តុលាការ​ខ្មែរក្រហម ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ថ្មី​មួយរូប ដែល​មិន​ចេញ​ឈ្មោះ និង​មុខមាត់​

ភ្នំពេញ: "​នៅ​ឆ្នាំ​១៩៧៦ និង​ឆ្នាំ​១៩៧៧ ទាហាន​វៀតណាម ឬ​ជន​ស៊ីវិល​វៀតណាម ដែល​រត់​ឆ្លងកាត់​ទៅ​ប្រទេស​​ថៃ រួម​នឹង​ជនជាតិ​ថៃ ដែល​ខ្មែរក្រហម ចាប់បាន​ត្រូវបាន​បញ្ជូន​ទៅ​លើគោក សួរចម្លើយ និង​បន្ទាប់មក យកទៅ​សម្លាប់ ចោល​ទាំងអស់​។ ខ្មែរក្រហម បាន​បង្រៀន​កងទ័ពរ​បស់​ខ្លួន​ថា វៀតណាម ជាស​ត្រូវ​សួរ​ពូជ ដែល​ត្រូវ​កម្ទេចចោល​"​។ នេះ​គឺជា​ការលើកឡើង​របស់​សាក្សី​ថ្មី​មួយរូប​ទៀត នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង នៅ​អំឡុងពេល​ផ្តល់​សក្ខី​​កម្ម នៅ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​សវនាការ​លើ​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ផ្សេង​
​ទៀត ដែល​ប្រព្រឹត្ត​ទៅលើ​ជនជាតិ​វៀតណាម ក្នុង​របប​ខ្មែរក្រហម​។

​សាក្សី​រូបនេះ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​ សម្រេច​ប្រើ​រហស្សនាម​ជំនួស ដោយសារតែ​គាត់ ក៏​ជា​សាក្សី នៅក្នុង​សំណុំរឿង​ផ្សេងទៀត ដែល​កំពុង​ស្ថិត​នៅក្រោម​​ការស៊ើបអង្កេត​។
 
សាក្សី ដែលមាន​រហស្សនាម 2-TCW 1000 បាន​ថ្លែងថា លោក​បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​រណសិរ្ស​រួម​រួម​ជាតិ តាំងតែ​ពី​ខែកុម្ភៈ ឆ្នាំ​១៩៧២ នៅក្នុង​ខេត្តកំពត​។ ក្រោយ​ពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច សាក្សី​បាន​លើក​​ឡើង​ពីការ​ជម្លៀស​ប្រជាជន​ចេញពី​ទីប្រជុំ​ដើម្បី​ងាយស្រួល​ឱ្យ​យោធា​ចូល​គ្រប់គ្រង​។​

សាក្សី​បាន​ថ្លែងថា​ លោក​ត្រូវ​​បាន​បញ្ជូនទៅ​ឈរជើង​នៅលើ​កោះតាង​នៅ​ឆ្នាំ ១៩៧៥ បន្ទាប់មក​នៅ​ឆ្នាំ ១៩៧៦ បាន​ទៅ​ឈរជើង​នៅ​កោះ​ប៉ូ​លូ​វៃ  ហើយ​នៅ​ឆ្នាំ​១៩៧៧ អង្គការ​បាន​ចាត់តាំង​ឱ្យមក​កងជើង​ទឹក​នាវា​ប្រដេញ ដោយបាន​ឈរជើង​នៅ​ផែ​អូរ​ឈើទាល​។

