ប្រជាពលរដ្ឋ​ចោទ​ថា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល​បើកដៃ​ឲ្យ​មានការ​នេសាទ​ដោយ​ប្រើ​ឧ​បក​ណ៍​ខុសច្បាប់

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​លើក​ដែក ស្រុក​កោះធំ និង​ស្រុក​ស្អាង បាន​រិះគន់​ត្រង់​ៗ និង​ចោទប្រកាន់​លោក ឃ្លាំង វណ្ណ​ធុ​ល នាយ​ខណ្ឌ​ជលផល​ខេត្តកណ្តាល ថាបើ​កដៃ​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​តាម​ផ្ទៃ​បឹង ព្រែក ទន្លេ យ៉ាង​អនាធិបតេយ្យ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​តាម​ផ្ទៃ​បឹង ទន្លេ និង​ដៃ​ព្រែក ក្នុងស្រុក​ទាំង​៥​ខាងលើ ចាប់តាំងពី​រដូវ​ទឹក​ឡើង​រហូត​ដល់​រដូវ​ទឹកសម្រក​កើត​មាន​បទ​ល្មើស​ជលផល​គ្រប់​ប្រភេទ​ស្អេកស្កះ​ពាសពេញ​ផ្ទៃ​ទឹក មាន​ដូច​ជា ឆក់​ដុំ​ក្តៅ ត្រជាក់ តាម​បឹង ព្រែក ទន្លេមេគង្គ ទាំងថ្ងៃទាំងយប់ ដោយ​អ្នក​ប្រព្រឹត្ត​មាន​ទាំង​ខ្មែរ និង​ជនជាតិ​វៀតណាម ការ​ដាក់​ដាយ​កាត់​ព្រែក ប្រមូល​ផល​ត្រី​១​ថ្ងៃ​ៗ​រាប់​សិប​តោន ដោយ​សុទ្ធតែ​កុងត្រា​ជាមួយ​ភាគី​វៀតណាម​យក​ទូក​ធំ​ៗ​មក​ដេកចាំ​ដឹក​ត្រី​ទាំងនេះ​ចេញ​ទៅ​ក្រៅប្រទេស​ទាំង​យប់ ហើយ​មួយ​ចំនួន​ទៀត​ត្រី​ល្អិត​ៗ​តូច​ៗ​ទុក​លក់​ឲ្យ​ម៉ូយ​ក្នុងស្រុក​ដឹក​ទាំង​ឡាន​ៗ​យក​មក​ចែកចាយ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ ត្រី​រ៉ស់ ធ្វើ​ជា​ចំណី​ត្រី ។ មិនតែប៉ុណ្ណោះ​ក៏​នៅ​មាន​បទល្មើស​ដាក់​សម្រាស់ ឡុ​ក​ស្បៃ​មុង រាប់​គីឡូម៉ែត្រ​ដីទៀតផង ... ។​ល​។

ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កាត់​រំសាយ​ឡូត៍​នេសាទ​ចោល ដើម្បី​ទុក​ឲ្យ​រាស្ត្រ​រក​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​រដូវ​ទឹក​ស្រក​មន្ត្រី​ជំនាញ​ជលផល​បែរជា​លួច​ឃុបឃិត​គ្នា​យក​លេស​បង្កើត​តំបន់​អភិរក្ស​ការពារ​ពូជ​ត្រី និង​បង្កើត​សហគមន៍​ធ្វើ​ជា​ខែល​ដា​ក់ឡុក​ស្បែ​មុង ដាក់​ដាយ​កាត់​ព្រែក​តាំងពី​អតីត​ឡូត៍​នេសាទ​លេខ​៣-៤-៥-៦-៧-៨-៩-១០ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​លើក​ដែក គ្រាន់តែ​ប្រជា​កសិករ​ខ្មែរ​ទៅ​បង្កបង្កើន​ផល​យក​សំណាញ់ និង​មង​ទៅ​ដាក់​គ្រាន់​បាន​ត្រី​ធ្វើ​ម្ហូប​ក៏​ក្រុម​ឆ្មាំ​សហគមន៍​ទាំងនោះ​ដេញ​មិន​ឲ្យ​រក​ដែរ ។

