ច្រៀង​ខារ៉ាអូខេ​និង​ស្រវឹង​ផង ខឹង​មេការ​ស្រី​ចាប់​ទះកំភ្លៀង​១​ដៃ

រាជធានី​ភ្នំពេញ ៖ បុរស​មួយ​ក្រុម​មាន​គ្នា​២០​នាក់ ចូល​ច្រៀង​ខារ៉ាអូខេ​ស្រវឹងស្រា​ទៅ​ផ្ទះ​អស់​នៅ​សល់​តែ​២​នាក់ ស្រាប់តែ​បុរស​ម្នាក់​បាន​វាយ​មេការ​ខារ៉ាអូខេ​ស្រី​មួយ​កំភ្លៀង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុង​ខារ៉ាអូខេ «​អ៊ី​ម​ភើ​រៀល​» តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​មេការ​រង​គ្រោះ​ឈ្មោះ​ស្រី​លក្ខ​ណ័ អាយុ​២៧​ឆ្នាំ ជា​មេការ​ខារ៉ាអូខេ «​អ៊ី​ម​ភើ​រៀល​» ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ មានស្រុក​កំណើត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។ រីឯ​ជន​បង្ក​មិន​ស្គាល់ឈ្មោះ មាន​អាយុ​ប្រហែល​២៧​ឆ្នាំ ។

តាម​ប្រភព​ព័ត​មាន​ពី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​បង្ក​និង​មិត្តភក្តិ​មាន​គ្នា​៨​នាក់ សុទ្ធតែ​ប្រុស​ៗ​បាន​នាំ​គ្នា​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ក្នុង​បន្ទប់​វី​អាយ​ភី ដោយ​ហៅ​នារី​កំដរ​ម្នាក់​មួយ​រួចរាល់​អស់ហើយ ដោយសារ​គាត់​ជា​មេការ​បាន​ចូល​ទៅ​រាក់ទាក់​ជាមួយ​ភ្ញៀវ ក៏​ត្រូវ​ជន​នោះ​ដេញ​ចេញ​ក្រៅ គាត់​ក៏​បាន​ចេញ​ក្រៅ​មិន​បាន​ចូល​ទៀត​ទេ ។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ជា​ម៉ោង​ចេញពី​ធ្វើការ ព្រោះ​ភ្ញៀវ​ចេញ​អស់ហើយ ចំណែក​បន្ទប់​ជន​បង្ក​ក៏​ចេញ​ទៅ​អស់​ដែរ នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ គឺ​ជន​បង្ក​និង​មិត្តភក្តិ​ម្នាក់​ទៀត ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់ ដើម្បី​បបួល​មិត្តភក្តិ​ស្រី​ដែល​ជា​បុគ្គលិក​នៅ​កំដរ​ជន​បង្ក​នៅ​ក្នុង​បន្ទប់​ដើម្បី​ទៅ​ញ៉ាំ​ស៊ុប ខណៈ​ពេល​គាត់​បាន​បើកទ្វារ​បន្ទប់​ហើយ​ចូល​ទៅ​ហៅ​មិត្ត​របស់​គេ​ម្នាក់​នោះ ស្រាប់តែ​ជន​បង្ក​បាន​ដេញ​ជន​រង​គ្រោះ​ចេញ​ក្រៅ​ហើយ​ស្ទុះ​មក​ទះកំភ្លៀង​ជន​រង​គ្រោះ​ចំនួន​មួយ​កំភ្លៀង​ទៀត​ផង ។ មិនតែប៉ុណ្ណោះ ជន​បង្ក​បាន​ចេញ​មក​ខាងក្រៅ​ស្រែក​ឡូឡា​ថែម​ទាំង​និយាយ​ទាំង​ក្អេងក្អាង​ថា ចង់​ហៅ​អ្នក​ណា​ក៏​គេ​មិន​ខ្លាច​ដែរ ដោយសារ​តែ​ពេល​នោះ​គេ​ស្រវឹង​ខ្លាំង​ពេក ។ 

លុះ​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ ដោយ​ភាគី​ទាំង​សងខាង​និយាយ​មិន​ត្រូវ​គ្នា ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​អ្នក​ទាំង​២​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ធ្វើការ​ដោះស្រាយ ដោយពេល​មក​ដល់​ប៉ុស្ដិ៍​នគរបាល​អ្នក​ទាំង​២​នាក់​បាន​និយាយ​សម្របសម្រួល​គ្នា​ជិត​កន្លះ​ម៉ោង ហើយដោយ​សារ​តែ​ជន​បង្ក​បាន​ព្រម​ទទួលកំហុស ហើយ​ជន​រង​គ្រោះ​យល់​ថា ជន​បង្ក​ជា​ភ្ញៀវ​ចូល​ច្រៀង​ខារ៉ាអូខេ​ផង ព្រមអោយ​ជន​បង្ក​សុំ​ទោស និង​គ្រាន់តែ​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ចប់រឿង​តែ​ប៉ុណ្ណោះ ៕