​សាក្សី​ថ្លែងថា នៅ​អំឡុង​ពេលនោះ លោក មាស មុត ( ដែលជា​ជនសង្ស័យ​មួយរូប​ក្នុង​សំណុំរឿង ០០៣ ដែល​ប​ច្ចុ​ប្បន្ន ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដាក់​ឲ្យ​ក្រោម​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​មួយចំនួន​) ជា​ប្រធាន​កងពល​ប្រចាំការ​នៅ​ខេត្ត​កំពង់​សោម (​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​)​។ សាក្សី​បានឃើញ​សម្ភារៈប្រើប្រាស់ រួមមាន នាវា សព្វាវុធ គ្រាប់កាំភ្លើង តេ​អូ​ទំនាក់ទំនង និង​ម៉ា​ស៊ី​សា​តួលេខ គឺ​សុទ្ធតែជា​របស់​ចិន​ទាំងអស់​។​
 
សាក្សី​បាន​ថ្លែងថា លោក​បានឃើញ​ពី​ការសម្លាប់​មនុស្ស​នៅ​ចម្ការ​ក្រូច និង​ចម្ការ​ដូង នៅក្នុង​ខេត្ត​កំពង់សោម ហើយ​បាន​យក​សាកសព​ទាំងនោះ ទៅធ្វើ​ជី​តែម្តង​។ អ្នក​ដែល​ត្រូវគេ​សម្លាប់​យកទៅ​ធ្វើ​ជី​នោះ គឺ​ភាគច្រើន ជា​ជនជាតិ​វៀតណាម​។ ​ពួកគេ​ ត្រូវបាន​ទាហានជើងទឹក​ខ្មែរក្រហម ចាប់ខ្លួន នៅពេល​ពួកគេ​រំលោភ​ដែនទឹក​ខ្មែរ ឬ​ជនជាតិ​វៀត​ណា​ម​ខ្លះ​ ដែល​រត់​ភៀសខ្លួន ទៅ​ប្រទេស​ថៃ ឆ្លងកាត់​ដែនសមុទ្រ​កម្ពុជា​។

សាក្សី​ថ្លែងថា លោក​បានឃើញ​ការចាប់ខ្លួន​ក្រុមគ្រួសារ​ស៊ីវិល​វៀតណាម មាន​គ្នា​បីនាក់ ត្រូវបាន​ខ្មែរក្រហម​សម្លាប់​ដោយ​ដំបូង​សម្លាប់​ឪពុកម្តាយ​ដោយ​គល់​ឫស្សី និង​ត្បូងចប ហើយ​មាន​កូនតូច​អាយុ​ប្រហែល​មួយឆ្នាំ បាន​វា​មករក​ម្តាយ​របស់ខ្លួន ដែល​ស្លាប់ ពេល​ឃើញ​ដូច្នេះ ខ្មែរ​​ក្រហម បាន​ចាប់ជើង និង​បោក​ក្បាល​សម្លាប់​នឹង​គល់​ដូង​។

​លោក​បាន​ថ្លែងថា រាល់​សកម្មភាព​ទាំងនេះ គឺ​សុទ្ធ​តែមាន បញ្ជា​ពី​ថ្នាក់​បញ្ជាការ​កងពល​ម​ក​ដល់​ថ្នាក់ក្រោម​របស់ខ្លួន​។

សាក្សី​បាន​ថ្លែង​ថាបើ​មិនមាន​បញ្ជា​ពី​បញ្ជាការ​កងពល​​ទេ គឺ​ថ្នាក់ក្រោម​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ​។​
 
​សាក្សី​ថ្លែងថា ក្រុម​លោក ១២ នាក់​ដែលជា​អ្នក​អារឈើ​បាន​សរសេរ​ពាក្យស្លោក​ថា "​ទមិឡ​កុ​ម្មុយ​និ​ស្ត​" ​ត្រូវបាន​មេបញ្ជាការ​វរ​សេនា​តូច​កោះ​ហោះ​ទៅ​ជួប​។ អ្នក​ដែល​​ចូលរួម​​សរសេរ​ត្រូវបាន​ចាប់ខ្លួន ចំណែក​លោក​ដែល​មិនចេះ​អក្សរ ក៏ត្រូវ​បាន​គេ​ដក​សេចក្តីទុកចិត្ត​ដោយ​គិតថា ជា​ជនសង្ស័យ​គិញ​សម្ងាត់​របស់​វៀតណាម និង​បាន​
​បញ្ជូន​ទៅ​ធ្វើស្រែ​ចម្ការ​។

