អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ចុះ​វាយ​របង​បើក​ផ្លូវ​៦០៨ជូន​ប្រជា​ពលរដ្ឋ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តីរាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ អាជ្ញាធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​ប៉ាង លី​ដា អភិ​បាល​ស្តី​ទី​ខណ្ឌ​ទួល​គោក​បាន​ចុះវាយ​របង​បើក​ផ្លូវ​លេខ​៦០៨ ក្នុង​សង្កាត់​បឹង​កក់​ទី​២ បន្ទាប់​ពី​មាន​ការ​ឯក​ភាព​ពី​ប្រជា​ពលរដ្ឋ​ទទួល​យក​ដំណោះ​ស្រាយ​រួច​រាល់​ហើយ​នោះ​។

កំណាត់​ផ្លូវ​ដែល​ត្រូវ​វាយ​បើក​គឺ​ផ្លូវ​៦០៨​តភ្ជាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​៥០៦​ទៅ​៦១០ ដែល​មាន​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ចំនួន​១២​គ្រួសារ​បាន​ឯក​ភាព​ជាមួយ​សាលា​រាជ​ធានី​ ដោយ​បើក​ផ្លូវ​ផ្នែក​ខាង​កើត​២​ម៉ែត្រ ចំណែក​ខាង​លិច​៤​ម៉ែត្រ​ដើម្បី​បើក​ផ្លូវ​ឱ្យ​បាន​៩​ម៉ែត្រ​ ជា​គំរោងអភិ​វឌ្ឍ​​របស់​ក្រសួងសាធារណ​ការ​។

គួរ​បញ្ជាក់​ថា ផ្លូវ​ខាងលើ​នេះ​ត្រូវ​បាន​បិទជា​យូរ​ឆ្នាំមក​​ហើយ​ ទើប​តែ​ពេល​នេះ​អាជ្ញា​ធរ​រាជ​ធានី​ រួម​ទាំង​ខណ្ឌ​ទួល​គោក និង​ក្រសួង​សាធារណ​ការ​ចាប់​ផ្តើម​​​ដោះ​ស្រាយ​ជា​បណ្តើរ​ៗដើម្បី​បើក​ផ្លូវ​ឱ្យ​ដំណើរ​ការ​ឡើង​វិញ៕