សាលា Harvard ៖ អ្នកនយោបាយ​ជាប់ឆ្នោត​រស់​មិនយូរ​ដូច​អ្នក​ចាញ់ឆ្នោត​

​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​អ្នកស្រាវជ្រាវ​សាលា Harvard បាន​បង្ហាញថា អ្នកនយោបាយ​ដែល​ចាញ់ឆ្នោត​អាច​រស់​បានយូរ​ជាង​អ្នកឈ្នះឆ្នោត​។​អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​សន្និដ្ឋាន​បែបនេះ ក្រោយ​សិក្សា​និង​ប្រៀបធៀប​អាយុ​រំពឹង​រស់​របស់​អ្នកនយោបាយ ដែល​ចាញ់ និង​ឈ្នះឆ្នោត​រាប់​ចាប់តាំងពី​ឆ្នាំ ១៧៧២​មក​។ គេ​ឈានដល់​សន្និដ្ឋាន​ដែរ​ថា រឿងហេតុ​បែបនេះ​ក៏​កើតឡើង​នៅក្នុង​សង្គម​ផ្សេងទៀត​ដែរ​។  

សូមស្ដាប់ព័ត៌មានលម្អិត៖

​របាយការណ៍​សិក្សា​រប​ស់​អ្នកស្រាវជ្រាវ​អាមេរិក​មួយ​បាន​សន្និដ្ឋានថា អ្នកនយោបាយ​ដែល​ចាញ់ឆ្នោត​ភាគច្រើន​អាច​រស់​បានយូរ​ជាង​អ្នកនយោបាយ​ដែល​ឈ្នះឆ្នោត​។  របាយការណ៍​នេះ​ចងក្រង​ឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard លោក Anupam Jena និង អ្នកស្រាវជ្រាវ​នៃ​សកលវិទ្យា​ល័យ Case Western Reserve លោក Matthew Abola ។ អ្នក​ទាំងពីរ​ឈានដល់​ការសន្និដ្ឋាន​បែបនេះ បន្ទាប់ពី​ប្រៀបធៀប​អាយុ​រំពឹង​រស់​របស់​ប្រធានាធិបតី ជាមួយ​បណ្តា​ក្រុម​បេក្ខជន​ដែល​ចាញ់ឆ្នោត ពោលគឺ​រាប់​តាំងពី​ពេលដែល​លោក Gorge Washington នៅ​កាន់តំណែង​។

​ជារួម​គេ​បាន​សិក្សា​លើ​អ្នក​ដែល​ឈ្នះឆ្នោត​ចំនួន ២៧៩​នាក់ និង​អ្នក​ចាញ់ឆ្នោត ដែល​គ្មាន​ឱកាស​បាន​កាន់តំណែង​នយោបាយ​កំពូល​ចំនួន​២៦១​នាក់ ផ្សេងទៀត​។ ការសន្និដ្ឋាន​ចុងក្រោយ​គឺ អ្នក​ដែល​ឈ្នះឆ្នោត​ក្លាយជា​ប្រមុខរដ្ឋ​ទាំងនោះរ​ស់បាន​តិចជាង​គូប្រជែង ២.៧ ឆ្នាំ ឯណោះ​។

​របាយការណ៍​នេះ​ក៏បាន​សន្និដ្ឋាន​ដែរ ការជាប់ឆ្នោត​និង​ឡើងកាន់​កាប់​តំណែង​កំពូល​របស់​រដ្ឋ​មួយ អាច​នឹងធ្វើ​ឲ្យ​ភាព​ចាស់​កើនឡើង​រហ័ស ព្រោះ​ភាពសាំញ៉ាំ​នៃ​ជីវិត​នយោបាយ និង ភាពស្មុគស្មាញ​នៃ​ការដឹកនាំ​ប្រទេសជាតិ​។​

គេ​លើក​ឧទាហរណ៍ ដោយ​ប្រៀបធៀប​អតីត​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក Mitt Romney និង​លោក John McCain ជាមួយ​ប្រធានាធិបតី  បា​រ៉ា​ក់ អូ​បា​ម៉ា ។ គ្រាន់តែ​កាន់តំណែង​ជិត​៨​ឆ្នាំ រូបរាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្រាប់តែ​ផ្លាស់ប្តូរ​ស្ទើរ​ទាំងស្រុង​។ ពេល​ចូល​ស្បថ​កាន់តំណែង​ដំបូង លោក​នៅមាន​សក់ខ្មៅ​រលោង តែ​ពេល​ជិត​ចប់​អាណត្តិ​សក់​លោក​ប្រែ​ទៅជា​ពណ៌​ល្បាយអាចម៍ខ្លា​។ ចំណែក​មុខ​ត្រលប់​ទៅជា​ជ្រីវជ្រួញ ក្បត់​អាយុ​ពិតប្រាកដ​របស់លោក ទោះបីជា​លោក​នឹង​ក្លាយជា​ប្រធានាធិបតី​ក្មេង​ជាងគេ​ដែល​ចប់​អណ​ត្តិ​ឆ្នាំក្រោយ និង​ទើប​តែមាន​វ័យ ៥៤​ឆ្នាំ​ក៏ដោយចុះ​។ 

​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​អះអាង​ផងដែរ​ថា ទ​ន្និ​ន័យ​ដែល​គេ​យកមកប្រើ​ប្រាស់​នោះ មាន​តាំងពី​ឆ្នាំ ១៧៧២ រហូតដល់​ឆ្នាំ ២០១៥ ។ អ្វីដែល​សំខាន់ ក្រៅពី​សង្គម​អាមេរិក លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ក៏​ផ្តោត​ប្រទេស​ប្រជាធិបតេយ្យ​ចំនួន​១៥ ក្នុងនោះ​មានដូចជា អូស្ត្រាលី អូទ្រីស អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ក្រិ​ក អ៊ីតាលី និង​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​។

​អ្វីដែល​សំខាន់ បេក្ខជន​ដែល​ឈរឈ្មោះ​បោះឆ្នោត​សភា​និង អ្នក​ដែល​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​តែ​ចាញ់ឆ្នោត​នោះ​ប្រហែលជា​សប្បាយចិត្ត​ពេល​ឃើញ​របាយការណ៍​នេះ​។ នេះ​ក៏​ព្រោះថា​ថ្វីបើ​គេ ចាញ់ឆ្នោត មិនអាច​កាន់តំណែង​នយោបាយ​កំពូល​មែន តែ​គេ​អាច​រស់​បានយូរ​ជាង​អ្នក​ដែល​ឈ្នះ​៕