ចាប់​ជនសង្ស័យ​ម្នាក់​ពី​បទ​យក​កាំភ្លើង​ភ្ជង់​ប្លន់​នារី​ខារ៉ាអូខេ​អស់​ជាង​២​ពាន់​ដុល្លារ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៣ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​និង​ផ្លូវ​លេខ​​២៩៤ ក្នុង​សង្កាត់​បឹង​កេង​កក​១ ខណ្ឌចំការមន សមត្ថកិច្ច​ខណ្ឌ​៧​មក​រា សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន បាន​ឃាត់ ជនសង្ស័យ​ម្នាក់​ដែល​ប្រើ​ស្ទីល​ប្លន់​ថ្មី តាម​រយៈ​ការ​លួងលោម​នារី​ខារ៉ាអូខេ​ម្នាក់​ទៅ​ដើរ​លេង​កិ្ល​ប​ជាមួយ​ខ្លួន ហើយ​ពេល​ជិះ​មក​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​ដក​កាំភ្លើង​គំរាម​ប្លន់​នាង​យក​លុយ ទូរស័ព្ទ រួម​ទាំង​គ្រឿងអលង្កា​អស់ពី​ខ្លួន ហើយ​ជនសង្ស័យ​នោះ ក៏​ប្លុង​នាង​ចោល​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ករណី​ប្លន់​ស្ទីល​ថ្មី​នេះ ត្រូវ​បាន​លាតត្រដាង​ក្រោយ​ពី​នារី​រង​គ្រោះ​ម្នាក់ បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​កាន់​សមត្ថកិច្ច ក្រោយ​ពី​ខ្លួន​រង​គ្រោះ ដោយ​ត្រូវ​ជនសង្ស័យ​ខាងលើ​លួងលោម​ហៅ​នាង​ទៅ​ដើរ​លេង​កិ្ល​បត​ជាមួយ​ជាមួយ​ខ្លួន ហើយ​ពេល​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​ស្ងាត់​ជន​សង្ស័យ​នេះ ក៏​ឈប់​ម៉ូតូ​រួច​ក៏​ធ្វើការ​សកម្មភាព​ដក​កាំភ្លើង​គំរាម​ប្លន់​យក​លុយ​ទូរស័ព្ទ រួម​ទាំង​ប្រមូល​យក​គ្រឿងអលង្ការ​ពី​នាង​ទាំង​អស់ ដែល​សរុប​ជា​ប្រាក់​ប្រហែល​ជាង​២.០០០​ដុល្លារ ហើយ​ជនសង្ស័យ​ទុក​នាង (​ជន​រង​គ្រោះ​) ចោល ជិះ​ម៉ូតូ​របស់​គេ​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ធ្នូ ២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្បែរ​ស្ពាន​លី​យ៉ុ​ង​ផាត់ ក្នុង​សង្កាត់​ព្រែ​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

នារី​រង​គ្រោះ​ព្យាយាម​រក​ជនសង្ស័យ​នេះ រហូត​មក​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក RC200 ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-7771 របស់​ជនសង្ស័យ ដែល​កំពុង​ផ្ញើ​នៅ​ហាង​សង់អា​លី​ហ្សេ​នោះ នាង​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម ឱ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ប្រហែលជា​១០​នាទី សមត្ថកិច្ច​ខណ្ឌ​៧​មក​រា រួម​ទាំង​សមត្ថកិច្ច​ចំការមន បាន​ធ្វើការ​សហការ​គ្នា​យ៉ាង​ល្អ  ចុះ​មក​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​នោះ​បាន រួម​ទាំង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K59 និង​មួយ​គ្រឿង​យក​ម៉ូតូ​កាន់​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​សួរនាំ​ភ្លាម​ៗ​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ចៀន ថា​រ៉ូ អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​និង​មិន​ពិតប្រាកដ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​នេះ​មែន ។