ចែក​សណ្ដែក​ដី​​នៅ​មុខ​ហាង​លក់​ខោអាវ​ធំៗ​ ដើម្បី​កម្មករ​ខ្មែរ


តាំងពីជាងមួយឆ្នាមកហើយ ដែលកម្មករ នៅក្នុងវិស័យវាយនភ័ណ្ឌកម្ពុជា ទទូចឲ្យមានការតម្លើងប្រាក់ខែ ដល់​១៧៧​ដុល្លា (ឬ១៦៤អ៊ឺរ៉ូ) ក្នុងមួយខែ។ នៅថ្ងៃទី១ ខែមករាខាងមុខនេះ ពួកគេនឹងទទួលបានការតម្លើង ត្រឹមតែ​រវាង​ពី១៣០​ទៅ​១៤០ដុល្លារ​ប៉ុណ្ណោះ ខណៈអ្នកជំនាញ បានវាយតម្លៃថា ប្រាក់ខែដែលអាច ឲ្យមានជីវភាព​រស់នៅ​សមរម្ស មាន​បរិមាណ ចាប់​ពី​៣៨០ដុល្លារ​ឡើង។
ចែក​សណ្ដែក​ដី​​នៅ​មុខ​ហាង​លក់​ខោអាវ​ធំៗ​ ដើម្បី​កម្មករ​ខ្មែរ

ក្រុមសកម្មជន របស់សមាគមទាំងពីរ បានធ្វើយុទ្ធនាការទាមទារឲ្យតម្លើងប្រាក់បៀវត្សន៍ ឲ្យដល់កម្មករនយោជិកកម្ពុជា។ (រូបថតសមាគម)

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន សមាគមមួយឈ្មោះ «achACT» ក្នុងប្រទេសប៊ែលហ្សិក និងបណ្ដាញ​យុទ្ធនាការ «លាងសម្អាតសម្លៀកបំពាក់ (ជាភាសាដើម Schone Kleren និងជាភាសាអង់គ្លេស Clean Clothes)» នៅក្នុងប្រទេសហូឡង់ បានធ្វើការបរិហារ ពីស្ថានភាពដែលកម្មករកាត់ដេរ នៅក្នុងទ្វីបអាស៊ី។ ក្រុម​សកម្មជន របស់សមាគមទាំងពីរ បានលើកឡើងយកមកនិយាយ នូវការដួលសន្លប់ និងការក្អួតចង្អោរ ដែល​មាន​លក្ខណៈ​ជា​ក្រុម របស់ក្រុមកម្មករខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងរោងចក្រជាច្រើន ក្នុង​ប្រទេស​កម្ពុជា។

លោក ហ្សង់ម៉ាក ឆូតដ្រុង (Jean-Marc Caudron) អ្នកទទួលខុសត្រូវ ខាងកិច្ចការបន្ទាន់របស់សមាគម «achACT» បានថ្លែងឲ្យដឹងថា៖ «ដោយសាររដ្ឋាភិបាលកម្ពុជា មិនទទួលខុសត្រូវ លើបញ្ហាទាំងនេះ យើង​គិត​ថា វាគឺជាតួនាទី នៃអ្នកទទួលទិញ ក្នុងវិស័យឧស្សាហកម្ម វាយនភ័ណ្ឌ ដែលត្រូវទៅជជែកពិភាក្សា ជា​មួយ​នឹង​ក្រុម​សហជីព នូវការតម្លើងប្រាក់ខែ»។

នៅក្នុងឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រុមសកម្មជនប្រមាណជាង៣០នាក់ បានធ្វើយុទ្ធនាការមួយ នៅ​តាមដងផ្លូវ ណូវ (Neuve) កណ្ដាលរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ដោយបានធ្វើការចែក នូវ​សណ្ដែក​ដី និងខិតប័ណ្ណ​ទៅដល់អ្នកដំណើរនានា ដើម្បីបរិហារ ពីប្រាក់ខែដ៏តិចតួចស្ដួចស្ដើង របស់កម្មករ​កាត់​ដេរ នៅប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មានឈ្មោះហៅថា «ធុញទ្រាន់នឹងទទួលបានប្រាក់ខែ ដែល​ទិញ​បាន​តែ​សណ្ដែកដី! (ជាភាសាបារាំង Marre de gagner peanuts!)» ដែលជាការរៀបចំឡើង ដោយ​សមាគម និង​បណ្ដាញ​យុទ្ធនាការខាងលើ។

ក្រុមហ៊ុនតែមួយប៉ុណ្ណោះ ឆ្លើយតប...

នៅចុងបញ្ចប់ នៃការចែក«សណ្ដែកដី» តំណាងមួយរូបបានយកកញ្ចប់សណ្ដែកដី ក៏ដូចជាការទាមទារនានា របស់កម្មករនិយោជិក នៅក្នុងប្រទេសកម្ពុជា ចូលទៅក្នុងទីស្នាក់ការ របស់ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ របស់​អ៊ឺរ៉ុប «H&M»។ ប៉ុន្តែអ្នកគ្រប់គ្រង នៅទីនោះ មិនបានជួយសម្រួល ដើម្បីឲ្យមានការជួបពិភាក្សា​គ្នា​នោះ​ទេ។ ក្រុមហ៊ុន «H&M» សុខចិត្តផ្ញើរជាលិខិតមួយ នៅក្នុងសប្ដាហ៍នេះ ត្រឡប់មកក្រុមអ្នកតវ៉ាវិញ ថា​ក្រុមហ៊ុន បានព្រមព្រៀងតាំងពីច្រើនឆ្នាំមកហើយ ជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងថា ក្រុមហ៊ុនកំពុងធ្វើ នូវ​យុទ្ធសាស្ត្រ​ជាសកលមួយ ឈានទៅរកប្រាក់ខែ ដែលអាចរស់បាន របស់កម្មករនិយោជិក។

សម្រាប់លោក ហ្សង់ម៉ាក ឆូតដ្រុង វិញ បានច្រានចោលការលើកឡើងនេះ ដោយបានថ្លែងឡើងថា៖ «ការ​អះអាងខាងលើ មិនបានជួយអ្វី ទៅដល់ស្ថានភាពការងារ និងប្រាក់បៀរវត្សន៍ នៅក្នុងរោងចក្រនោះឡើយ»។ លោកបានបានពន្យល់ឲ្យដឹងថា៖ «យើងចង់ឲ្យមានការផ្ដោតអារម្មណ៍ កាន់តែខ្លាំង ទៅលើការអនុវត្តន៍ ឲ្យ​បាន​ចេញជារូបរាង»។

សមាគមទាំងពីរ ក៏បានធ្វើការទាមទារ ទៅកាន់ក្រុមហ៊ុនសម្លៀកបំពាក់ ធំៗ ដ៏សម្បើមៗ ដូចជា «Zara» «C&A» និង«Levi's»ជាដើម ដែលសុទ្ធសឹងបានទិញ សម្លៀកបំពាក់ពីប្រទេសកម្ពុជាដែរ។ ប៉ុន្តែ​ពីក្នុង​ចំណោម​នោះ មានតែក្រុមហ៊ុន «C&A» មួយប៉ុណ្ណោះ ដែលបានឆ្លើយតប ទៅនឹងការទាមទាររបស់សមាគម ដោយ​បញ្ជាក់ថា នឹងទទួលឲ្យតំណាងសមាគម មកជួបពិភាក្សាជាមួយ នៅក្នុងសប្ដាហ៍ខាងមុខ៕