កិច្ច​សម្ភាសន៍​ ហេង ពិទូ ក្រោយ​ផ្ទុះ​បទ​​​ “ទី​បំផុត”

កិច្ច​សម្ភាសន៍​ ហេង ពិទូ ក្រោយ​ផ្ទុះ​បទ​​​ “ទី​បំផុត”

បទ ​” ទី​បំផុត” របស់​ហេង​ ពិទូ បាន​ផុស​ជា​ផ្លូវ​ការ​ក្នុង​ Chanel YouTube ផ្ទាល់​ខ្លួនប៉ុន្មាន​ថ្ងៃ​នេះធ្វើ​ឲ្យ​ផ្ទុះ​ខ្លាំង ដោយ​​​ទទួល​បាន​ចំនួន​អ្នក​ទស្សនា​រហូត​ដល់​ជាង​១០​ម៉ឺន​នាក់ ក្នុង​រយៈ​ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ។

 

ទន្ទឹម​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ Fans ជា​ច្រើន​មាន​ការ​សំណូម​ពរ​ចង់​ដឹង​រឿង​រ៉ាវ​ខ្លះ​ៗ​ទាក់​ទង​នឹង​ការ​ផលិត​បទ​ចម្រៀង ​និង​ឧបសគ្គ​នៅ​ពី​ក្រោយ​បទ​នេះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាសន៍​ម្ចាស់​បទ​ “ទី​បំផុត” ​គឺ​លោក​ ហេង ពិទូ។

 

កិច្ច​សម្ភាសន៍​ ហេង ពិទូ ក្រោយ​ផ្ទុះ​បទ​​​ “ទី​បំផុត”

 

Sabay៖ ជម្រាប​សួរ​បង​ ដោយ​សារថ្មី​ៗ​នេះ​​ បទ​ចម្រៀង​និពន្ធ​ថ្មី​បង​ផុស​លើ​យូធូប​ ​មាន​បង​ប្អូន​គាំ​ទ្រ​ខ្លាំង​មែន​ទែន​ ហើយ​ពួកគាត់​ចង់​ដឹង​រឿង​រ៉ាវ​ខ្លះៗ​នៃ​ការ​ផលិត​បទ​នេះ​ ដូច្នេះ​ជួស​មុខ​ឲ្យ​ Fans ខ្ញុំ​ចង់​ដឹង​ពី​ចំណាប់​អារម្មណ៍​បង​ជា​ដំបូង​សិន​ ?​

 

ពិទូ ៖ បើ​និយាយ​ពី​អារម្មណ៍​វិញ​ គឺ​សប្បាយ​ផង​ Surprise ផង​ គឺ​ទាំង​បង ​និង​ក្រុម​បង​ដែល​ផលិត​បទ​នេះ ​មិន​នឹក​ស្មាន​ថា​​មាន​បងប្អូន​គាំ​ទ្រ​ស្នាដៃ​និពន្ធ​ថ្មី​របស់​លោក​រូម​ជាមួយ​ក្រុម​ដល់​ថ្នាក់​ហ្នឹង​ទេ (សើច)ហើយ​​មាន​​អ្នក​គាំ​ទ្រ​ និង​សរសើរ​ច្រើន​ចំពោះ​អត្ថន័យ​នឹង​ MV​ដែល​ចេញ​ពី​ម្សិល​មិញ​នេះ​ ឥឡូវ​មាន​អ្នក​ទស្សនា​ជាង​១០ម៉ឺន​នាក់ហើយ​។

 

 

Sabay៖ តើ​ក្រុម​របស់​បង​មាន​គ្នា​ប៉ុន្មាន​នាក់​? ពេល​វេលា​នៃ​ការ​ផលិត​​តាំង​ពី​ដំបូង​រហូត​ចេញ​ជា​ MV?

 

ពិទូ ៖ ក្រុម​បង​៥ នាក់​​ដែល​សហការ​គ្នា​ទើប​បាន​ចេញ​ជា​បទ​​នេះ​ឡើង​។ បទ​នេះ​បង​​ធ្វើ​​តាំង​ពី​ចាប់​ផ្ដើម​គិត​ដំបូង​ រហូត​ចេញ​ជា​ MV អស់​រយៈ​ពេល​៣​ខែ ចាប់​ពី​ខែ​ ៩ រហូត​ដល់​ខែ​១២។ ដោយ​ឡែក MV ទើប​តែ​ចាប់​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ គឺ​៣ថ្ងៃ។

 

Sabay៖ ពាក់​ព័ន្ធ​នឹង​​អត្ថន័យ​​ចម្រៀង​នេះ​ តើ​វា​ជា​រឿង​ពិត​របស់​បង​ ឬ​រឿង​របស់​នរណា​គេ​ម្នាក់​ដែល​បង​ស្គាល់?​

