បុរសៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​នឹង​មាន​កើត​ជំងឺ​ផ្សេងទៀត​

បុរសៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​នឹង​មាន​កើត​ជំងឺ​ផ្សេងទៀត​

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ឱ្យដឹងថា ពួក​បុរសៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាចមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ផ្សេងៗ​ទៀត ជាអាទិ​គឺ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ហើយ​និង​ញៀន​សារធាតុ​ញៀន​ជាដើម​។​

​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Stanford University Medical School នៅ Palo Alto, California បាន​ស្រង់​យក​តួលេខ​របស់​បុរសៗ​ប្រមាណ​ជា​១០០,០០០​នាក់ ចេញ​ពី​ទិន្នន័យ​នៃ​ការទាមទារ​ការធានារ៉ាប់រង​នៅក្នុង​ចន្លោះ​ឆ្នាំ​២០០១​និង​២០០៩​។ បុរសៗ​ទាំងអស់នោះ​មាន​អាយុ​មធ្យម​៣៣​ឆ្នាំ​។ គេ​បាន​រកឃើញថា ពួក​បុរសៗ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាច​នឹង​កើត​ជំងឺ​បេះដូង​៤៨%​និង​ជំងឺ​ទឹកនោម​ផ្អែម​៣០% ច្រើន​ជាង​បុរស​ធម្មតា​។ ពួក​នោះ​ក៏​មាន​អត្រា​ប្រើប្រាស់​សុរា​និង​សារធាតុ​ញៀន​ខ្ពស់ ផងដែរ​។ ចំពោះ​អ្នក​ដែល​គេ​រកឃើញ​ថា​មិន​អាច​បង្ក​កំណើត​បាន​ខ្លាំងជាងគេ ពួក​នោះ​អាច​នឹង​មាន​បញ្ហា​តម្រងនោម ថែម​ទៀត​។​

លោក​វេជ្ជបណ្ឌិត Dr. Michael Eisenberg នាយក​ខាង​ផ្នែក male reproductive medicine and surgery  របស់ Stanford University Medical School ដែល​ជា​អ្នកដឹកនាំ​ធ្វើការ​សិក្សា បាន​និយាយថា​"​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា បុរសៗ​ទាំងអស់​នោះ​នៅ​ក្មេង និង​មើលទៅ​ឃើញ​មាន​សុខភាព​ល្អ​ទេ​។ របកគំហើញ​នៃ​ការសិក្សា​នេះ​បាន​ប្រាប់​ឱ្យដឹងថា ការ​ដែល​មិន​អាច​បង្ក​កំណើត​បាន​អាចជា​ផ្លូវ​បង្ហាញ​អំពី​ការ​កើត​ជំងឺ​ផ្សេងៗ​ទៀត​នៅពេល​ក្រោយ​"​។​

ការសិក្សា​នេះ​មិន​បាន​ស្រាវជ្រាវ​រក​ទំនាក់ទំនង​ផ្ទាល់​រវាង​ការ​មិន​អាច​បង្ក​កំណើត​បាន ជាមួយ​នឹង​ជំងឺ​ស្រួចស្រាវ​ទាំងនោះ​ទេ ក៏ប៉ុន្តែ​បាន​បកស្រាយ​ថា​ហេតុការណ៍​នេះ​អាច​បណ្តាលមកពី​កត្តា​អ័រម៉ូន​និង​កត្តាបរិស្ថាន​៖ ម្យ៉ាង​គឺ​កម្រិត​ទាប​នៃ​តេស្តូ​ស្តេ​រ៉ូន​អាច​ធ្វើឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ​ខ្ពស់ និង​ម្យ៉ាងទៀត​គឺ​បរិស្ថាន​មាន​គ្រោះថ្នាក់​នៅក្នុង​ពេល​អំប្រ៊ីយ៉ុង​លូតលាស់​អាច​ធ្វើឱ្យ​មាន​បញ្ហា​ក្នុង​ការបន្ត​ពូជ​និង​សុខភាព​ជា​ទូទៅ​នៅ​ពេល​ក្រោយ​។​

លោកស្រី​វេជ្ជបណ្ឌិត Dr. Christine Mullin នាយក​ផ្នែក​in vitro fertilization នៃ​មជ្ឈមណ្ឌល Center for Human Reproduction នៅ North Shore-LIJ Health System in Manhasset, N.Y.​ដែល​មិន​បាន​ចូលរួម​នៅ​ក្នុង​ការស្រាវជ្រាវ​នេះ​ទេ បាន​និយាយថា បើ​ទោះបីជា​គេ​មិន​បាន​ដឹង​ច្បាស់​ថា​ការ​មិន​អាច​បង្ក​កំណើត​បាន​និង​ជំងឺ​បេះដូង​ឬ​ទឹកនោមផ្អែម ណាមួយ​មាន​មុន​ណាមួយ​កើត​ក្រោយ ក៏​ប៉ុន្តែ​ការ​មិន​អាច​បង្ក​កំណើត​បាន​អាច​ជា​សញ្ញា​ដាស់តឿន​មួយ ថា​បុរស​នោះ​អាច​នឹង​មាន​សុខភាព​អន់​ខ្សោយ ដែល​គ្រូពេទ្យ​ត្រូវតែ​ចាប់អារម្មណ៍​ហើយ​។​

គេ​បាន​ចុះផ្សាយ​លទ្ធផល​នៃ​ការសិក្សា​នេះ​នៅក្នុង​ព្រឹត្តិប័ត្រ Fertility and Sterility លេខ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។