​រ៉ែ​មាស​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​រតនគិរី​ស្ថិតក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង​ត្រូវ​ឈ្មួញ​មួយក្រុម​នាំគ្នា​លួច​ជីក​ដោយ​ខុសច្បាប់​អាជ្ញាធរ​មិនមាន​ចំណាត់ការ​

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​សម្បត្តិ​ធម្មជាតិ​រ៉ែ​មាស ដែលមាន​នៅក្នុង​តំបន់​អូរ​កា​ពី​ន ឃុំ​សន្តិភាព ក្នុងស្រុក​សៀម​ប៉ាង​ជាប់​និង​ស្រុក​វ៉ឺ​ន​សៃ​ខេត្តរតនគិរី កំពុង​ត្រូវបាន​ឈ្មួញ​មួយក្រុម​ធ្វើ​សកម្មភាព​ជីក​កកាយ​អស់​មួយរយៈ​មកហើយ ឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​។​

​សេចក្តីរាយការណ៍​ពី​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា​៖​ការជីក​កកាយ​ដើម្បី​យក​រ៉ែ​មាស នៅ​ចំណុច​អូរ​កា​ពី​ន ក្នុង​ឃុំ​សន្តិភាព​នេះ​គឺមាន​ក្រុម​ឈ្មួញ​ជា​ជនជាតិ​វៀតណាម​បាន​ជីក​កកាយ​អស់​រយៈពេល​ប៉ុន្មាន​ខែ​មកហើយ  ហើយ​ការជីក​រ៉ែ​នេះដែរ​ត្រូវគេ​រាយការណ៍​ថា មាន​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​មានអំណាច​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​សកម្មភាព ទើប​គ្មាន​អ្នក​ណាមួយ​ហ៊ាន​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង ដែល​បាន​អាស្រ័យ​ទឹកអូរ​កា​ពី​ន​បាននាំគ្នា​រអ៊ូរទាំ​ថា​កាលពី​មិនទាន់មាន​ក្រុម​ឈ្មួញ​ចូលមក​ជីក​រ៉ែ​មាស គឺ​ពួកគាត់​បាន​ប្រើប្រាស់​ទឹកអូរ​នេះ​ពេញ​មួយ​ភូមិ​ដោយ​សុខ​ស្រួល តែ​ចាប់ពី​ពេលដែល​មានការ​ជីក​រ៉ែ​មាស ក៏​ស្រាប់តែ​ទឹកអូរ​កា​ពី​ន​នេះ​ល្អក់​ហើយ​ប្រើប្រាស់​មិនកើត​ទេ តែ​ចេះតែ​ទ្រាំ​ប្រើ​ទៅហើយ​មិន​ហ៊ាន​ប្តឹងផ្តល់​ដែរ ព្រោះ​អ្នកមានអំណាច​ក៏​ជា​សមត្ថកិច្ច​ប្រដាប់អាវុធ​ផង​នោះ​គឺជា​អ្នក​នៅ​ពី​ក្រោយខ្នង ដូច្នេះហើយ​ពួកគាត់​មិន​ហ៊ាន​មាត់​និង​តវ៉ា​នោះទេ ។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​និង​អាស្រ័យ​ទឹកអូរ​កា​ពី​ន​នេះ មាន​ចំនួន​ប្រ​ម៉ាណ​៥០​ទៅ​៦០​គ្រួសារ ហើយ​ទីតាំង​ជីក​រ៉ែ​មាស​គឺ​នៅ​ផ្នែក​ខាងលើ​នៃ​អូ​រកា​ពី​ន និង​មាន​ចំងាយ​ជាង​១៥​គីឡូម៉ែត្រ​ពី​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក សេង រី​ណូ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​សៀម​ប៉ាង​បាន​បញ្ជាក់ថា លោក​បាន​ល្បាត​ចល័ត​ប្រហែល​ជាង​១​អាទិត្យ​មុន លោក​បានទទួល​នូវ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ថា​មានការ​បាញ់បោះ​ក្នុងព្រៃ លោក​ក៏​ចុះ​ល្បាត​ក៏​ប្រទះ​ហើយក៏​បាន​សួរ​នាំទៅ​ពួកគេ តែ​គឺជា​ជនជាតិខ្មែរ​មិនមែន​ជនជាតិ​វៀតណាម​ទេ ។ ប្រភព​បន្តថា ពួកគេ​មាន​ម៉ាស៊ីន​ពីរ​គ្រឿង ខាង​លោក​ក៏បាន​ហាមឃាត់​សុំ​ផ្អាក​សកម្មភាព​នេះដែរ​ហើយ​ឲ្យ​ទៅធ្វើ​ច្បាប់​ទៅ តែ​ខាង​ជីក​រ៉ែ​បាន​ប្រាប់ថា​ពួកគេ​បាន​ទៅ​ជួប​ខាង​មន្ទីរ​រ៉ែ​រួចហើយ ហើយ​កំពុង​ធ្វើ​ច្បាប់​ជា​លក្ខណៈ​គ្រួសារ ។​

