សិស្ស​យំ​ពេញ​វិទ្យាល័យ​សង្ស័យ​ព្រាយ​ដើម​ពោធិ៍​កាច់

សិស្ស​យំ​ពេញ​វិទ្យាល័យ​សង្ស័យ​ព្រាយ​ដើម​ពោធិ៍​កាច់

ខេត្តសៀមរាប ៖ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​គោក​ដូង​ប្រមាណ​ជាង​៣០​នាក់ ដែល​រៀន​នៅ​ថ្នាក់​ទី​៩ និង​ទី​១១ បាន​កើត​អាការ​ឈឺក្បាល​និង​អង្គុយ​ទ្រហោយំ​ត​ៗ​គ្នា​ពី​មួយ​ទៅ​មួយ ខណៈ​ពេល​ចេញលេង ហើយ​ការ​ខ្ទប់​មុខ​ស្រែកយំ​នេះ​គឺ​មិនដឹង​ពី​មូលហេតុ​ឡើយ ។
ហេតុការណ៍​ចម្លែក​មិន​ធ្លាប់​មាន​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១១ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ នៅ​មិន​ទាន់​បាត់​យំ ។ វិទ្យាល័យ​ខាងលើ​ស្ថិត​នៅ ក្នុងភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។
ដោយសារ​សិស្ស​ទាំងនោះ​ចេះ​តែ​ឈឺក្បាល​បែប​នេះ ក្រុម​អ្ន​ភូមិ​និង​អ្នក​អាណាព្យាបាល​សិស្ស​ដែល​មាន​ជំនឿ​ទៅ​លើ​ខ្មោច​ព្រាយ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​ឱ្យ​លោក​អាចារ្យ​រៀបចំ​បាយ​សម្ល​ដើម្បី​សែនព្រេន​ដល់​អារក្សអ្នកតា​នៅ​ក្រោម​ដើម​ពោធិ៍​ដ៏​ធំ​មួយ​នៅ​ក្រោយ​សាលា សុំ​សេចក្ដីសុខ និង​សេចក្ដីចម្រើន ព្រមទាំង​សុំ​កុំឱ្យ​ធ្វើបាប​សិស្ស​នៅ​វិទ្យាល័យ​គោក​ដូង​នេះ​តទៅ​ទៀត ។ មានការ​បន់​ស្រង​ថា បន្ទាប់​ពី​បាន​ហូប​ហូរហៀរ​ហើយ​នោះ  សូម​នាំ​គ្នា​ដើរ​ចេញពី​ទី​នេះ ទៅ​ឱ្យ​ឆ្ងាយ​ពី​សាលារៀន​នេះ​ទៅ ។
លោក សុខ ស៊ី​ផា នាយក​វិទ្យាល័យ​គោក​ដូង ថ្លែង​ថា ការ​ដែល​សិស្សសាលា​របស់​លោក​មាន​សភាព​បែប​នេះ លោក​ពិបាកចិត្ត​ណាស់ ព្រោះ​តាំងពី​លោក​មក​ធ្វើ​ជា​នាយក​សាលា​នេះ​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ ព្រមទាំង​បាន​ក្រុម​អង្គការ​ជប៉ុន មក​ជួយ​ឧបត្ថម្ភក​សាងសាលា​ពី​អនុ​វិទ្យាល័យ​រហូត​ដល់​វិទ្យាល័យ​មាន​រយៈពេល​៤​ឆ្នាំ​ហើយ មិន​ដែល​មាន​បាតុភូត​ចម្លែក​បែប​នេះ​ឡើយ ។
លោកនាយក​វិទ្យាល័យ​បន្ត​ថា អាការ​សិស្ស​ស្រែកយំ​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១១ ខែធ្នូ ពេល​សិស្ស​ចេញលេង​ក៏​នាំ​គ្នា​អង្គុយ​យំ​រងុំ ។ លុះ​សួរ​ទៅ​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​ឈឺក្បាល​និង​ណែន​ដើមទ្រូង​មិន​ឈប់​សោះ ខណៈ​ពួក​គេ​បានឃើញ​គ្នា​យំ ក៏​នាំ​គ្នា​យំ​ត​ៗ​គ្នា​រហូត​មាន​ជាង​១០​នាក់ រួច​លោក​ក៏​បាន​ពឹង​គ្រូ​ប្រចាំ​ថ្នាក់​ឲ្យ​ជួយ​ដឹក​យក​ទៅ​ផ្ទះ​ឱ្យ​ឪពុក​ម្ដាយ​របស់​ពួក​គេ ។
លោក​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ក៏​ឃើញ​មានការ​ស្រែកយំ​ដូច្នេះ​ទៀត​រហូត​រាលដាល​ដល់​ទៅ​២​ថ្នាក់ គឺ​ថ្នាក់​ទី​៩ និង​ទី​១១ មាន​ចំនួន​៣៥​នាក់ ទើប​លោក​សម្រេចចិត្ត​ឱ្យ​ពួក​គេ​ឈប់​រៀន​មួយ​រយៈ​សិន ដើម្បី​រក​គ្រូ​ទស្សន៍​ទាយ​មើល និង​ឱ្យ​យក​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ប៉ុន្តែ​លោក​មិន​ជឿ​ថា​មាន​ខ្មោច ព្រាយ​បិសាច​ស្អី​ទេ ហើយ​បញ្ហា​ទាំងនេះ​លោក​ហាក់ដូចជា​មិនសូវ​ជឿ​ទាំងស្រុង​នោះ​ទេ ពីព្រោះ​វា​មិន​ធ្លាប់​មាន ។
