រដ្ឋាភិបាល​អាមេរិក​ជំរុញ​ឲ្យ​​ថៃ​រៀបចំ​ការ​គ្រប់​គ្រងបែបស៊ីវិល​ឡើង​វិញ

រដ្ឋាភិបាល​អាមេរិក​ជំរុញ​ឲ្យ​​ថៃ​រៀបចំ​ការ​គ្រប់​គ្រងបែបស៊ីវិល​ឡើង​វិញ

រូបថតឯកសារ៖ យោធាថៃឲ្យ​អ្នក​លក់​ដូរចាក​ចេញពី​វិមាន​​ជ័យជម្នះ​ក្នុង​ទីក្រុង​បាងកក​ ប្រទេសថៃ។ក្នុង​កិច្ច​ចរចា​ទ្វេភាគី មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ​បាន​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​បាងកក​​វិល​ត្រឡប់​ទៅ​រក​​ការ​គ្រប់​គ្រង​តាម​បែប​ស៊ីវិល​វិញ។​ បាងកក—

ក្នុង​ការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​ថៃនិង​សហ​រដ្ឋ​អាមេរិក​ ដែលភាគ​ច្រើន​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ចំណង​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​នោះ​ ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ​បាន​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​បាងកកវិល​ត្រឡប់​ទៅ​រកការ​គ្រប់​គ្រង​តាម​បែប​ស៊ីវិល​វិញ។​

ការ​ចរចា​ស្ថិត​នៅ​ក្រោម​ប្រធានបទ​ការ​សន្ទនា​ជា​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ថៃ ​និង​សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​រួមមានចាប់​តាំង​ពី​ពាណិជ្ជកម្ម​រហូត​ដល់​សន្តិសុខ​ក្នុង​តំបន់ ​ហើយ​នឹង​បញ្ហា​នានា​នៅ​ទូទាំង​តំបន់​អាស៊ី​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។​

លោក ​Daniel Russel​ ឧបការី​រដ្ឋ​មន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត ​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឃើញ​ប្រទេស​ថៃ​មាន​ការរួបរួម​គ្នា​ ​មាន​ស្ថិរភាព ​សន្តិសុខ ​រីក​ចម្រើន​ និង​មាន​ឥទ្ធពល។​ លោក ​Russel ​បាន​ពិភាក្សាដោយ​ត្រង់ៗ​ និង​ប្រ​កប​ដោយ​ខ្លឹមសារជាមួយ​លោក​ Prayut Chan-o-cha ​នាយក​រដ្ឋ​មន្រ្តី ​ដែល​បាន​ដឹកនាំ​រដ្ឋ​ប្រហារ​នៅប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៤។​

«មាន​វិស័យ​មួយ​ចំនួន​ដែល​យើង​មិន​អាច​ព្រម​ព្រៀង​គ្នា។​ ក៏​ប៉ុន្តែ​វិស័យ​មួយ​ដែល​យើង​បាន​ព្រម​ព្រៀង​គ្នា​គឺ​សារៈ​សំខាន់​របស់ប្រជា​រាស្រ្ត​ថៃ​ឆ្ពោះ​ទៅ​កាន់​មាគ៌ា​នា​ថ្ងៃ​អនាគត​ប្រកប​ដោយ​ស្ថិរភាព​ សន្តិសុខ។​ មាគ៌ា​នេះ​ឆ្ពោះ​ទៅ​កាន់​ការ​គ្រប់​គ្រង​តាម​បែប​ប្រជា​ធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ស៊ីវិល‍»។​

ការ​តាន​តឹង​បាន​កើន​ឡើងកាល​ពី​ខែ​មុន បន្ទាប់​ពី​លោក​ Glyn Davies​ ឯក​អគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ថៃ ​បាន​រឹះគន់ការ​កាត់ទោសដាក់ពន្ធនាគារ​រយៈពេល​យូរ​ ដែល​បាន​ធ្វើ​ឡើង​តាម​ច្បាប់​ប្រមាថ​មាក់​ងាយរាជវង្សព្រះ​មហាក្សត្រ​ប្រទេស​ថៃ។​

ការ​កាត់​ទោស​ពេល​ថ្មីៗ​នេះមាន​ការដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគាររហូត​ដល់​៣០​ឆ្នាំ​ ដោយ​បុរស​ម្នាក់ ​អាយុ​២៧​ឆ្នាំ ​ត្រូវ​តុលាការ​យោ​ធា​កាត់​ទោស​កាល​ពី​ថ្ងៃ​ពុធ​ឲ្យ​ប្រឈម​ការ​ជាប់​គុក​៣៧​ឆ្នាំ​ចំពោះ​ការ​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​អំពី​សត្វឆ្កែ​មួយ​ក្បាល​ដែល​ព្រះ​មហាក្សត្រ​ពេញ​ព្រះទ័យ។​

លោក ​Russel ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​គាំទ្រ​សិទ្ធិ​មនុស្ស​នោះ​ មិន​ដៅ​ចំៗ​តែ​ប្រទេ​ស​ថៃ​ទេ។​

«សិទ្ធិ​មនុស្ស​ដែល​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​គាំទ្រនោះ​មិនមែន​សម្រាប់​តែ​ថៃ​ សម្រាប់​តែ​អាមេរិក​ទេ។​ សិទ្ធិ​មនុស្ស​ទាំង​នោះ​ជា​សិទ្ធិ​មនុស្ស​សាកល។​ សិទ្ធិទាំង​នោះ​ជាសេរីភាព​ដែល​មនុស្ស​ទាំងអស់​ស្វះស្វែងរក​ ហើយ​មនុស្ស​ទាំងអស់​សក្តិ​សម​ទទួល​បាន។ ​ហើយ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ដ៏​ល្អ​របស់​យើងដែល​ថា​ បំណង​ប្រាថ្នា ​និង​សិទ្ធិ​របស់​ពលរដ្ឋ​នៃ​ព្រះ​រាជាណាចក្រ​ថៃ​នៅ​ទី​បំផុត​នឹង​ត្រូវ​បាន​គេយល់​ថា ​មិន​អាច​គ្មាន​រដ្ឋាភិបាលតាម​បែប​ប្រជា​ធិបតេយ្យ​ប្រកប​ដោយ​ស្ថិរភាព និង​ដឹកនាំ​ដោយ​ស៊ីវិល​នោះ​ទេ»។

រដ្ឋាភិបាល​យោធា​និយាយ​ថា ​នៅពេល​ដែល​ការធ្វើ​កំណែ​ទម្រង់​រដ្ឋ​ធុម្មនុញ្ញ​ចូលជាធរមាននោះ​ ​ការ​បោះឆ្នោត​ថ្មី​អាច​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧៕​

ប្រែសម្រួល​ដោយជឹង ប៉ូជីន