កូរ៉េខាងជើង​ដាក់ទោស​អាចារ្យ​គ្រិស្ដសាសនា​កាណាដា​ម្នាក់​ជាប់គុក​អស់​មួយជីវិត​

​អាចារ្យ​គ្រិស្តសាសនា​ជនជាតិ​កាណាដា​ម្នា្ក​ក់​ត្រូវបាន​តុលាការ​កំពូល​កូរ៉េខាងជើង​ដាក់ទោស​ជាប់គុក​អស់​មួយជីវិត​ពីបទ​វិទ្ធង្សនា​លើ​របប​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន Xinhua​។

​លោក Hyeon Soo Lim ជា​ជនជាតិ​កាណាដា មាន​ដើមកំណើត​កូរ៉េខាងត្បូង​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​សម្រេច​ផ្ដន្ទាទោស​ជាប់គុក​អស់​មួយជីវិត​ក្រោម​បទ​ចោទ​ប៉ុនប៉ង​ផ្ដួលរំលំ​របប​កុំ​មុយ​នី​ស​កូរ៉េខាងជើង​។ លោក Lee គឺជា​អាចារ្យ​ម្នាក់​មកពី​ទីក្រុង Toronto ហើយ​ត្រូវបាន​ចាប់ខ្លួន​ដោយ​កូរ៉េខាងជើង​កាលពី​ខែកុម្ភៈ​កន្លងទៅ​។ លោក​បាន​លេចមុខ​តាម​សារព័ត៌មាន​កូរ៉េខាងជើង​កាលពីដើម​ឆ្នាំ និង​បាន​សារភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​រដ្ឋ​កុំ​មុយ​នី​ស​នេះ​។​

​សារព័ត៌មាន Xinhua ផ្សាយ​ទៀតថា លោក Lim ត្រូវបាន​តុលាការ​កូរ៉េខាងជើង​ចោទថា​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​កូរ៉េខាងជើង និង​បានធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​សង្គម​តាមរយៈ​សកម្មភាព​សាសនា​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​។ ម្យ៉ាងវិញទៀត តុលាការ​កូរ៉េខាងជើង​បាន​ចោទប្រកាន់​ទៀតថា លោក Lim បាន​ប្រឌិត​ការឃោសនា​ប្រឆាំង​កូរ៉េខាងជើង ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ទុច្ចរិត​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​។

​លើសពីនេះទៅទៀត តុលាការ​កូរ៉េខាងជើង​បានបញ្ជាក់​ទៀតថា ជនជាប់ចោទ​បាន​សារភាព​ជួយ​ដល់​អ្នករត់​ចោលស្រុក​ចេញពី​កូរ៉េខាងជើង ហើយ​ថា​លោក Lim បាន​ជួប​ជាមួយ​ទូត​អាមេរិក​ប្រចាំ​ម៉ុង​ហ្គោ​លី សម្រាប់​រៀបចំ​ផែនការ​ជួយ​អ្នករត់​ចោលស្រុក​ទាំងនោះ​។

​សូម​រម្លឹក​ដែរ​ថា លោក Hyeon Soo Lim ជា​ជនបរទេស​មកពី​លោកខាងលិច​តែមួយគត់​ដែល​កំពុង​ឃុំខ្លួន​ដោយ​កូរ៉េខាងជើង​។ តែ​កន្លងមក កូរ៉េខាងជើង​ធ្លាប់​ឃុំខ្លួន​និង​ដាក់ទោស​ជនបរទេស​ជា​ហូរហែ​ផងដែរ​។ ជាក់ស្ដែង កាលពី​ខែមិថុនា តុលាការ​កំពូល​កូរ៉េខាងជើង​បាន​កាត់ទោស​បុរស​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់​ឲ្យ​ជាប់គុក​អស់​មួយជីវិត​ដោយ​ចោទប្រកាន់ថា​ធ្វើ​ចារកម្ម​ក្នុង​កូរ៉េខាងជើង​។ តែ​កាលពី​ឆ្នាំមុន កូរ៉េខាងជើង​បាន​ដោះលែង​ជនជាតិ​អាមេរិក​បីនាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​រក្សាទុក​គម្ពី​រ​Bible​។

​គេ​តែង​សង្កេតឃើញថា រយៈពេល​កន្លងមក របប​កុំ​មុយ​នី​ស​កូរ៉េខាងជើង បាន​បង្ក្រាប​សកម្មភាព​ផ្សព្វផ្សាយ​សាសនា​ចូលមក​ទឹកដី​របស់ខ្លួន តាមរយៈ​ព្រំដែន​ជាមួយ​ចិន​។ ហើយ​ក្រុម​សាសនា​តែង​ត្រូវបាន​ចោទប្រកាន់ថា ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​និង​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​របប​នេះ​ទៀតផង​។​