ចំណែក​លោក ចាន់ រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​គោក​ត្របែក រៀបរាប់​ប្រាប់​ថា គាត់​ជា​អ្នក​រស់នៅ​ជិត​សាលា​នេះ​បានឃើញ​សិស្ស​ទាំង​អស់នោះ​នាំ​គ្នា​អង្គុយ​បោច​សក់​ធាក់​ដី​យំ គឺ​គាត់​មិន​ដែល​ឃើញ​បែប​នេះ​ទេពី​មុន​មក ។ ប៉ុន្តែ​រឿង​ថា​មាន​ខ្មោច​ចូល​នោះ ក៏​គាត់​មិន​ជឿ​ដែរ ព្រោះ​តាំងពី​មក​រស់នៅ​ទី​នេះ គាត់​មិន​ដែល​ឃើញ​ខ្មោច​ព្រាយ​បិសាច​ស្អី​មក​លង ឬ​ធ្វើបាប​នរណា​ម្នាក់​សោះ ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​កើតហេតុ​ចម្លែក​បែប​នេះ ។ តាម​ការ​ស្មាន​របស់​គាត់ គឺ​ប្រហែល​មាន​គេ​ចង់​សាកល្បង​លេងសើច​ជាមួយ​លោកនាយក​សាលា​នេះ​ហើយ​មើលទៅ ។
រីឯ​លោក​អាចារ្យ និង​លោកយាយ ដែល​ជា​ចាស់ទុំ​រស់នៅ​ក្នុងភូមិ​គោក​ដូង​នេះ និយាយ​ប្រហាក់ប្រហែល​គ្នា​ថា គាត់​រស់នៅ​ទី​នេះ​តាំងពី​ក្មេង​រហូត​ដល់​ចាស់​ចង់​ស្លាប់​ទៅ​វិញ​ទៅ​ហើយ មិន​ដែល​ឮ​ថា​មាន​ខ្មោច​អារ​ក្យ​អ្នកតា​ណា​មក​លលេង​ជាមួយ​អ្នក​ភូមិ​ទេ ទើបតែ​ពេល​នេះ​ឃើញជាក់ស្តែង ។ ពួក​គេ​មក​លេងសើច​ជាមួយ​កេ្ម​ង​បែប​នេះ គឺ​មិន​សម​ទាល់តែ​សោះ ព្រោះ​អី​សិស្ស​ទាំង​អស់នេះ​មិន​ដែល​ព្រហើន​ទៅ​លេងសើច​ជាមួយ​ខ្មោច​បិសាច​ទេ ។
លោកតា​អាចារ្យ​និយាយ​ទៀត​ថា មុនគេ​មក​លេងសើច​ជាមួយ​សិស្ស​នេះ គឹ​ពួក​គេ​ចង់​សាកល្បង​ជាមួយ​សិស្ស​ពូកែ​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំងអស់​ដែល​រៀន​នៅ​ទី​នេះ ។ ក្រោយ​ពី​បាន​ធ្វើ​ឱ្យ​សិស្ស​ពូកែ​ម្នាក់​នោះ​ឈឺក្បាល ហើយ​ឪពុក​ម្តាយ​របស់​សិស្ស​នោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​ខាង​ពេទ្យ​ប្រាប់​ថា គ្មាន​រោគា​អ្វី​ទេ ទើប​គាត់​សន្និដ្ឋាន​ថា គឺ​មាន​តែ​ខ្មោច​ព្រាយ​បិសាច​ពិតប្រាកដ​មែន​នៅ​ខាងក្រោយ​សាលារៀន​នេះ ប្រហែលជា​មាន​គេ​បញ្ជា​មក​ហើយ ទើប​ធ្វើ​ដូច្នេះ ។
លោកតា​អាចារ្យ​បញ្ជាក់​ថា ដោយសារ​រឿង​ខ្មោច​ព្រាយ​បិសាច​នេះ​ហើយ ទើប​ឪពុក​ម្តាយ​ទៅ​អញ្ជើញ​ពួក​គាត់​ឲ្យ​មក​ធ្វើ​ពិធីសែនព្រេន​បាយ​សម្ល​ឱ្យ​អា​រុក្ខ​អារក្សអ្នកតា ខ្មោច​ព្រាយ​បិសាច​ដើម​ពោធិ​ទាំងនេះ​បាន​ស៊ី ហើយ​កុំ​ធ្វើបាប​ក្មេង​ៗ សិស្សសាលា​កំពុង​រៀន​នៅ​ទី​នេះ​តទៅ​ទៀត ដើម្បី​ឱ្យ​ពួក​គេ​បាន​រៀនសូត្រ​កុំឱ្យ​មានរឿង​ដូច​ថ្ងៃនេះ​ទៀត ។ បើ​ធ្វើ​ហើយ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត គាត់​នឹង​និមន្ត​ព្រះសង្ឃ​ចំនួន​៨​អង្គ​ព័ទ្ធសីមា​ជុំវិញ​សាលារៀន​គោក​ដូង​នេះ ដើម្បី​ធ្វើ​ពិធី​ដេញ​ពួក​ព្រាយ​បិសាច​ចេញ​ឱ្យ​អស់​កុំឱ្យ​ពួក​គេ​ធ្វើបាប​សិស្សសាលា​តទៅ​ទៀត ៕