​សាក្សី​បាន​ថ្លែងថា ​លោក​បានដឹងថា ប្រជាពលរដ្ឋ​ថ្មី "១៧ មេសា​" នៅតាម​តំបន់​នានា នៅ​​ក្នុង​ខេត្ត​កំពង់សោម ត្រូវបាន​គេ​ចាប់ខ្លួន ដឹក​រថយន្ត​យកទៅ​សម្លាប់ចោល​។

​ក្រោយពី​បាន​កែប្រែ​ខ្លួន សាក្សី​រូបនេះ ត្រូវបាន​ខ្មែរក្រហម បញ្ជូនទៅ​ចូលក្នុង​អង្គភាព​វិញ និង​បញ្ជូនទៅ​ឈរជើង​នៅលើ​កោះ​វិញ​។  

សាក្សី​បាន​ថ្លែងថា លោក​បានទទួល​បញ្ជា​ពី​មេបញ្ជាការ​ថ្នាក់លើ ក្នុង​ការបាញ់​ពន្លិច​នាវា​ជាច្រើន​គ្រឿង មាន​ទាំង​នាវា​វៀតណាម និង​បី​គ្រឿង របស់​ជនជាតិ​ថៃ ហើយ​នៅលើ​នាវា​មួយ​មាន​ជនជាតិ​ថៃ ២០ នាក់ តែ​លោក​មិនបាន​ដឹង​ពី​វាសនា​របស់​ពួកគេ​ទេ​។

លោក​ថ្លែងថា ចំពោះ​ទូក​ជនជាតិ​វៀតណាម ដែលមាន​អាវុធ​ត្រូវបាន​ទទួលបញ្ជា​ឱ្យ​បាញ់​ពន្លិច​ចោល​តែម្តង ចំណែក​​ជន​ស៊ីវិល​ត្រូវ​ចាប់ខ្លួន និង​បញ្ជូនមក​លើគោក ឬ​ពេលខ្លះ មាន​ចំនួន​តិច គឺ​ត្រូវគេ​សម្លាប់ចោល​នៅលើ​កោះ​តែម្តង​។  

លោក​ថា នៅពេលដែល​បាន​ចាប់ខ្លួន​ទៅលើ​នេសាទ​ថៃ ឬ​វៀតណាម ដែល​រំលោភ​ចូល​ដែនទឹក​កម្ពុជា ត្រូវ​រាយការណ៍​ទៅកាន់​ថ្នាក់ដឹកនាំ​របស់ខ្លួន​។

​សាក្សី​ថា បើសិន​ជាមាន​ប្រជាជន​វៀតណាម នៅលើ​ទូក​គឺ​អង្គភាព​របស់លោក​ធ្លាប់បាន​​បញ្ជា​ឱ្យ​បញ្ជូនទៅ​ដីគោក ប៉ុន្តែ​លោក មិនដឹងថា គេ​បញ្ជូន​អ្នក​ទាំងនោះ​ទៅណា​នោះទេ​។​
           
​រហូតមកទល់​ថ្ងៃទី​១៦ ខែធ្នូ​នេះ អង្គជំនុំជម្រះ​សាលាដំបូង បាន​ដំណើរការ​សវនាការ​សួរដេញដោល​លើ​​អង្គហេតុ​ក្នុង​សំណុំរឿង ០០២/០២ បាន​ចំនួន ១២៥ ថ្ងៃ និង​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​ចំនួន ៥៤ រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣១ រូប និង​អ្នកជំនាញ​ចំនួន ១ រូប​។

អង្គជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​សវនាការ​លើ សំណុំរឿង ០០២/០២ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៦ ដោយ​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី 2-TCW 1000៕​