កុងតឺន័រ​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់​នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​ហើយ​កិន​ចំ​ចង្កេះ​កាលពី​វេលា​ម៉ោង​១៣ និង​១០​នាទី ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​មិត្តភាព ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។

ជន​រង​គ្រោះ​មានឈ្មោះ ង៉ែត ម៉ក់ អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ រីឯ​អ្នក​បើកបរ​រថយន្ត​កុង​តឹ​ន័​រ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ​ភ្លាម​ៗ​ ។

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៣ និង​១០​នាទី ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​តេ​លា ផ្លូវ​មិត្តភាព ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​១​គ្រឿង ម៉ាក FREIGHT LINEF ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1400 លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​បុក​ចំ​ពី​ខាងក្រោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ 1B-1957 បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ ។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​រួម​មាន រថយន្ត និង​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