រូបភាព​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ ក្នុង​បទល្មើស​អំពើ​ប្លន់​ និង​ជួញដូរ​គ្រឿងញៀន​ ចាប់ផ្តើម​កម្រើក​សា​ជា​ថ្មី​

​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ជាប់​តៗ​គ្នា​ បាន​កើតឡើង​យ៉ាង​កក្រើក​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចេញ​មុខ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ ដោយ​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​បង្ហើប​ប្រាប់​នូវ​តម្រុយ​នៃ​ការ​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ ក្នុង​បទល្មើស​អំពើ​ប្លន់​ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ និង​នៅ​ក្នុង​ដំណើរការ​លើកលែងទោស​ឧក្រិដ្ឋជន​ទាំងនោះ​ ដោយ​សូម​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​ឡើង​វិញ​ ។​

​ក្រោយ​មាន​ប្រតិកម្ម​ភ្លាមៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ បាន​ចេញ​លិខិត​មួយ​ភ្លែត​លេខ​១៩១៤​ក​យ​.​រប​/១៥​ ចុះ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ កោះ​អញ្ជើញលោក​ លោកស្រី​ ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ ឲ្យ​មក​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​ រាយការណ៍​អំពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើ​លួច​ ឆក់​ និង​ប្លន់​ ដែល​កំពុង​ឋិត​ក្នុង​ចំណាត់ការ​អយ្យការ​ និង​តុលាការ​ ដែល​បាន​ចាត់ការ​រួច​ និង​ដែល​ទណ្ឌិត​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ ជុំវិញ​ករណី​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ក្នុង​បទល្មើស​អំពើ​ប្លន់​យ៉ាង​កក្រើក​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​នឹកឃើញ​ទៅ​ដល់​រឿងរ៉ាវ​ពី​អតីតកាល​នា​អំឡុង​ឆ្នាំ​១៩៩៩-២០០០​ និង​អំឡុង​ដើមឆ្នាំ​២០០៥​ ដែល​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ អតីត​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​អភិបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួងមហាផ្ទៃ​(​យោង​តាម​របាយការណ៍​របស់​លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​)​ បាន​រាយការណ៍​អំពី​រូបភាព​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ ក្នុង​បទល្មើស​អំពើ​ប្លន់​ បង្ក​ដោយ​បុគ្គល​ចៅក្រម​ និង​ព្រះរាជអាជ្ញា​គ្មាន​មនសិការ​ និង​ឧត្តមគតិ​ជាតិ​មួយ​ចំនួន​ បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ។​ កាល​ណោះ​ ជា​លទ្ធផល​ មាន​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ច្រើន​នាក់​បាន​ទទួល​រង​ទម្ងន់​នៃ​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នក​តាមដាន​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ក្នុង​បទល្មើស​អំពើ​ប្លន់​ និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​ គឺ​កើត​ចេញពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ និង​មន្ត្រី​នគរបាល​យុត្តិធម៌​គ្រប់​ជាន់ថ្នាក់​ រហូត​កកើត​មាន​ជន​ប្រព្រឹត្ត​ល្មើស​មុខ​ដដែលៗ​មួយ​ចំនួន​ បាន​ស្គាល់ចិត្ត​មន្ត្រី​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​អស់​ទៅ​ហើយ​ ក្រោម​ទ្រឹស្តី​ដ៏​ពេញ​និយម​ថា​ "​ឲ្យ​តែ​មាន​លុយ​ និង​បក្ខពួក​ គឺ​អាច​ដោះស្រាយ​បញ្ហា​អ្វីៗ​បាន​ទាំងអស់​ "​ ៕​

រូបភាព​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ ក្នុង​បទល្មើស​អំពើ​ប្លន់​ និង​ជួញដូរ​គ្រឿងញៀន​ ចាប់ផ្តើម​កម្រើក​សា​ជា​ថ្មី​ រូបភាព​ដោះ​លែង​ឧក្រិដ្ឋជន​មិន​ប្រក្រតី​ ក្នុង​បទល្មើស​អំពើ​ប្លន់​ និង​ជួញដូរ​គ្រឿងញៀន​ ចាប់ផ្តើម​កម្រើក​សា​ជា​ថ្មី​