សមាជិក​សភា​អាមេរិក​នៃគណបក្ស​ទាំងពីរ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ២០១៦

សមាជិក​សភា​អាមេរិក​នៃគណបក្ស​ទាំងពីរ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ២០១៦

មេដឹកនាំសភា​មតិភាគតិច ​លោក Harry Reid និង​សមាជិក​សភា​មតិភាគ​តិច​ដទៃទៀត​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សភា Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០១៥។

តំណាង​រាស្ត្រ​នៅ​សភា​អាមេរិក​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​អំពី​ផែនការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១.១ ទ្រី​លាន​ ឬ​ជាង​១០០​ម៉ឺន លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៦ ។ ការ​ចំណាយ​កញ្ចប់​ថវិកា​នេះ​នឹង​ពន្យារ​កម្មវិធី​កាត់​បន្ថយ​ពន្ធ​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន​សម្រាប់​ក្រុមហ៊ុន​និង​បុគ្គល​ឯក​ជន​នានា។

អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​បង្ហាញ​សេចក្តី​ព្រាង​នៃ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​ចំណាយ​ដ៏​ធំ​មហិមា​នេះ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​ក្រោយ​ពី​ចេញ​ពី​កិច្ច​ប្រជុំ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រធាន​សភា គឺ​លោក​ Paul Ryan។ សេចក្តីព្រាង​នៃ​សេចក្តី​ស្នើ​ច្បាប់​នោះ​រួម​បញ្ចូល​ទាំង​សំណើ​របស់​សមាជិក​សភា​ពី​គណបក្ស​សាធារណរដ្ឋ​ឲ្យ​បញ្ចប់​បម្រាម​នាំ​ប្រេង​ឆៅ​ចេញ​ពី​សហរដ្ឋ​អាមេរិករយៈពេល​៤០ឆ្នាំ ​និង​សំណើ​របស់​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ពន្យារ​ការ​មិន​យកពន្ធ​លើ​ក្រុម​ហ៊ុន​ផលិត​ថាមពល​ខ្យល់​និង​ពន្លឺ​ព្រះអាទិត្យ។

សេចក្តីព្រាង​នៃ​សេចក្តី​ស្នើច្បាប់​ថវិកា​នេះ ​ក៏​បាន​ផ្អាក​រយៈ​ពេល​២ឆ្នាំ​នូវ​កម្មវិធី​លើក​លែង​ពន្ធ​ចំនួន​២​ដែល​មាន​គោលដៅ​ផ្តល់​មូលនិធិ​ដល់​ច្បាប់​ថែ​ទាំ​សុខភាព​របស់​លោក​ប្រធានាធិបតី​អូបាម៉ា។ កម្មវិធី​មួយ​ទាក់ទង​នឹង​ពន្ធ​លើ​សម្ភារៈ​វេជ្ជសាស្ត្រ​និង​កម្មវិធី​មួយ​ទៀត​ទាក់​ទង​នឹង​ពន្ធ​លើ​ការ​ធានា​រ៉ាប់រង​សុខភាព ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៨។

គេ​រំពឹង​ថា ​សភា​និង​ព្រឹទ្ធសភា​អាមេរិក​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ នឹង​បោះឆ្នោត​សម្រេច​លើ​ច្បាប់​ថវិកា​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