ​ក្រុង​ប៉ោយប៉ែត មេភូមិ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់ សមត្ថកិច្ច ព្រមទាំង​អ្នកយកព័ត៌មាន​មួយចំនួន ដែល​ធ្លាប់បាន​ចុះ​យក​ព័ត៌មាន​ផ្ទាល់ និង​ផ្សាយ​កន្លងមក​ផង​នោះ​។​
 
​ក្រោយ​ពិនិត្យ​មន្ត្រី និង​អ្នកពាក់ព័ន្ធ និយាយថា សិប្បកម្ម​ផលិត V.P នោះ ​ផលិត​ផល​បានល្អ ហើយ​យក​ទឹក​ក្រុមហ៊ុន​ទឹកស្អាត​វ៉​ត​ធើ​សាប់​ប្លាយ អាន​កូ​(ANCO Water Supply) មក​ផលិត ពុំមែន​ទឹកស្រះ​អត់​អនាម័យ ហើយ​សិប្បកម្ម ក៏មាន​ច្បាប់ មាន​បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​ដែរ​៕​