ការចែករំលែក​បទពិសោធ​ន៍​ពី​សំណាក់​ប្រតិបត្តិ​ករ គឺជា​វិធីសាស្ត្រ​ពង្រឹង​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​

ព្រះសីហនុ: នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៥ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដោយមាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA) បានរៀបចំ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​នៃ​ការអនុវត្ត​គម្រោង​ដែល​ទទួល​មូលនិធិ​ពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​តាម​វិស័យ​។​

​សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់ លោក ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដោយមាន​ការចូលរួម​ពី​ក្រុមបច្ចេកទេស​ការងារ​ប្រែប្រួល​អាកាសធាតុ​មកពី​អន្តរក្រសួង ប្រតិបត្តិ​ករ​តំណាង​ក្រសួង​ចំនួន​៨​ដែល​ទទួល​មូលនិធិ​ពី​កម្មវិធី CCCA ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​លទ្ធិប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​៣ ធនាគារអភិវឌ្ឍន៍អាស៊ី និង​អង្គការ GIZ សរុប​ប្រមាណ ៦០​រូប​។​

​គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​ពី​បណ្តា​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​អនុវត្ត​គម្រោង​ប្រែប្រួល​អាកាសធាតុ​នៅ​ដំណាក់កាល​បឋម​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា និង​ផែនការ​សកម្មភាព​ប្រែប្រួល​អាកាសធាតុ ដោយ​ផ្តោតលើ​ការផ្តល់​មតិយោបល់​នៃ​ការអនុវត្ត​មូលនិធិ​ជំនួយឥតសំណង​របស់​កម្មវិធី CCCA​។ សិក្ខាសាលា​នេះ ក៏បាន​ផ្តល់ឱកាស​ក្នុងការ​ពង្រឹង​បណ្តាញ​ការងារ និង​ចែករំលែក​ព័ត៌មាន ដើម្បី​ធានា​នូវ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​បច្ចុប្បន្នភាព​កិច្ចប្រឹងប្រែង​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ចំណេះដឹង​ប្រែប្រួល​អាកាសធាតុ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​សង្កត់ធ្ងន់ថា “​ការ​ចងក្រង​បទពិសោធន៍​នានា​ដែល​ទទួលបាន​ពី​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រែប្រួល​អាកាសធាតុ និង​គម្រោង​ប្រែប្រួល​អាកាសធាតុ​ផ្សេងៗ គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់ ដើម្បី​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ចំណេះដឹង និង​ព័ត៌មាន​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​”​។​

​លោក ក៏បាន​សង្ខេប​អំពី​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្និសីទ​លើក​ទី​២១​នៅ​ទីក្រុង​ប៉ារីស ដែល​ទើបបាន​បញ្ចប់ និង​ឯកភាព​ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ការបន្ត​កៀរគរ​ថវិកា​ពី​ប្រទេស​អភិវឌ្ឍន៍​នូវ​កិច្ចព្រមព្រៀង​ថ្មី​ប្រមាណ ១០០​ពាន់​លាន​អាមេរិក រហូតដល់​ឆ្នាំ​២០២៥ និង​ការពង្រឹង​សមត្ថភាព​ស​ម្រា​ប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំ​ភាគច្រើន​តាមរយៈ​ការពិភាក្សា ដោយ​វគ្គ​ដំបូង​ផ្តោតលើ​មេរៀន​ដែល​ទទួលបាន និង​បញ្ហា​ប្រឈម​ដំបូង​នៃ​ការអនុវត្ត​គម្រោង​ជំនួយឥតសំណង និង CCAPs; ការធ្វើសមាហរណកម្ម​ការងារ​បន្ស៊ាំ និង​កាត់បន្ថយ​ទៅក្នុង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់ និង​ការលើកកម្ពស់​ការយល់​ដឹង និង​ចែករំលែក​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ការពិភាក្សា​ពេញអង្គ ក៏បាន​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នានា និង​របៀប​នៃ​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ចំណេះដឹង​ពី​អ្នកអនុវត្ត​គម្រោង​ជំនួយឥតសំណង​។​

​សកម្មភាព​មួយចំនួន ដែល​ត្រូវ​តាមដាន​បន្ត​រួមមាន​៖ ១)​ការប្រែប្រួល​អាកាសធាតុ ត្រូវ​បញ្ចូល​ទៅក្នុង​ការកសាង​ផែនការ និង​នីតិវិធី​ថវិកា​ថ្នាក់ក្រោម​ជាតិ និង​ចងក្រង​បទពិសោធន៍​ដែល​ទទួលបាន​ពី​គម្រោង​ថ្នាក់មូលដ្ឋាន​ដែល​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ២)​វិសាលភាព​នៃ​ការកែលម្អ​ប្រព័ន្ធគ្រប់គ្រង​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ រួមទាំង​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ព័ត៌មាន​មូលដ្ឋាន​ស្តីពី​ផលប៉ះពាល់ ភាព​ងាយ​រង​ក្នុងប្រទេស​កម្ពុជា និង​ប្រសិទ្ធិភាព​នៃ​ការចែករំលែក​ទិន្នន័យ​ដែល​អាច​រកបាន​ក្នុងចំណោម​ក្រសួង និង​ភាគី​មិនមែនជា​រដ្ឋាភិបាល​។ ការប្រមូលផ្តុំ ការ​ស្តុក និង​ការចែករំលែក​ទិន្នន័យ​ធាតុអាកាស ក៍​ជា​អាទិភាព​សំខាន់​ផងដែរ​៕​

ការចែករំលែក​បទពិសោធ​ន៍​ពី​សំណាក់​ប្រតិបត្តិ​ករ គឺជា​វិធីសាស្ត្រ​ពង្រឹង​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​

ការចែករំលែក​បទពិសោធ​ន៍​ពី​សំណាក់​ប្រតិបត្តិ​ករ គឺជា​វិធីសាស្ត្រ​ពង្រឹង​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​

ការចែករំលែក​បទពិសោធ​ន៍​ពី​សំណាក់​ប្រតិបត្តិ​ករ គឺជា​វិធីសាស្ត្រ​ពង្រឹង​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​

ការចែករំលែក​បទពិសោធ​ន៍​ពី​សំណាក់​ប្រតិបត្តិ​ករ គឺជា​វិធីសាស្ត្រ​ពង្រឹង​ចំណេះដឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​