ស្ថានទូត​កូរ៉េ រៀបចំ​ព្រឹត្តិការណ៍ “Korea Day for Cambodian Friends” សម្រាប់​កម្មករ​កម្មការិនី​កម្ពុជា ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​កូរ៉េ នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ: ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍ “Korea Day for Cambodian Friends” សម្រាប់​កម្មករ កម្មការិនី​កម្ពុជា​ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​កូរ៉េ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៨​ព្រឹក​តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ស្តា​ត​បាល់បោះ និង​ស្តា​ត​បាល់ទាត់ (National Olympic Stadium, Basketball Court and Football Stadium)​។

​សេចក្តីជូនដំណឹង​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា កម្មវិធី Korea Day for Cambodian Friends បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ដល់ក​ម្មករ កម្មការិនី​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា បាន​ស្វែងយល់​បន្ថែម ឲ្យ​កាន់តែច្បាស់​និង​ស៊ី​ជំរៅ​អំពី​កូរ៉េ​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ហើយ​ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុន​ដែរ មាន​កម្មករ​កម្ពុជា​ប្រមាណ ១.២០០​នាក់ (៨ ក្រុមហ៊ុន​) បាន​ចុះឈ្មោះ​ចូលរួម​លេង​កម្សាន្ត​។ ពួកគេ​នឹងត្រូវ​បែង​ចែកជា ៨​ក្រុម​ធំៗ ទៅតាម​ក្រុមហ៊ុន ដើម្បី​លេងល្បែង​អត្តពលកម្ម​នានា​ដូចជា ទាញព្រ័ត្រ​, រត់​បណ្តាក់​, បាល់ទះ​, វាយ​បាល់​ឡុង ។​ល​។

​ក្រៅពីនេះ អ្នកចូលរួម​ទាំងអស់​ក៏​អាច​រីករាយ​កម្សាន្ត​ជាមួយ​កម្មវិធី Korea Fun Fun ដែល​ស្ថានទូត​បានរៀបចំ​ឡើង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ផងដែរ​។ នៅក្នុង​កម្មវិធី Korea Fun Fun មានកម្ម​វិធី​តូចៗ​ជាច្រើន​ទៀត​ដូចជា សួរ​សំណួរ​អំពី​កូរ៉េ​, ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​កូរ៉េ ហាន់​បុក​, រីករាយ​ជាមួយ​រូបភាព​សិល្បៈ​កូរ៉េ​, ភ្លក្ស​ម្ហូប​កូរ៉េ ។​ល​។

​នៅក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍ (Opening Ceremony) ខាងលើ នៅ​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ម៉ោង ៨​ព្រឹក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ស្តា​ត​បាល់បោះ និង​ស្តា​ត​បាល់ទាត់​ខាងមុខនេះ នឹងមាន​វត្តមាន​រប​ស់លោក គីម វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​, លោក អ៊ំ មាន រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ផាក ចង់​គឺ​ន ប្រធាន​សមាគមន៍​វាយ​ន​ភណ្ឌ​កូរ៉េ (Korean Garment Manufacturers Associations in Cambodia) ចូលរួម​ជា​ភ្ញៀវកិត្តិយស​។​

​ស្ថានទូត​សង្ឃឹមថា តាមរយៈ​ព្រឹត្តិការណ៍​ខាងលើ កម្មករ កម្មការិនី​កម្ពុជា​ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​កូរ៉េ​ជាច្រើន នឹង​យល់ដឹង​អំពី​កូរ៉េ​បាន​ច្បាស់ និង​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយគ្នា​បន្ថែមទៀត​។ ហើយក៏​សង្ឃឹមថា ចំណងមិត្តភាព​ដែល​ផ្តើមចេញពី​ពួកគេ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា កាន់តែ​រឹងមាំ​ឡើង​ថែមទៀត​។

​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ដែល​រៀបចំ​ដោយ​ស្ថានទូត ក្នុង​រយៈពេល​មួយឆ្នាំ​នេះ (២០១៥) កម្មវិធី​ដែល​សំខាន់ និង​មាន​អត្ថន័យ​ជាងគេ​គឺ កម្មវិធី “Korea Day for Cambodian Friends” ដូច្នេះ យើងខ្ញុំ​សង្ឃឹមថា​កម្មវិធី​នេះ នឹង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នកសារព័ត៌មាន​៕
​    ​