CCHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​នូវ​ច្បាប់​ប្រឆាំង​ការរើសអើង​យេនឌ័រ​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃទី​១៦​ខែធ្នូ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជាបន្ទាន់ និង​ដាក់ចេញ​នូវ​ច្បាប់​ប្រឆាំងនឹង​ការរើសអើង​យេនឌ័រ ។ ការជំរុញ​នេះ បាន​ធ្វើឡើង​នៅពេលដែល​CCHR ដាក់​សម្ពោធ​នូវ​របាយ​ការណ៍​ស្រាវជ្រាវ​មួយ មាន​ចំណងជើង​ថា​៖«​ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា​» នៅ​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។​

​របាយការណ៍​នេះ​ត្រូវបាន​រៀបចំឡើង ក្រោយពី​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដ៏​ធំ​មួយ ពាក់ព័ន្ធ នឹង​អ្វីដែល​គេ​ដឹង ពីបទ​ពិសោធន៍​របស់​សិស្ស​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​របស់​CCHR ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​CCHR  របាយការណ៍​នេះ គឺជា​លទ្ធផល​ស្រាវជ្រាវ​នៅ​ទូទាំងប្រទេស ពី​ការ​សម្លុត​ដែល​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​២​ភេទ និង​អ្នក​ប្តូរ​ភេទ ជួបប្រទះ​ក្នុងពេលដែល​ពួកគេ​សិក្សា​នៅតាម​សាលារៀន និង​ផលប៉ះពាល់​រយៈពេល​វែង​នៃ​ការ​សម្លុត​បែបនេះ​។

​របាយការណ៍​ស្រាវជ្រាវ​នោះ បង្ហាញថា​មាន​ឥរិយាបថ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នក​ប្តូរ​ភេទ​កើតមាន​ជាទូទៅ​នៅតាម​គ្រឹះស្ថាន​អប់រំ​ទូទាំង​សកលលោក ហើយ​អាកប្បកិរិយា​បែបនេះ ក៏​កើន​មាន​ជាទូទៅ​នៅតាម​សាលារៀន​របស់​កម្ពុជា​ផងដែរ​។

«​ក្នុងចំណោម​អ្នកចូលរួម​ការអង្កេត​ចំនួន​២៥៤​នាក់ ដែលជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​៩៣.៥៩​ភាគរយ បាន​អះអាងថា​ធ្លាប់​រង​ការ​សម្លុត​ដោយសារតែ​អត្តសញ្ញាណ​យេនឌ័រ ឬ​ការបង្ហាញ​ទំនោរ​យេនឌ័រ​របស់ខ្លួន ១៦.៦៧​ភាគរយ រាយការណ៍​ថា​រង​ការគំរាមកំហែង​ពី​សំណាក់​គ្រូ​របស់ខ្លួន​។ CCHR ចាត់ទុកថា​តួលេខ​នេះ គឺ​គួរ​ឲ្យ​ព្រួយបារម្ភ​»​។ នេះ​គឺជា​លទ្ធផល​ដែល​បានបង្ហាញ​នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​នេះ​។

​របាយការណ៍​នេះ បង្ហាញ​ទៀតថា ផលប៉ះពាល់​ដោយសារ​ការ​សម្លុត ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាចមាន​សភាព​ធ្ងន់ធ្ងរ​។ ការស្រាវជ្រាវ​បាន​រកឃើញថា ១២.៨២​ភាគរយ នៃ​អ្នកចូលរួម​អង្កេត មិនបាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នោះទេ និង​ជាច្រើន​នាក់​បាន​រាយការណ៍​ថា មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​កើតឡើង​នៅពេល​ក្រោយ​ក្នុង​ជីវិត​ដោយសារតែ​ការ​សម្លុត​។

CCHR សង្ឃឹមថា​ការចេញផ្សាយ​នូវ​របាយការណ៍​នេះ នឹង​ជំរុញ​ឲ្យ​មានការ​ស្រាវជ្រាវ​បន្ថែមទៀត លើ​បទពិសោធន៍​របស់​យុវជន​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា និង​ជាការ​រំលឹក​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ថា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា តែង​ជួបប្រទះ​នឹង​ការរើសអើង ដោយសារតែ​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​/​ការបង្ហាញ​ទំនោរ​យេនឌ័រ​របស់​ពួកគេ​។ CCHR ក៏​សង្ឃឹម​ដែរ​ថា​របាយការណ៍​នេះ នឹងធ្វើ​ឲ្យ​គ្រឹះស្ថាន​អប់រំ​នានា​នៅ​កម្ពុជា ចាប់ផ្តើម​ដើរតួនាទី​ឈានមុខ​គេ​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌​នៃ​ការទទួលយក និង​ការ​អន់ឱន​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅតាម​គ្រឹះស្ថានសិក្សា និង​មជ្ឈដ្ឋាន​ខាងក្រៅ​៕