បឹង​ទន្លេសាប​អ្នកនេសាទ​យួន​វ៉ៃ​ខ្មែរ​ផ្អើល​ត្រី

ខេត្តសៀមរាប ៖ អ្នកនេសាទ​ខ្មែរ​ចំនួន​១៨​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល​ដោយសារ​តែ​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រមាណ​៥០​នាក់ ប្រើ​កាណូត​នេសាទ​ខុសច្បាប់​ចំនួន​២​គ្រឿង​មក​ព្រួត​គ្នា​វាយប្រហារ​នៅ​ក្នុង​បឹង​ទន្លេសាប កាលពី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ នៅ​ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ។

ក្រុម​អ្នកនេសាទ​ខ្មែរ​ទាំងនោះ ខ្លះ​រង​របួស​បែកក្បាល ត្រូវ​បាន​គ្រូពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ និង​ខ្លះ​ទៀត​កំពុង​គ្រាំគ្រា​ដោយ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ជំនួយ​សុខភាព​នៅឡើយ បន្ទាប់​ពី​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​ដែក និង​ពូថៅ ដេញ​វាយ​សំពង​ពួក​គាត់​ដោយ​មិនដឹង​មូលហេតុ ។

យុវជន​ម្នាក់​ឈ្មោះ លុយ ន​ង រស់នៅ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ក្នុង​ចំណោម​គ្នីគ្នា​១៤​នាក់​ផ្សេង​ទៀត ដែល​រង​របួស​ដោយសារ​តែ​អ្នកនេសាទ​វៀតណាម​ចោមរោម​វាយ បាន​រៀបរាប់​ទាំង​ដៃ​ដាក់​សេរ៉ូម​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥ ខែធ្នូ ថា កាលពី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ កន្លង​ទៅ រូបគេ​និង​អ្នក​ភូមិ​១៤​នាក់​ទៀត បាន​នាំ​គ្នា​ចេញ​ទៅ​ដាក់​មង​នៅ​ក្នុង​អតីត​តំបន់​ឡូត៍​លេខ​៤ បឹង​ទន្លេសាប ។ នៅ​យប់​នោះ ពួក​គេ​ប្រទះ​ឃើញ​កាណូត​របស់​ជនជាតិ​វៀតណាម​២​គ្រឿង​ធំ​ៗ​មក​ពី​តំបន់​ចុង​ឃ្នៀស ក្រុង​សៀមរាប ប្រើ​យ៉ាំ​ង​កាវ​យ៉ាង​វែង ចាប់ផ្ដើម​អូស​យក​ត្រី​ដោយ​ខុសច្បាប់​មក​ដល់​តំបន់ហាមឃាត់​នេះ​។

យុវជន​រង​របួស​រូប​នេះ​បញ្ជាក់​ថា ដោយ​ឃើញ​ដូច្នេះ​ក្រុម​របស់​គាត់​ក៏​ហាម​មិន​ឱ្យ​ជនជាតិ​វៀតណាម​ទាំងនោះ​អូស​ទៅ​តំបន់​ដែល​ពួក​គាត់​កំពុង​ដាក់​មង​ទេ ។ ក៏​ប៉ុន្តែ​ជនជាតិ​វៀតណាម​ទាំងនោះ​មិន​ស្ដាប់​ឡើយ គឺ​អូស​ទៅ​បំផ្លាញ​មង ហើយ​ក៏​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួក​គាត់​តែ​ម្ដង ។

អ្នកនេសាទ​ដដែល​និយាយ​ថា ពេល​ក្រុម​ខ្លួន​ទៅ​ដល់​ឃើញ​ជាប់​មង ក៏​ហៅ​មេក្រុម​វៀតណាម​ទាំងនេះ​មក​សាកសួរ តែ​មេ​គេ​នេះ​មិន​មក​ទេ និង​បើកកាណូត​ចេញ​ទៅ ហើយ​ទូរស័ព្ទ​ហៅ​គ្នា​មក​ថែម​ទៀត ។ ពេល​នោះ​ក្រុម​ជន​វៀតណាម​បើកកាណូត​មក​ដល់​ក៏​នាំ​គ្នា​វាយ​ពួក​គេ​តែ​ម្តង ។

ជុំវិញ​ករណី​ខាងលើ លោក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​វៀតណាម​ទាំងនោះ គឺ​កើតឡើង​នៅ​កណ្ដាល​បឹង​ទន្លេសាប ដោយ​មិន​មាន​សមត្ថកិច្ច​ណា​បានឃើញ​ផ្ទាល់​ភ្នែក​ទេ ។ លោក​បន្ត​ថា ការ​ប្រើ​ហិង្សា​មក​លើ​អ្នកនេសាទ​ខ្មែរ​នេះ គឺ​ចាត់​ទុក​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ប្រើ​អំពើ​ហិង្សា​ខុសច្បាប់ ហើយ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​ស្វែង​រកមុខ​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ព្រហ្មទណ្ឌ ។ លោក​ថា យើង​គិត​ថា ជា​អំពើ​ហិង្សា​ចេតនា ហើយ​កិច្ចការ​នេះ​លោក​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ ។

