ការប្រើ​ប្តូរ​ពាក្យ​ហៅ​ឥស្សរជន​អ្នកនយោបាយ តាម​គោរមងារ មិន​សំខាន់​ទេ តែ​សំខាន់​វិជ្ជាជីវៈ​សារព័ត៌មាន​

ភ្នំពេញ: កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ លោក​ខៀវ​កាញារីទ្ធ បានចេញ​លិខិត​ជាថ្មី​ម្តងទៀត រម្លឹក​ឲ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ ត្រូវគោរព​គោរមងារ ដែល​ប្រោស​ប្រទាន ដោយ​ព្រះមហាក្សត្រ ជាពិសេស​គោរមងារ "​សម្តេច​"​។ លិខិត​ថ្មី​នេះ បានធ្វើ​ឡើង ក្រោយពី​លិខិត​របស់​ក្រសួង​ព័ត៌មាន ស្តីពី​ការគោរព​វិជ្ជាជីវៈ​សារព័ត៌មាន ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០០​។​

​កន្លងមក ស្ថាប័ន​អង្គភាព​ព័ត៌មាន ក្នុងស្រុក ពិសេស​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍ និង​វិទ្យុ​ស្ទើរតែ​ទាំងអស់ បាន​ហៅ​ឥស្សរជន​កំពូលៗ តាម​គោរមងារ ដែល​ព្រះមហាក្សត្រ បាន​ប្រោស​ប្រទាន គឺ "​ឯកឧត្តម​" ឬ "​លោកជំទាវ​" ចាប់ពី​ប្រធាន​នាយកដ្ឋាន រហូតដល់​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​។ ចំណែក​គោរមងារ ជា "​សម្តេច​" ត្រូវបាន​ប្រើ​សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ព្រះរាជវង្សានុវង្ស​។​

​ក៏ប៉ុន្តែ​មានតែ​ស្ថាប័ន​អង្គភាព​វិទ្យុ​ក្រៅ​ស្រុក និង​ក្នុងស្រុក​មួយចំនួន ដែល​គេ​ចាត់ទុកថា ឯករាជ្យ និង​វិទ្យុ​កាសែត​របស់​គណបក្សប្រឆាំង ព្រមទាំង​កាសែត ជា​ភាសាបរទេស​មួយចំនួន​ប៉ុណ្ណោះ ដែល​បាន​ប្រើពាក្យ​ថា "​លោក ឬ​លោកស្រី​" ដោយ​មិន​ហៅ​តាម​គោរមងារ​ថា "​ឯកឧត្តម​" "​លោកជំទាវ​" ឬ "​សម្តេច​" នោះទេ​។​

​ការមិន​ប្រើពាក្យ​តាម​គោរមងារ​ដូច្នេះ ដោយសារតែ​អង្គភាព​ព័ត៌មាន​ទាំងនោះ យល់ឃើញ​ខ្លួនឯង​ថា ជាការ​បញ្ជាក់​ពី​អត្តសញ្ញាណ​អង្គភាព​របស់ខ្លួន​។ ពោលគឺ​បង្ហាញ​ពី​ភាព​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប​របស់​រាជរដ្ឋាភិបាល​។ ចំណែក​ស្ថាប័ន​អង្គភាព​ព័ត៌មាន ដែល​ហៅ​តាម​គោរមងារ បានបង្ហាញ​ពី​ការគាំទ្រ​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល និង​គណបក្សកាន់អំណាច​។​

​សរុបមក ការប្រើ និង​ការមិន​ប្រើ​គោរមងារ លើ​ឥស្សរជន​អ្នកនយោបាយ ដែល​ព្រះមហាក្សត្រ ប្រទាន បានបង្ហាញ​ពី​អត្តសញ្ញាណ​របស់​ស្ថាប័ន​អង្គភាព​សារព័ត៌មាន នៅ​កម្ពុជា​។ អង្គភាព​សារព័ត៌មាន នៅ​កម្ពុជា មាន​បី​ប្រភេទ គឺ​គាំទ្រ ប្រឆាំង និង​ឯករាជ្យ​។​

​ដូច្នេះ ការប្តូរ​ពាក្យ "​លោក​" មកជា "​សម្តេច​" គ្រាន់តែ​ជា​ពាក្យថ្មី​។ តែ​បើសិនជា​ស្ថាប័ន​អង្គភាព​សារព័ត៌មាន​នោះ នៅ​រក្សា​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន ក្រឹត្យ​ក្រមសីលធម៌ ពិសេស​មនសិការ យុត្តិធម៌ តម្លាភាព និង​ភាពត្រឹមត្រូវ ក្នុង​ការងារ​កាសែត នោះ​អង្គភាព​ស្ថាប័ន​សារព័ត៌មាន ដែល​អះអាងថា ឯករាជ្យ​ទាំងនោះ នៅតែ​រក្សាបាន​អត្តសញ្ញាណ​របស់ខ្លួន​ដដែល ជា​ដដែល​៕​