សហរដ្ឋ​អាមេរិក​ប្រកាស​លក់​គ្រឿង​សព្វាវុធ​ដែល​មាន​តម្លៃ​១,៨៣​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

សហរដ្ឋ​អាមេរិក​ប្រកាស​លក់​គ្រឿង​សព្វាវុធ​ដែល​មាន​តម្លៃ​១,៨៣​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

រូបថតឯកសារ៖ យោធា​តៃវ៉ាន់​បាញ់កាំភ្លើង​ធំ​​ក្នុង​អំឡុង​ពេល​ពួក​គេ​ធ្វើ​សមយុទ្ធ ​Han Kuang ប្រចាំ​ឆ្នាំ ក្នុង​ក្រុង Hsinchu ភាគ​ឦសាន​នៃ​កោះ​តៃវ៉ាន់​កាលពីខែកញ្ញា ឆ្នាំ២០១៥។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា សភា​អាមេរិក​បាន​លក់​កញ្ចប់​សព្វាវុធ​ដែល​មាន​តម្លៃ​១,៨៣​ពាន់​លាន​ដុល្លារ​ឲ្យ​កោះ​តៃវ៉ាន់។

មន្រ្តី​ការបរទេស​នានា​បាន​និយាយ​ថា កញ្ចប់​សព្វាវុធ​នេះ​រួម​មាន​ទាំង​នាវា​ចម្បាំង​ចំនួន​២​គ្រឿង​ គ្រាប់​មីស៊ីល​បំផ្លាញ​រថក្រោះ​យោធា​ យានយន្ត​វាយប្រហារ​ដែល​អាច​បើកបរ​ទាំង​ក្នុងទឹក​និង​លើ​គោក​បាន និង​មីស៊ីល​បាញ់​ពី​លើ​ដី​ទៅ​លើ​លំហ​អាកាស។

សភា​អាមេរិក​មាន​រយៈពេល​៣០​ថ្ងៃ​ក្នុង​ការ​វាយ​តម្លៃ​ទៅ​លើ​ជំនួញ​នេះ​និង​អាច​ធ្វើ​ការ​បដិសេធ​នានា​បាន។​

លោក​ David McKeeby ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិកបាន​មាន​ប្រសាសន៍​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ស្រប​ជាមួយ​នឹង​ការ​ប្តេជ្ញា​របស់​អាមេរិក​ក្នុង​ការ​ផ្តល់​សព្វាវុធ​គ្រប់​គ្រាន់​ដើម្បី​រក្សា​សមត្ថភាព​របស់​កោះ​តៃវ៉ាន់​ក្នុង​ការ​ការពារ​ខ្លួន។​
ប្រទេស​ចិន​ដែល​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន បាន​ឲ្យ​ដឹង​ថា​ ជំនួញ​នេះ​គួរ​តែ​លុប​ចោល​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​តៃវ៉ាន់ ​ចិន​ និង​សហរដ្ឋ​អាមេរិក។

លោក ​Hong Lei អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «សហរដ្ឋ​អាមេរិក​គួរ​តែ​ដឹង​ច្បាស់​ថា ការ​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​គឺ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស់​និង​គ្រោះថ្នាក់​។ អាមេរិក​គួរ​តែ​គោរព​តាម​ការប្តេជ្ញា​របស់​ខ្លួន​និង​បញ្ឈប់​ការលក់​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ​ហើយ​ធ្វើ​អ្វី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក និង​ផ្តល់​ការវិវឌ្ឍ​ដោយ​សន្តិវិធី​ទៅ​លើ​ទំនាក់ទំនង​ដ៏​ចង្អៀត​រវាង​ប្រទេស​ទាំង​ពីរ​វិញ»៕