លោក នូ ពុទ្ធិ អ្នកសម្របសម្រួល​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តសៀមរាប បាន​រិះគន់​ថា ជា​ញឹកញាប់​នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្ដង​ៗ មិន​ដែល​រក​ឃើញ​បទល្មើស​នេសាទ​ទេ ។ ប៉ុន្តែ​ពេល​នេះ​ជនជាតិ​វៀតណាម​ខ្លះ មិន​ត្រឹមតែ​នេសាទ​ត្រី​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​អំពើ​ហិង្សា​ធ្វើ​ឱ្យ​អ្នកនេសាទ​ខ្មែរ​ម្ចាស់​ស្រុក​ភ័យ​ខ្លាច​ទៀត​ផង ។ ដូច្នេះ សមត្ថកិច្ច មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​បញ្ហា​នេសាទ​ខុសច្បាប់​ដោយ​និគមជន​វៀតណាម នៅ​តែ​កើត​មាន​ក្នុង​បឹង​ទន្លេសាប​ទៀត​ទេ ។
ម្សិលមិញ​នេះ​មិន​អាច​សំ​ុ​ការ​បំភ្លឺ​ពី​ភាគី​អ្នកនេសាទ​ជនជាតិ​វៀតណាម​ណា​ម្នាក់​បាន​ឡើយ ។

ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​ជាប់ចោទ​វាយដំ​អ្នកនេសាទ​ខ្មែរ​បណ្ដាល​ឱ្យ​របួសធ្ងន់​ស្រាល​១៨​នាក់​នោះ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​៤០​នាក់​ដែល​បង្ក​របួស​ស្នាម​ត្រូវ​បាន​ចាប់ខ្លួន ។

លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​បន្ទុក​ការងារ​ព័ត៌មាន​និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ថ្លែង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាការ បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​ជា​ជនជាតិ​វៀតណាម ដែល​បាន​បង្ក​អំពើ​ហិង្សា បណ្តាល​ឱ្យ​មាន​របួសធ្ងន់​ស្រាល​អ្នកនេសាទ​ខ្មែរ​ចំនួន​១៨​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​មកនេះ (​ក្នុង​នោះ​របួសធ្ងន់​ចំនួន​៥​នាក់ ស្រាល​១៣​នាក់​) ។

លោក​បន្ត​ថា ក្រោយ​ពី​កើតហេតុ លោក​បាន​ដាក់​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​រក​ជន​ដៃដល់ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៤០​នាក់ ដែល​កំពុង​រត់គេច​ខ្លួន ។ ជន​ម្នាក់​នេះ​ឈ្មោះ ដូ យ៉ាំ​ង​ថា​ន់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានមុខ​របរ​ចិញ្ចឹម​ត្រី និង​មាន​ទីលំនៅ​ក្នុងភូមិ​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។ ចំណែក​ក្នុង​ចំណោម​បក្សពួក​ចំនួន​៤០​នាក់​នោះ កម្លាំង​ជំនាញ​បាន​ស្គាល់​ថែម​៤​នាក់​ទៀត​មាន ១-​ឈ្មោះ ដូ យ៉ាំ​ង​សួ ២-​ឈ្មោះ​ដូ យ៉ាំ​ង​យូ ៣-​ឈ្មោះ​ដូ យ៉ាំ​ង​ស និង​៤-​ឈ្មោះ​-​ដូ យ៉ាំ​ង ឌឹ​ក ។ អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប មានមុខរ​បរជា​អ្នកនេសាទ​នៅ​ចុង​ឃ្នៀស ។

រីឯ​បក្សពួក​ផ្សេង​ទៀត កម្លាំង​សមត្ថកិច្ច​មិន​បាន​ស្គាល់ឈ្មោះ​ទេ និង​កំពុង​គេចខ្លួន ប៉ុន្តែ​ម្លាំ​ង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ចំណែក​ជន​រង​គ្រោះ ដែល​រង​របួសធ្ងន់​ស្រាល​ទាំង​១៨​នាក់ ពុំ​ទាន់​ឃើញ​មក​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ​មក​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ។

ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​៤០​នាក់ ដែល​បាន​បង្ក​របួស​លើ​អ្នកនេសាទ​ខ្មែរ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ៕