 

ពិទូ ៖ ចំពោះ​អត្ថន័យ​នៃ​បទ​ចម្រៀង​ “ទី​បំផុត​” នេះ បង​ចង់​ប្រាប់​ថា​​​មិន​មែន​ជា​សាច់​រឿង​របស់​បង​​ឡើយ​ គឺ ជា​ការ​មើល​ឃើញ​រឿង​ជាក់​ស្ដែង​ដែល​កើត​មាន​ក្នុង​សង្គម​សព្វថ្ងៃ ដែល​បង​សរុប​ជា​រួម​  គឺ​ស្រដៀង​គ្នា​នឹង​បទ​បង​ អាច​ថា​មនុស្ស​១០​នាក់​ អាច​ត្រូវ​នឹង​សាច់​រឿង​ដែល​ក្រុម​បង​ផលិត​ឡើង​ ៥​ ទៅ​៦​នាក់​ដែរ។

 

​Sabay៖ ដំបូង​ឡើយ​​បង​មាន​គិត​ថា​ បទ​នេះ​ចេញ​ទៅ​ ខ្លាច​មិន​មាន​ការ​គាំ ទ្រ ឬ​អាច​និយាយ​បាន​ថា​ មិន​បាន​ទទួល​ជោគជ័យ​ ព្រោះ​ជា​ស្នាដៃ​ដំបូង​ចឹង?​

 

ពិទូ ៖​ហឹម​…បង​គិត​ដែរ​អូន​ បង ​​និង​ក្រុម​មាន​ការ​ភ័យ​ខ្លាច​ គ្មាន​អ្នក​គាំ​ទ្រ ប៉ុន្តែ​ការ​គិត​ទាំង​នោះ​ គឺ​ទទួល​មក​វិញ​ ជា​​ភាព Surprise មួយ​ដែល​មិន​នឹក​ស្មាន​ដោយសារ​សន្ទុះ​នៃ​ការ​គាំ​ទ្រ​លើសលប់​ពី​ការ​រំពឹង​ទុក​។

 

កិច្ច​សម្ភាសន៍​ ហេង ពិទូ ក្រោយ​ផ្ទុះ​បទ​​​ “ទី​បំផុត”

 

(ឈុត​មួយ​នៅ​ក្នុង​បទ “ទី​បំផុត”)

 

Sabay៖ ជុំ​វិញ​ការ​ផលិត​បទ​ចម្រៀង​នេះ​ទៀត​សោត តើ​មាន​ជួប​ការ​លំបាក និង​ឧបសគ្គ​អ្វី​ទេ​?

 

ពិទូ ៖ លំបាក​មាន​តិច​តួ​ច​ដែរ ប៉ុន្តែ​មិន​ជា​ធំ​ដំ​អី​ទេ​អូន ទោះ​យ៉ាង​ណា​​ទម្រាំ​បទ​​នេះ​ចេញ​មក​ នៅ​ក្នុង​​ក្រុម​បង ​​ក៏​មាន​ឈ្លោះ​ប្រកែក​គ្នា​ផង​ដែរ​ ប៉ុន្តែ​មិន​ជា​ធំ​​ដំ​​អី​​ទេ ជា​ចុង​ក្រោយ ​​នៅ​តែ​សម្រប​សម្រួល​គ្នា​យក​មតិ​មួយ​ចុង​ក្រោយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​។

 

Sabay៖ ពាក់​ព័ន្ធ​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ មាន​មនុស្ស​​មួយ​ចំនួន​ ក៏​មិន​ពេញ​ចិត្ត​​នៃ​ការ​សម្តែង​ឈុត​ឆាក​ខ្លះៗ​ ត្រង់​តួ​ស្រី​ម្នាក់​ទៀត​ដែល​ជា​មិត្ត​ភក្តិ​មក​ឱប​ក​ បង​ មុខ​សង្សារ​ និង​មិត្ត​ដទៃ ថា​ហេតុ​អ្វី​បាន​ចាំ​បាច់​ត្រូវ​ឲ្យ​ឱប​ក​ដល់​ម្ល៉ឹង​បើ​ត្រឹម​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ កន្លែង​នេះ​បង​ចង់​បញ្ជាក់​យ៉ាង​ម៉េច​ដែរ?

