វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥

ខេត្តសៀមរាប ៖ នៅ​បរិវេណ​វត្តស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មាន​ប្រារព្ធ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ក្រោម​អធិបតីភាព​លោក កៅ សោ​ភណ្ឌ ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត និង​លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អាជ្ញាធរ​អប្សរា តំណាង​អង្គការ​សង្គម​ស៊ី​វិល មាតាបិតា​សិស្ស សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ពួក ស្រុក​ស្រីស្នំ និង ស្រុក​ក្រឡាញ់ ប្រមាណ​ជាង​៨០០​នាក់ ។

វេទិកា​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​មក​ពី​ក្រុង ស្រុក​ទាំង​បី បាន​ស្វែង​យល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការ​អភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហា​ប្រឈម​ដែល​កើត​មាន​កន្លង​មក ហើយ​វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​ក្នុង​ការ​បញ្ចេញ​មតិយោបល់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​កង្វល់ សំណូមពរ តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

មាន​ប្រសាសន៍​បើក​អង្គ​វេទិកា​នោះ​ដែរ លោក កៅ សោ​ភណ្ឌ ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត ដោយ​បាន​គូសបញ្ជាក់​នូវ​គោលបំណង​សំខាន់​ៗ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​អំពី​សមិទ្ធផល​ដែល​ក្រុមប្រឹក្សា​សម្រេច​បាន​កន្លង​មក បញ្ហា​ប្រឈម និង អំពី​បញ្ហា​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមប្រឹក្សា​សម្រាប់​ឆ្នាំ​បន្ទាប់ និង ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​យោបល់ ការ​ពិភាក្សា​លើ​ខ្លឹមសារ និង​របាយការណ៍ ព្រមទាំង​ទទួលយក​នូវ​អនុសាសន៍ សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ ពិភាក្សា ដោះស្រាយ និង ជម្រុញ​ឲ្យ​មានការ​ចូលរួម និង បង្កើន​ភាព​សិ្ន​ទ្ធ​ស្នាល​រវាង​អ្នក​ផ្តល់​សេវា​សាធារណៈ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

បន្ទាប់​មក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ធ្វើការ​អាន​នូវ​បទបញ្ជាផ្ទៃក្នុង និង បង្ហាញ​ពី​តួនាទី ភារកិច្ច សិទ្ធិ​អំណាច​របស់​ក្រុមប្រឹក្សា និង ទិដ្ឋភាព​រួម នៃ​ការ​អភិវឌ្ឍន៍​នៅ​ដែន​សមត្ថកិច្ច​ឆ្នាំ​២០១៥ និង ការ​បង្ហាញ​របស់​លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ស្តី​ពី​សម​ទ្ធិ​ផល និង បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ​២០១៥ ។

ក្នុង​សំណួរ​សំណូមពរ និង ចម្លើយ ដែល​សមាជិក​អង្គ​វេទិកា​បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់​នៅតាម​មូលដ្ឋាន ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​សុំ​ឲ្យ​ឃុំ​ធ្វើ​ស្វ័យភាព​មូលដ្ឋាន បញ្ហា​បង្គន់​អនាម័យ ទឹក​ស្អាត និង សុំ​ឲ្យ​ទប់ស្កាត់​នូវ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម និង ការ​សុំ​ស្តារ​ត្រពាំង​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប រួម​ទាំង​បញ្ហា​បរិស្ថាន និង គ្រឿងញៀន ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី បញ្ហា​ផ្សារ​កំពង់​ថ្កូវ ការ​ឲ្យ​គ្រូ​ជាប់កិច្ចសន្យា​បង់ប្រាក់ និង ទំនាស់​ដី​ធី ។ ក្នុង​នោះ​ក៏​មាន​លើក​នូវ​សំណួរ និង​សំណូមពរ​របស់​សមាជិក​អង្គ​វេទិកា​ដែល​បាន​សរសេរ​ដាក់​ប្រអប់ មាន​៤០​សំណួរ និង សំណូមពរ​ពី​ការងារ​សេដ្ឋកិច្ច​, សង្គមកិច្ច​, ការងារ​ដីធ្លី និង បរិស្ថាន ព្រមទាំង រដ្ឋបាល សន្តិសុខ ។

បន្ទាប់​ពី​ការ​បកស្រាយ​បំភ្លឺ​របស់​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ទៅ​នឹង​រាល់​សំណួរ​ដែល​អង្គ​វេទិកា​លើក​ឡើង​ទាំង​១៣​សំណួរ​រួច​មក មាន​មតិ​បូក​សរុប និង​បិទ​អង្គ​វេទិកា​នេះ លោក កៅ សោ​ភណ្ឌ ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឲ្យ​យើង​បាន​យល់​កាន់តែ​ច្បាស់​​រាល់​ការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​ខេត្ត ស្រុក និង ដឹង​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

អង្គ​វេទិកា​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ ជា​សញ្ញា​វិជ្ជមាន​ថ្មី​បន្ថែម​ទៀត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ ពិភាក្សា ដើម្បី​ពិនិត្យ ពិចារណា និង ធ្វើការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​សមិទ្ធផល​ដែល​សម្រេច​បាន និង បញ្ហា​ប្រឈម ក្នុង​ឆ្នាំ​២០១៥ និង គម្រោង​សកម្មភាព​ជា​អាទិភាព​សម្រាប់​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត ។

លោក កៅ សោ​ភណ្ឌ ក៏​បាន​គូសបញ្ជាក់​ថា នេះ​ជា​កម្លាំង​ច​លករ​ជម្រុញ​ឲ្យ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​កាន់តែ​មាន​ល្បឿន​ទៅ​មុខ​ឥត​ឈប់​ឈរ ហើយ​ក៏​ជា​កាយវិការ​ដ៏​ប្រពៃ​សំដៅ​ធ្វើ​ឲ្យ​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ចាក់​ឬ​ស​យ៉ាង​ជ្រៅ​នៅ​តាម​សហគមន៍​មូល​ដ្ឋាន​របស់​យើង ។ ព្រឹត្តិការណ៍​នា​ថ្ងៃនេះ​វា​ក៏​ជា​យន្តការ​មួយ​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ និង អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន ។

អង្គ​វេទិកា​ក៏​សូម​រក្សា​សិទ្ធិ​រក្សា​ទុក​សំណួរ និង កង្វល់ ដែល​អង្គ​វេទិកា​នា​ពេល​នេះ​ពុំ​ទាន់​អាច​បកស្រាយ​បំភ្លឺ​បាន ក្រុមប្រឹក្សា​ខេត្ត​នឹង​យក​សំណួរ និង កង្វល់​ទាំងនេះ​ទៅ​ពិនិត្យ ពិភាក្សា​ក្នុង​ក្រប​ខណ្ឌ​ក្រុមប្រឹក្សា​ខេត្ត ហើយនឹង​ធ្វើការ​ឆ្លើយ​តប និង ជម្រាប​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដល់​ម្ចាស់​សំណួរ បងប្អូន​ប្រជាពលរដ្ឋ តាម​កាល​វេលា​សមគួរ តាម​រយៈ មេឃុំ ក្រុមប្រឹក្សា​ឃុំ តាម​មូលដ្ឋាន​ដែល​បងប្អូន​រស់នៅ​សព្វថ្ងៃ ៕