ទំនាស់​គ្នា​តិចតួច​រឿង​ទារប្រាក់​បាញ់​ស្លាប់​2​នាក់​របួស​2​នាក់

ទំនាស់​គ្នា​តិចតួច​រឿង​ទារប្រាក់​បាញ់​ស្លាប់​2​នាក់​របួស​2​នាក់

រាជធានី​ភ្នំពេញ ៖ លោក ជុក ឡាយ អាយុ​៦៣​ឆ្នាំ ជា​ប្រធាន​ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ក្នុង​ជម្លោះ​ត្រូវ​គេ​បាញ់ប្រហារ និង​កូនប្រុស​ម្នាក់​ទៀត​របស់​គាត់​ឈ្មោះ ប៊ុ​ន លឿន​អាយុ​២៨​ឆ្នាំ ក៏​ត្រូវ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​មនុស្ស​២​នាក់​ទៀត ក៏​រង​របួសធ្ងន់​កំពុង​ទទួល​ការ  សង្គ្រោះ ។ ជម្លោះ​ឈាន​ដល់​ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​២២C ផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ។
ប្រភព​ព័ត៌មាន​ជុំវិញ​រឿង​នេះ​បានឱ្យ​ដឹង​ថា ប្រធាន​ភូមិ​លោក ជុក ឡាយ ហៅ​តា​ឡាយ​កន្លង​មក​បាន​ពឹងពាក់​លោក កែវ សុវណ្ណ​រិ​ទ្ធិ ហៅ​ឡុ​ង ឱ្យ​ជួយ​ដើរ​ទារប្រាក់​ថ្លៃ​ភ្លើង​ដែល​បំពាក់​បំភ្លឺ​តាម​ដងផ្លូវ ព្រោះ​ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធិ ចេះ​ភាសា​ចិន ដែល​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ជនជាតិ​ចិន​រស់នៅ ។ ប្រភព​ដដែល​និយាយ​ថា តា​ឡាយ ប្រធាន​ភូមិ​តែងតែ​មក​សួរនាំ​រឿង​លុយ​ភ្លើង​នេះ ព្រោះ កែវ សុវណ្ណ​រិ​ទ្ធិ ឱ្យ​មិន​ដែល​គ្រប់ ។  ទំនង​ឱ្យ​ខ្វះ ហើយ​តែងតែមាន​ទំនាស់​គ្នា ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ធ្នូ​នេះ វេលា​ម៉ោងជាង​៣​រសៀល តា​ឡាយ​បាន​មការ​ទៀត ក៏​កើត​មាន​ទំនាស់​គ្នា​ខ្លាំង​ទៅ​ខ្លាំង​មក ។ សម្តី​ដៀល​ទៅ​ដៀល​មក​បែប​ខ្លាំង​ៗ តា​ឡាយ​បាន​ទូរស័ព្ទ​ហៅ​កូន​ឱ្យមក​ជួយ ។
មួយសន្ទុះ​ក្រោយមក ឈ្មោះ ប៊ុ​ន លឿន អាយុ​២៨​ឆ្នាំ ជា​កូន​របស់​ឈ្មោះ ជុក ឡាយ និង​ចៅ​ម្នាក់​ទៀត​ឈ្មោះ ប៊ុ​ន រិ​ទ្ធី អាយុ​១៩​ឆ្នាំ ក៏​បាន​មក​ដល់​កន្លែង ដែល​មាន​ជម្លោះ​នេះ ដោយ​មាន​កាន់​ដាវ​សា​មូ​រ៉ៃ ជាប់​ខ្លួន ។ ពេល​មក​ដល់​ក៏​ធ្វើ​សកម្មភាព​ចាក់ និង​កាប់​ទៅ​លើ​ភាគី​ម្ចាស់ផ្ទះ​ឈ្មោះ កែវ វណ្ណ​រ៉ា អាយុ​៣៤​ឆ្នាំ បណ្ដាល​ឱ្យ​រង​របួស ។ ភ្លាម​នោះ​ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធិ ជា​ប្អូន​ម្ចាស់ផ្ទះ​ដែល​ធ្វើ​ជា​ប៉ូលិស​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក៏​បាន​ដក​កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក បាញ់​រះ​ទៅ​លើ​ក្រុម​គ្រួសារ​លោក​ប្រធាន​ភូមិ​តែ​ម្ដង បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ គឺ​លោក​ប្រធាន​ភូមិ ។ ចំណែក​២​នាក់​ទៀត​ជា​កូន​និង​ចៅ​ក៏​ត្រូវ​គ្រាប់កាំភ្លើង​ដែរ​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ តែ​មិន​អាច​សង្គ្រោះ​បានកូន​ប្រុស​លោក​ប្រធាន​ភូមិ​ឈ្មោះ ប៊ុ​ន រិ​ទ្ធី ក៏​បាន​ស្លាប់ ។ ចំណែក​ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធិ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់   ម៉ែ​ត ។ ដោយឡែក​ឈ្មោះ កែវ វណ្ណ​រ៉ា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។
