ប៉ូលិស​ខណ្ឌដង្កោ​បង្ក្រាប​ចោរ​កាច់​សោ​.​ក​ម៉ូតូ

ប៉ូលិស​ខណ្ឌដង្កោ​បង្ក្រាប​ចោរ​កាច់​សោ​.​ក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនី​យ៏​ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចេញ​ប្រតិបត្តិការ​ចាប់ខ្លួន​ចោរ​កាច់ក​ម៉ូតូ​បាន​ចំនួន​៣​នាក់ ខណៈ​ពេល​ដែល​ក្រុម​ចោរ​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ចំណុច​វាលស្រែ ក្នុងភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
មន្ដ្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដែល​ចាប់ខ្លួន​បាន​នោះ ៖
១.​ឈ្មោះ ធឹ​ល ធី​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ  ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ មានស្រុក​កំណើត​នៅ​ក្នុង ភូមិ​មាន​ជ័យ ឃុំ​ទឹកថ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។
២.​ឈ្មោះ ស៊ុន គាំង ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​បុរី​ឡាយ​គង់ ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។
៣.​ឈ្មោះ ហិន នាម ហៅ​នាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បំរើ​ការងារ​ក្នុង​ហាង​លក់​សាច់​អាំង ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។    
នគរបាល​បាន​ឲ្យ​ក៏​ដឹង​ថា ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ក្រុម​ចោរ​មាន​គ្នា​ចំនួន​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​នៅ​តាម​ផ្លូវ និង​ស្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ក្នុងផ្ទះ​របស់​ពួក​គេ ។ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ទូច ណា​រ៉ា អាយុ​៣៨​ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-2002 ។
នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​បូមទឹក​ដាក់​ស្រែ ។ លុះ​ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​លើ​ភ្លឺស្រែ ហើយ​បាន​ដើរ​សំដៅ​ទៅ​កន្លែង​បូមទឹក​ដែល​មាន​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ​ប៉ុណ្ណោះ ក៏​ត្រូវ​ក្រុម​ចោរ​បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​កាច់​សោក​ជិះ​ចេញ​គេចខ្លួន​យ៉ាង​ប្រញាប់ ។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ស្រែក​ឆោឡោ​ថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល និង​បាន​ប្ដឹង​សមត្ថកិច្ច​ភ្លាម​ៗ ហើយ​ត្រូវ​បាន​លោក​វរ​សេនី​យ៏​ទោ ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌ​ដឹកនាំ​កម្លាំង​ចេញ​ស្ទាក់​គ្រប់កន្លែង និង​ចាប់ខ្លួន​បាន​ម្នាក់ ភ្លាម​ៗ គឺ​ឈ្មោះ ឆឹ​ល ធី រួច​នាំ​ទៅ​សាកសួរ​ទើប​បន្ត​ទៅ​ចាប់ខ្លួន​ឈ្មោះ ស៊ុន គាំង​ហៅ​ម៉ា​ប់ និង​ឈ្មោះ ហិន នាម ហៅ​នាង ទៀត ។ ក្រោយ​ពេល​កើតហេតុ នគរបាល​ខណ្ឌដង្កោ​ដកហូត​បាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-2002 ដែល​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទើប​កាចក​មិ​ញ​នេះ និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1D-5341  ជា​ម៉ូតូ​ដែល​ចោរ​ក្រុម​នេះ​ជិះ​ធ្វើ​សកម្មភាព ជាមួយ​ឧ​បករ​ណ៏​សំរាប់​កាច់ក​ម៉ូតូ​ចំនួន​១ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​អិន​ចុច​ពិល ពណ៌​ផ្កាឈូក​ចំនួន​០២​គ្រឿង កូនសោរ​ម៉ូតូ​ចំនួន​២ សោរ​សម្រាប់​ដោះ​ខ្ចៅ​ម៉ូតូ​មួយ​ចំនួន ប័ណ្ណ​សំគាល់​យានយន្ត លេខ​ព្រៃវែង 1D-5341 ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ ហយ ហុ​ន ១​សន្លឹក ៕