ហេតុ​​អ្វី​​​បុរស​នារី​ឥលូវ​ អាយុ​ច្រើន​ ​យូររៀបការ​​ម្ល៉េះ​?


ហេតុ​​អ្វី​​​បុរស​នារី​ឥលូវ​ អាយុ​ច្រើន​ ​យូររៀបការ​​ម្ល៉េះ​?

រៀន​មិន​ទាន់​ចប់​វិទ្យាល័យ ឬ​មិន​ទាន់​គ្រប់​អាយុ​ផង យុវតី​កាល​​ពី​​​មុន ត្រូវ​ឪពុកម្ដាយ​ចាប់​ឱ្យ​ក្រាប​ផ្ទឹម​ការ តែ​អាច​និយាយ​បាន​ថា ​​ផ្នត់​គំនិត​នេះ​បាន​ផ្លាស់ប្ដូរ​ដល់​ទៅ ១៨០ ដឺក្រេ បើ​ធៀប​នឹង​សម័យ​បច្ចុប្បន្ន។ បុរស​នារី​ខ្លះ​មាន​វ័យ​ជាង ២០ ឬ​អាច​ដល់​ ៣០ ឆ្នាំ​ហើយ តែ​ពួកគេ​នៅ​មិន​ទាន់​គិត​រឿង​​គូស្រករ​ទៀត ជាពិសេស​បុរសៗ…តើ​មក​ពី​មូលហេតុ​អ្វី?

 

យ៉ាន សុដានី ​និស្សិត​ផ្នែក​គណនេយ្យឆ្នាំ​ទី ៣  នៃ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ប្រាប់​​​ថា នាង​មិន​ទាន់​ចង់​គិតរឿង​​ជីវិត​​ប្ដី​ប្រពន្ធ​​ទេ​នា​ពេល​នេះ ព្រោះ​កំពុង​​នៅ​វ័យ​សិក្សា និង​នៅ​មិន​ទាន់​បាន​សម្រេច​គោលដៅ​ក្នុង​ជីវិត។ “ខ្ញុំ​​មិនចង់​ឱ្យ​រៀបការ​ហើយ​ឱ្យ​ប្ដី​ចិញ្ចឹម​ទេ ខ្ញុំ​​ចង់​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា ខ្ញុំ​ជា​មនុស្ស​មាន​សមត្ថភាព។ ខ្ញុំ​អត់​ទាន់​សម្រេច​គោលដៅ ហើយ​ម្យ៉ាង​ខ្ញុំ​នៅ​រៀន”។

 

ហេតុ​​អ្វី​​​បុរស​នារី​ឥលូវ​ អាយុ​ច្រើន​ ​យូររៀបការ​​ម្ល៉េះ​?

រូបតំណាង

មួយ​វិញ​ទៀត យុវតី​​វ័យ ២៤ ឆ្នាំ បាន​ទម្លាយ​ឱ្យ​ដឹង​ថា ការ​បែកបាក់​គ្រួសារ​របស់​បងស្រី​​បង្កើត ជា​ចំណុច​មួយ​កាន់​តែ​​​ធ្វើ​ឱ្យ​​​នាង មិន​ចង់​​គិត​រឿង​អាពាហ៍ពិពាហ៍។ “បង​​ស្រី​ខ្ញុំ​ការ​តាំង​ពី​អាយុ ១៨-១៩ ឆ្នាំ…ឥលូវ​គាត់​ជា​ស្ត្រី​មេម៉ាយ។ ខ្ញុំ​ឃើញ​គាត់​ពិបាក វា​​ជា​មេរៀន​ជីវិត​មួយ​សម្រាប់​ខ្ញុំ​ត្រូវ​ស្វែងយល់”។ សុដានី បាន​បង្ហើប​ទៀត​ថា សព្វថ្ងៃ​នេះ​មាន​គេ​ចូល​ចែចូវ​​ច្រើន​ដែរ ប៉ុន្តែនាង​​មិន​ទាន់​ចង់​បាន​ស្វាមីទេ ព្រោះ​នាង​​សម្រេច​ក្ដី​បំណង ឱ្យ​មាន​ការងារ​ល្អធ្វើ និង​ជួយ​ពុកម៉ែ​សិន។

 

លោក កងសំរិទ្ធ កិត្យា ក៏​បាន​ប្រាប់ Sabay ដែរ​ថា មិត្តភ័ក្ដិ​​របស់​លោក ការ​​ជិត​អស់ហើយ ប៉ុន្តែ​បើ​ទោះ​ជា​បែប​នេះ​ក្ដី ជីវភាព​គ្រួសារ​ គឺ​ជា​កត្តា​ឃាំង​ចិត្ត​លោក មិន​ឱ្យ​គិត​​នឹង​អាពាហ៍ពិពាហ៍។ អ្នក​ខេត្ត​កំពង់​ចាម​រូប​នេះ​បញ្ជាក់​ថា៖ “ប្រពន្ធ​មុន​និង​ក្រោយ​គង់តែ​យក​ទេ តែ​ពេល​នេះ​ចង់​ដោះស្រាយ​ជីវភាព​គ្រួសារ​ឱ្យ​ធូរស្បើយ​បន្តិច​សិន ចង់​នៅ​ជួយ​ពុក​ម៉ែ។ ម្យ៉ាង​ខ្ញុំ​មិន​ទាន់​មាន​អីជា​ដុំ​កំភួន​ឱ្យ​លេចធ្លោ​នៅ​ឡើយ។ ខ្ញុំ​អត់​ទាន់​ចង់​គិត​​រឿង​ហ្នឹង​ទេ”។