ប្រភព​ព័ត៌មាន​ដោយឡែក​មួយទៀត​បានឱ្យ​ដឹង​ថា លោក ជុក ឡាយ ដែល​ជា​ប្រធាន​ភូមិ​មក​សួរនាំ​រឿង​ចុងសន្លឹក​ដើម្បី​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ក្នុង​មូលដ្ឋាន​ហើយ​ក៏​កើត​មាន​ជម្លោះ​ជាមួយ​ម្ចាស់ផ្ទះ​តែ​ម្ដង​ទៅ ។ តែបើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ កែវ វ​ណ្ណា​រ៉ា ជា​បង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រឿងរ៉ាវ​ដែល​កើតជា​ហិង្សា​ខាងលើ​នេះ គឺ​ផ្ដើម​ចេញពី​លោក ជុក ឡាយ ប្រធាន​ភូមិ​៤​នោះ​មក​ទារ​លុយ​ថ្លៃ​អំ​ពូ​ល​ភ្លើងគោម​ហើយ​ក៏​ផ្ទុះ​ហិង្សា​រហូត​២​ដង ផ្ទួន​ៗ​គ្នា ទើប​ឈាន​ដល់​ការ​កាប់​ប្រហារ​និង​បាញ់​សម្លាប់​គ្នា​តែ​ម្តង​ទៅ ។
ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ទំនាស់​ហិង្សា​ផ្ដើម​ចេញពី​ពាក្យ​សម្តី ហើយ​ភាគី​ទាំង​សងខាង​ព្រួត​គ្នា​ឈ្លោះ​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​ផ្ទុះ​ហិង្សា​បង្ហូរឈាម​រហូត​មាន​អ្នក​ស្លាប់ និង​របួស ។
ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធិ របួស​ក្បាល​ដោយ​ការ​កាប់​ពី​គូប​ដិ​បក្ស​ដែល​តាម​ដំណឹង​ថា របួសធ្ងន់​ណាស់ ។ ដោយឡែក​អ្នក​ស្លប់​ត្រូវ​ក្រុម​គ្រួសារ​លើកយក​ទៅ​ធ្វើបុណ្យ តាម​ទំនៀមទម្លាប់​ទាំង​ការ​ឈឺចាប់ ។
នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ប្រមូល​បាន​សម្បក​គ្រាប់​ជា​ច្រើន​គ្រាប់ ដូច្នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ខ្មាន់កាំភ្លើង​ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធិ បាន​បាញ់​រះ​មក​លើ​ក្រុម​គ្រួសារ លោក​ប្រធាន​ភូមិ រហូត​អស់​គ្រាប់​ពី​បង់ ។
ឈ្មោះ កែវ វណ្ណ​រ៉ា បាន​បញ្ជាក់​បន្ថែម​ថា បើសិនជា​ប្អូន​របស់​ខ្លួន​គ្មាន​អាវុធ​ជាប់​នឹង​ដៃ​ទេ​នោះ ម្ល៉េះ​ត្រូវ​កូន និង​ចៅ​របស់​ឈ្មោះ​ជុក ឡាយ កាប់សម្លាប់​គ្មាន​ញញើត​ដៃ​ស្លាប់​ទាំងអស់​គ្នា​មិន​ខាន ។
នេះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា អ្នក​ស្លាប់​ទៅ​ហើយ ក៏​ស្លាប់​ទៅ​ចុះ​តែ​អ្នក​នៅរ​ស់ត្រូវ​កសាង​សំណុំរឿង​ផ្តន្ទាទោស​ទាំងអស់​គ្នា ។សូម​បញ្ជាក់់​បន្ថែម​ផង​ដែរ​ថា សព​លោក ជុក ឡាយ ត្រូវ​បាញ់ប្រហារ​ស្រោច​ខ្លួន​ចំនួន​៥​គ្រាប់ ។ ចំណែក​បុរស​ជា​កូន​របស់​គាត់​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ ត្រូវ​មួយ​គ្រាប់​ចំ​ក្បាល ចៅ​ត្រូវ​មួយ​គ្រាប់​ចំ​ដើមទ្រូង កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ ៕