ប្រជាពលរដ្ឋ​និយាយ​បន្ត​ទៀត​ថា ការ​បង្កើត​តំបន់​ការពារ​អភិរក្ស​នេះ​នៅ​ពេល​រដូវ​ទឹក​ពេញ​គឺ​ពួក​គេ​សហការ​គ្នា​ការពារ​បាន​ល្អ​ណាស់ តែ​ដល់រ​ដូវ​ទឹក​សម្រក ត្រី​ធ្លាក់​ចូល​មូល គឺ​ពួក​គេ​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​ជនជាតិ​វៀតណាម និង​ខ្មែរ ប្រើ​ឧបករណ៍​ឆក់​ពេល​យប់​ប្រមូល​យក​ត្រី​ដឹក​តាម​ទូក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​ពេល​អស់​ត្រី​ពី​តំបន់​អភិរក្ស​ទើប​ពួក​គេ​បើកដៃ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រក​ឲ្យ​តែ​បង់លុយ​ឲ្យ​ពួក​គេ (​ប៉ូលិស​, ប៉េ​អឹ​ម​, យោធា និង​ជលផល​) គឺ​ក្នុង​ទូក​១​គ្រឿង​ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល ហើយ​ដេញ​បង្អើល​ៗ​រួច​ធ្វើ​របាយការណ៍​ប្រាប់​ថ្នាក់លើ​ថា តំបន់​អភិរក្ស​ការពារ​ពូជ​ត្រី​ត្រូវ​បាន​ប្រជាពលរដ្ឋ​សម្រុក​រក​ត្រី​​ហ្មត់​អស់​ហើយ នៅ​សល់​តែ​ទឹក​ទទេ ។

ប្រជាពលរដ្ឋ​ថា ចំពោះ​ការ​បង្កើត​សហគមន៍​វិញ គឺ​ក្រុម​មន្ត្រី​ជំនាញ​៤-១០​នាក់​ដដែល​ៗ​ទេ ដោយ​ខ្លះ​ជា​អតីត​ថៅកែ​ឡូត៍​នេសាទ​ ដោយ​មិន​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ចេញពី​ប្រជាជន​ទេ សុទ្ធតែ​មន្ត្រី​ជលផល​ជា​អ្នក​រៀបចំ​ទាំងអស់ ហើយ​គ្រាន់តែ​ឧបករណ៍​ប្រមូល​ផល​ត្រី​សុទ្ធតែ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ ដែល​កន្លែង​ខ្លះ​មាន​អ្នកបច្ចេកទេស​វៀតណាម​រៀប​ឲ្យ​ទៀត​ផង ។ ពាក្យ​ថា​សហគមន៍​នេសាទ​ គឺ​ត្រូវ​មានការ​ដឹង​ឮ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន គោលបំណង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​១​ឆ្នាំ​ៗ​ប្រាក់​ចំណូល​ពី​ផល​នេសាទ​រាប់​ពាន់​ម៉ឺន​ដុល្លារ​ពួក​គេ​គិតតែ​ពី​ចែក​គ្នា​ដាក់​ចូល​ហោប៉ៅ​បុគ្គល មិនឃើញ​អភិវឌ្ឍន៍​អ្វី​ក្នុង​មូលដ្ឋាន​ឡើយ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា សូ​ម្បី​ពួក​គាត់​មាន​លុយ​ទៅ​ចែក​ទិញ​ត្រី​យក​មក​ធ្វើ​ប្រហុក​ក៏​សហគមន៍​ខ្លះ​មិន​ចង់​លក់​ឲ្យ​ដែរ ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នៅ​តាម​ដង​ទន្លេមេគង្គ​ចាប់ពី​ស្រុក​កៀនស្វាយ ស្រុ​កល្វាឯម ស្រុក​លើក​ដែក ទាំងថ្ងៃទាំងយប់​គឺ​មាន​សកម្មភាព​អូស​ដុំ​ត្រជាក់​ប្រើ​ទូក​យី​ខេ​ធំ​ៗ​សុទ្ធតែ​ម៉ាស៊ីន​ឡាន​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម គឺ​សុទ្ធតែ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​៧​ពាន់​ដុល្លារ​ទៅ​១​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ «​កោះសន្តិភាព​» មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ឃ្លាំង វណ្ណ​ធុ​ល នាយ​ខណ្ឌ​ជលផល​ខេត្តកណ្តាល​បាន​ទេ ប៉ុន្តែ​មន្ត្រី​តាម​សង្កាត់​ខ្លះ​បាន​ប្រាប់​ថា មិន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ការ​ចោទប្រកាន់​ទាំងនេះ​ទេ ៕