ហាង​ខារ៉ាអូខេ​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​ដណ្តើម​ម៉ូយ​ពេល​រាត្រី

ហាង​ខារ៉ាអូខេ​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​ដណ្តើម​ម៉ូយ​ពេល​រាត្រី

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ចាប់​ម៉ូយ​នៅ​ក្នុង ហាង Karaoke ពីរ​កន្លែង ដែល​មា​នទី​តាំងនៅ​ជាប់​គ្នា បាន​ផ្ទុះ​ជម្លោះ​ដោយ​ពាក្យ​សម្ដី​យ៉ាង​ជូរ​ចត់ ហើយដោយ​មានការ​កាន់ជើង​ពី​ថៅកែ​និង​មេការ​រៀង​ៗ​ខ្លួន​ផង​នោះ ក៏​ឈាន​ដល់​ការ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ និង​បង្ក​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​អ្នក​រស់នៅ​ជិតខាង នៅ​វេលា​រំលង​អធ្រាត្រ ។ ការ​ប្រទូស្ត​រ៉ា​យ​នេះ​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​បែកក្បាល ម្នាក់​ផង​ដែរ ។
ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ធ្នូ នៅ​ចំណុច​ហាង​ខារ៉ាអូខេ «​សប្បាយ​រាត្រី​» និង​ហាង​ខារ៉ាអូខេ «​ស្កា​យ​ស្តារ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​តំបន់​មាន​ហាង​ខារ៉ាអូខេ រាប់​សិប​ទីតាំង ដែល​គេ​ឱ្យឈ្មោះ​ថា តំបន់​ឋានសួគ៌​លោកិយ ។
តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ភ្ញៀវ​ទៅ​រក​កន្លែង​ច្រៀង​ខារ៉ាអូខេ ហើយ​ក្រុម​អ្នក​ចាប់​ម៉ូយ​ប្រចាំ​នៅ​ហាង​ទាំង​ពីរ​នោះ​បាន​ដណ្ដើម​គ្នា ហៅ​ម៉ូយ​ឱ្យ​ចូល​ទៅ​ក្នុង​ហាង​របស់​គេ​រៀង​ៗ​ខ្លួន ។ ដែល​ការ​ចាប់​ម៉ូយ​នោះ​មាន​ភាព​អនាធិបតេយ្យ ពេញ​ដងផ្លូវ​និង​ស្រែក​ឡូឡា ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ​បំផុត ។ ពេល​នោះ​ទំនាស់​ពាក្យ​សម្ដី ក៏​បាន​កើតឡើង​យ៉ាង​ស្រួចស្រាល់ ហើយ​ភាគី​ម្ខាង​ៗ​ដោយ​មានការ​គាំទ្រ​ពី​សំណាក់​ថៅកែ និង​មេការ​ហាង​រៀង​ៗ​ខ្លួន​ផង​នោះ ក៏​ឈាន​ដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ភ័យ​ខ្លាច​ដល់​លំនៅ​ឋាន ដែល​រស់នៅ​ក្បែរ​នោះ ។ ទំនាស់​នេះ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ដែល​ជា​អ្នក​ហៅ​ម៉ូយ​ប្រចាំ​នៅ​ក្នុង​ហាង «​ស្កា​យ​ស្តារ​» រង​របួស​ក្បាល​ដោយសារ​ភាគី​ហាង «​សប្បាយ​រាត្រី​» វាយ​នឹង​ឈើ​ជ្រុង ហើយ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ។