 

​មាន​​វ័យ​ជាង ៣០ ឆ្នាំ លោក ឡារី បាន​បង្ហាញ​ពី​ហេតុផល​ច្រើន ​​​ដែល​បណ្ដាល​​ឱ្យ​​លោក​​មិន​ទាន់​រៀបការ​ដូចជា កត្តា​ជីវភាព​គ្រួសារ កត្តា​​បរិយាកាស​ការងារ កត្តា​សង្គម និង​ទស្សនៈ​ថា មាន​ប្រពន្ធ មិន​អាច​ដើរ​ហើយ​បាន​ជាដើម។

 

លោក​សង្កត់​ធ្ងន់​ថា កត្តា​សំខាន់​ទី​មួយ​គឺ​គ្រួសារ គ្រួសារ​ខ្សត់​ខ្សោយ ដូច្នេះ​លោក​ត្រូវ​ខិតខំ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព និង​ជួយ​បងប្អូន។ ចំណែក​កត្តា​សង្គម​លោក​យល់​ឃើញ​ថា អ្នក​ដែល​រៀបការ​វ័យ​ក្មេង​តែង​ជួប​រឿង​រកាំរកូស​ឈាន​ដល់​ការ​វាយតប់ និង​លែងលះ​គ្នា ហើយ​មួយ​វិញ​ទៀត​នោះ លោក​ធ្លាប់​គិត​ថា យកប្រពន្ធ​ពិបាក​ក្នុង​ការ​ទៅ​ណា​មក​ណា​ដូច​មុន។ ​​

 

ដោយឡែក​​ភាព​មមាញឹក​នឹង​ការ​ការងារ ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​លោក មិន​ទាន់​ចង់​គិតគូរ​រឿង​​កសាង​គ្រួសារ​ដែរ ៖ “ហុងកុង សិង្ហបុរី កូរ៉េ​អី ពួកគាត់​តែង​ងប់​នឹង​ការងារ ហើយ​ឥលូវ​​ក៏​សង្កេត​ឃើញ​ខ្មែរ​យើង​មួយ​ចំនួន​មិន​ថា​ប្រុស​ឬ​ស្រី​ទេ​គឺ​អ៊ីចឹង​ដូច​គ្នា [រួម​ទាំង​លោក] ដូច្នេះ​ធ្វើ​ឱ្យ​​ពួកគាត់​ចេះ​តែ​ពន្យារ​ពេល​រៀប​អាពាហ៍ពិពាហ៍។ ជាពិសេស​អ្នក​ដែល​មាន​ដំណែង​ធំៗ ធ្វើ​ការងារ​​ខ្ពស់ ការងារ​គ្រាន់បើ ភាគច្រើន​គាត់​រៀបការ រៀង​អាយុ​ជ្រេ​បន្តិច”។

 
យ៉ាងណាមិញ​​លោក លន វិចិត្រ បាន​បង្ហើប​​​ថា ការ​រៀបការ​ជាមួយ​មនុស្ស​ដែល​មាន​ចិត្ត​មិន​ដូច​គ្នា ​អាច​នឹងនាំ​ឱ្យ​​កើត​បញ្ហាផ្សេងៗ ជា​ចំណុច​ទី​មួយ​ធ្វើ​ឱ្យ​លោក​នៅ​កំលោះ​មក​ដល់​សព្វថ្ងៃ។

 

អ្នកថតរូប​រូប​នេះ​ថា ៖ “​ខ្ញុំ​មាន​គោលដៅ​វែង​ឆ្ងាយ។ ខ្ញុំ​ត្រូវ​សម្រេច​គោល​ដៅ​ជីវិត​ មុន​កសាង​ជីវិត​ប្ដី​ប្រពន្ធ។ រៀបការ​នឹង​មនុស្ស​មាន​គំនិត​ខុស​គ្នា មិន​រីកចម្រើន​ទេ វា​​នឹង​ធ្វើ​ឱ្យ​គម្រោង​ផែនការ​របស់​យើង​មិន​បាន​សម្រេច”។ ​

 

ជា​រឿយៗ​លោក​វិចិត្រ តែងតែ​មើល​ពី​​មនុស្ស​​​ជុំវិញ​ខ្លួន ហើយ​យល់​ឃើញ​ថា ក្រោយ​​រៀបការ​ពួកគេ​មាន​សំពាធ មិន​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស។ និយាយ​រួម​បើ​នៅ​ខ្លួន​មួយ លោក​អាច​ធ្វើ​អ្វី​បាន​ច្រើន ដើរ​គឺ​បើ​ដួល ត្រូវ​ងើប​ឡើង​ដើរ​ម្ដង​ទៀត៕

ដើរ​​លេង​​ជា​​មួយ​​សង្សារ​​សុខ​ៗ​ស្រាប់​តែ​​ម៉ាក់​​ប៉ា​​ឃើញ​ ដោះ​​ស្រាយ​​ម៉េច​​ទៅ?

បើ​ស្រលាញ់​នារី​ម្នាក់ អ្នក​​គិត​អតីតកាល​របស់​នាង​ទេ?​

 

 

 អត្ថបទ៖ អ៊ុំ សុភក្តិ