​លោក​ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង​បាន​បកស្រាយ​ថា ការ​ដែលមាន​សកម្មភាព​ជីក​រ៉ែ​មាស​នេះ​គឺ​យូរហើយ លោក​ក៏​មិន​បានដឹង​ច្បាស់​ដែរ បើ​ចង់ដឹង​ច្បាស់​ឲ្យ​សួរ​ទៅខាង​អធិការ​ស្រុក ព្រោះ​ការងារ​ហ្នឹង​លោក​បាន​ឲ្យ​ខាង​អធិការ​ចុះទៅ​ពិនិត្យមើល​ដែរ បើសិន​ជាមាន​សកម្មភាព​លោក​នឹង​បញ្ជា​ឲ្យ​ឈប់ ដើ​ម្បើ​ឲ្យ​សុំច្បាប់​ទម្លាប់​ស្រួលបួល​។ លោក ស៊ី សួន ថែមទាំង​និយាយទៀតថា នេះ​មិនមែនជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះទេ គឺ​គ្រាន់តែ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ។​

​ខណៈពេលដែល​លេច​ឮថា មានការ​ជីក​រ៉ែ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ស្រុក​សៀម​ប៉ាង លោក នូ សុវណ្ណ​តារា ប្រធាន​មន្ទីរ​រ៉ែ​ខេត្តស្ទឹងត្រែង​បាន​បកស្រាយ​និង​បញ្ជាក់ថា ចំពោះ​បញ្ហា​រ៉ែ​នៅ​ស្រុក​សៀម​ប៉ាង​នេះ ខាង​មន្ទីរ​រ៉ែ​ក្រោយពី​បានទទួល​ព័ត៌មាន ជំនាញ​ក៏បាន​ចុះទៅពិនិត្យ​ហើយក៏​បាន​ឲ្យ​ផ្អាក​សកម្មភាព​និង​ស្រង់​យក​ស្ថិតិ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​យល់​ដើម្បី​ឲ្យ​ចូលធ្វើ​ច្បាប់ ឥឡូវ​ខាង​មន្ទីរ​រ៉ែ បានធ្វើ​ការផ្អាក​សកម្ម​ភាព​នៃ​ការជីក​រ៉ែ​នេះហើយ ក៏បាន​ណែនាំ​ឲ្យ​ពួកគាត់​ចូល​រត់​ច្បាប់ ហើយ​បើសិនជា​ពួកគាត់​មិន​រត់​ច្បាប់​នោះទេ ខាង​មន្ទីរ​រ៉ែ​នឹងមាន​វិធានការ​ទៅតាម​ផ្លូវច្បាប់ ។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មូល​ដ្ឋា​ន ក៏ដូចជា​ជំនាញ​នៃ​មន្ទីរ​រ៉ែ បាន​ចុះទៅ​ពិនិត្យមើល នាពេល​ជាង​១​សប្តាហ៍​កន្លងទៅនេះ ហើយ​ជំនាញ​ក៏បាន​សុំ​ផ្អាក តែ​រហូតមក​ដល់ពេលនេះ​សកម្មភាព​ជីក​រ៉ែ​មាស​នៅ​ចំណុច​អូរ​កា​ពី​ន ក្នុង ឃុំ​សន្តិភាព ជាប់​ព្រំប្រទល់​ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី​គឺ​កំពុងតែ​នៅ​បន្តសកម្មភាព​ដដែល ខណៈ​ខាង​មន្ទីរ​រ៉ែ​កំពុង​រង់ចាំ​ការចូល​ខ្លួន​ទៅ សុំច្បាប់​អនុញ្ញាតិ​៕

​    ​

​រ៉ែ​មាស​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​រតនគិរី​ស្ថិតក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង​ត្រូវ​ឈ្មួញ​មួយក្រុម​នាំគ្នា​លួច​ជីក​ដោយ​ខុសច្បាប់​អាជ្ញាធរ​មិនមាន​ចំណាត់ការ​
​រ៉ែ​មាស​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​រតនគិរី​ស្ថិតក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង​ត្រូវ​ឈ្មួញ​មួយក្រុម​នាំគ្នា​លួច​ជីក​ដោយ​ខុសច្បាប់​អាជ្ញាធរ​មិនមាន​ចំណាត់ការ​
​រ៉ែ​មាស​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​រតនគិរី​ស្ថិតក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង​ត្រូវ​ឈ្មួញ​មួយក្រុម​នាំគ្នា​លួច​ជីក​ដោយ​ខុសច្បាប់​អាជ្ញាធរ​មិនមាន​ចំណាត់ការ​