អ្នក​រស់នៅ​ទីនោះ​បាន​និយាយ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤​នោះ មាន​សភាព​ស្ងប់ស្ងាត់​និង​សុវត្ថិភាព ស្រួល​រស់នៅ​ខ្លាំង​ណាស់ មិន​ដែល​កើត​មាន​បាតុភាព​ហិង្សា វាយតប់​គ្នា បាញ់បោះ​សេរី បោក​កែវ​បោក​ចាន និង​ដេញ​វាយ​គ្នា​ប្រ​សេក​ប្រសាច​បែប​នេះ​ឡើយ ។ ប៉ុន្តែ​មួយ​រយៈពេល ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​ហាង​ខារ៉ាអូខេ និង​កន្លែង​ផឹកស៊ី​ស្រី​ញី​អូន​បង ច្រើន​ស្អេកស្កះ​ពោរពេញ​ទៅ​ដោយ​ភ្លើងពណ៌ បញ្ហា​ខាងលើ​ក៏​ចាប់ផ្តើម​កើត​ឡើងជា​បន្តបន្ទាប់ ។ ជា​ពិសេស មាន​ទាំង​ការ​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង​។ ហើយ​ការ​ដេញ​វាយ​គ្នា​នោះ ផ្តើម​ចេញ​តែ​ពី​រឿង​ដណ្ដើម​ម៉ូយ​គ្នា​នោះ​ឯង ដែល​ជា​រឿង​ដដែល​ៗ ធ្លាប់​កើត​មាន​ជា​ញឹកញាប់​នា​ពេល​កន្លង​មក ព្រោះ​មុខរបរ​ដូច​គ្នា​ពិបាក​រស់នៅ​ជិត​គ្នា​ណាស់ ។
អ្នក​រស់នៅ​ជិតខាង​និយាយ​ថា កន្លង​មក​ពួក​គាត់​ធ្លាប់​ល្បី​ថា​នៅ​ក្នុង​ប្លុក​ទំនប់​ទួល​គោក ប្លុក​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ប្លុក​ក្រសាំងផ្អែម និង​ត្រឡោក​បែក នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​សភាព​រញ៉េរញ៉ៃ មាន​បន​ពេស្យាចារ ប៉ុន្តែ​ឥឡូវនេះ​តំបន់​ខាងលើ ក្លាយទៅជា​កន្លែង​ស្ងប់ស្ងាត់​អស់​ទៅ​ហើយ ។ ឯការ​រកស៊ី​ផ្លូវភេទ ប្រើប្រាស់​គ្រឿងញៀន ឬ​ការ​រកស៊ី​បែប​អនាធិបតេយ្យ​ផ្សេង​ៗ បែរជា​ដល់​វេន​ធ្លាក់​មក​ដល់​ផ្លូវ​២០០៤ នេះ​វិញ​ម្ដង ។
មិនតែប៉ុណ្ណោះ កន្លង​មក​ថ្មី​ៗ​នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​កោះហៅ​ថៅកែ​ហាង​ទាំងអស់ មាន​ទាំង​ហាង​ខារ៉ាអូខេ ភោជនីយដ្ឋាន ហាង​ម៉ាស្សា​កោស​ជប់ ក្លិប​ឌី​ស្កូ ជាដើម​ទៅ​ប្រជុំ​ប្រាប់​ពី​គោលការណ៍ និង​ច្បាប់​នានា​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់​ហាង​ទាំងនោះ ខ្លះ​មិន​បាន​គោរព​តាម​ទេ ថែម​ទាំង​ផ្គើន​ទៀត ។ ដូច្នេះ​អាជ្ញាធរ​គួរតែ​មាន​វិធានការ​តឹងរ៉ឹង​ថែម​ទៀត ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ខណ្ឌ​របស់​ខ្លួន ។
ទោះបី​បែប​ណា កន្លង​មក​អាជ្ញាធរ​បាន​ចុះ​បិទ​ហាង​ជា​ច្រើន​ទីតាំង​រួច​មក​ហើយ បន្ទាប់​ពី​មាន​ជម្លោះ​ដណ្ដើម​ម៉ូយ​កើតឡើង ។ ដូច្នេះ​មហាជន​ចាំ​មើល​ហាង​ទាំង​ពីរ​ខាងលើ​នេះ តើ​អាជ្ញាធរ​ហ៊ាន​ចុះ​បិទ​អត់ ព្រោះ​ឮ​ថា​សុទ្ធតែ​មាន​ខ្នងបង្អែក​ធំ​ៗ​គួរសម​រៀង​ៗ​ខ្លួន​ដែរ ៕