សាលារាជធានីភ្នំពេញ ប្រកាសស្វែងរក អ្នកគូរូបលើកជញ្ជំាង អគារប៊ូឌីង ដោយគ្មានការ អនុញ្ញាត ឲ្យចូលខ្លួន មកដោះស្រាយ

ភ្នំពេញ៖ អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ បានបញ្ជាក់ឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ កំពុងតែបញ្ជាឲ្យអាជ្ញាធរ ពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងស្វែងរក ក្រុមជនដែលគូររូប នៅលើជញ្ជំាងអគារប៊ូឌីង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឲ្យចូលខ្លួន មកដោះស្រាយ ចំពោះទ្វើរខ្លួន និងក្រុមរបស់ខ្លួន ដែលរូបគំនូរនេះ បានបង្កឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។

លោក ឡូង ឌីម៉ង់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី១៦ ខែធ្នូ នេះថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កំពុងតែឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងស្វែងអ្នកប្រព្រឹត្តិ ឲ្យមកទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន និងធ្វើការលប់ចោលឲ្យមានលក្ខណៈដូចដើមវិញ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ដែរ ថាមុនធ្វើការគូររូបនេះ មានអ្នកយកលិខិតមកសុំការអនុញ្ញាតពី ខាងសាលា រាជធានីភ្នំពេញ ប៉ុន្តែលោក អភិបាលរាជធានីភ្នំពេញ បានបដិសេធ មិនដឹងយ៉ាងមិចស្រាប់តែជននេះ ទៅប្រាប់ខាងសាលាសង្កាត់ថា បានទទួលការអនុញ្ញាតពីការសាលារាជធានីភ្នំពេញ រួចនាំគ្នាគូរនេះឡើង។

បើតាមមន្រ្តីនៃសាលាខណ្ឌចំការមន បានឲ្យដឹងថា ផ្ទំាងគំនូនេះ ត្រូវបានគូតំាងពី១សប្តាហ៍មុន ដោយអ្នកគូនេះ បានប្រាប់ថា គេបានសុំការអនុញ្ញាតពីខាងសាលារាជធានីភ្នំពេញ ហើយខាងសាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតដែរ ដោយឲ្យធ្វើការគូមុនសិនចុះ ចាំចេញលិខិតអនុញ្ញាតតាមក្រោយ។

យ៉ាងណាក៏គេមិនដឹងរូបគំនូរនេះ គូឡើងក្នុងគោលបំណងអ្វី ឬមានអត្ថន័យយ៉ាងណានោះទេ ប៉ុន្តែ បើយោងតាមការស្នើសុំរបស់ជនដែលលួចគូនេះ គេបានបញ្ជាក់ថា គ្រាន់តែគូជាសិល្បៈប៉ុណ្ណោះ៕

សាលារាជធានីភ្នំពេញ ប្រកាសស្វែងរក អ្នកគូរូបលើកជញ្ជំាង អគារប៊ូឌីង ដោយគ្មានការ អនុញ្ញាត ឲ្យចូលខ្លួន មកដោះស្រាយ