 

​ពិទូ ៖ ​បាទ​…ត្រង់​ចំនុច​នេះ​​បង​ចង់​បញ្ជាក់​ទៅ​ដល់​បង​ប្អូន​ផង​ដែរ​ គឺ​បង​ទទួល​ស្គាល់​ថា​ មាន​ភាព​ឆ្គាំ​ឆ្គង​បន្តិច​មែន  ប៉ុន្តែ​​បង​ក៏​នៅ​តែ​ចង់​ប្រាប់​ដដែល​ទៀត​ថា បង​ចង់​ឲ្យ​ឈុត​កន្លែង​ហ្នឹង​មើល​ទៅ​តួ​ស្រី​ដាច់​ខាត​ត្រូវ​តែ​ប្រចណ្ឌ​តួ​ប្រុស​  ហើយ​បង​ជាមួយ​ក្រុម​ពួក​បង ​ក៏​បាន​គិត​រួច​ហើយ​ដែរ​ថា​ ច្បាស់​ជា​ប្រិយមិត្ត​នឹង​រិះ​គន់​ ត្រង់​កន្លែង​ខ្លះៗ​ជា​មិន​ខាន​ ហើយ​ពួក​បង​ មាន​តែ​អរគុណ​ដល់​ពួក​គាត់​ព្រោះ​រាល់​ការ​រិះ​គន់​ទាំង​នោះ​ បង​នឹង​យក​ទៅ​អភិវឌ្ឍ​ន៍​ជា​បន្ត​ទៀត។​​​

 

Sabay៖ និយាយ​ពី​ហេតុ​ផល​ ​បទ​ចម្រៀង​នេះ ហេតុ​អ្វី​បាន​ជា​​សម្រេច​ឲ្យ​តួ​ប្រុស​ជា​អ្នក​សុំ​បែក​វិញ​ ទាំង​​ខាង​ប្រុស​​ជា​អ្នក​មាន​កាយ​វិការ​បែប​ស្និទ្ធ​ស្នាល​ជាមួយ​នារី​ដទៃ?

 

ពិទូ ៖ ការ​ពិត​ត្រង់​ចំណុច​​​នេះ​​ ហេតុ​ផល​គឺ​ដោយសារ​បង​ជា​មនុស្ស​ប្រុស​ហើយ​ជា​អ្នក​ច្រៀង​ទៀត​ ចឹង​​ លើក​យក​តួ​ប្រុស​ជា​អ្នក​សុំ​បែក​តែ​ម្ដង​ទៅ ​​ បើ​សិន​​បង​ជា​ស្រី​វិញ បង​ក៏​នឹង​យក​ឲ្យ​មនុស្ស​ស្រី​ជា​អ្នក​សុំ​បែក​វិញ​មិន​ខាន​អូន​។

 

Sabay៖ បង​អាច​បញ្ជាក់​បាន​ទេ រាល់​ការ​ចំណាយ​មួយ​បទ​នេះ​ប្រហែល​អស់​ប៉ុន្មាន​ដែរ​បង ហើយ​មាន​អ្នក​ឧបត្ថម្ភ​ដែរ?

 

ពិទូ ៖ រាល់​ការ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​ បង​សុំ​មិន​បង្ហាញ​ទេ​អូន​ ម្យ៉ាង​បទ​ចម្រៀង​មួយ​នេះ​ បង​មិន​បាន​ដាក់​ក្នុង​ផលិត​កម្ម​នោះ​ទេ  ណាមួយ​ជា​ការ​ចំណាយ​មួយ​​ចេញ​ពី​ថវិកា​ផ្ទាល់​ខ្លួន​នឹង​មិត្ត​រួម​ក្នុង​ក្រុម​បង​។

 

Sabay៖ ជា​ចុង​ក្រោយ​ តើ​បង​មាន​ពាក្យ​ពេជ្រ​អ្វី​ផ្ដែផ្ដាំ​ទៅ​ទស្សនិកជន​ដែរ​ទេ?

 

ពិទូ ៖ បាទ…បង​ចង់​និយាយ​ថា​ បើ​សិន​ជា​គ្មាន​បង​ប្អូន​ទេ ពួក​បង​ក៏​គ្មាន​ទឹក​ចិត្ត​នឹង​ផលិត​បទ​ថ្មីៗ​ឡើង​ដែរ ពួក​គាត់​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ បង​ពិតជា​រំភើប​ និង​អរគុណ​​ពួក​គាត់​ខ្លាំង​ណាស់​។ ក្រុម​ពួក​បង​នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត​ ហើយ​​នឹង​នាំ​យក​នូវ​​​អ្វី​ប្លែកៗ​ដើម្បី​​បម្រើ​អារម្មណ៍​ជូន​​ទស្សនិកជន​​ស្ដាប់​កម្សាន្ត​​​បទ​និពន្ធ​ថ្មី​ផង​ដែរ​៕

 

ក្ដៅ​ៗ​បទ Original song “ទី​បំផុត” របស់ ហេង ពិទូ ចេញ​ជា​ផ្លូវ​ការ

 

អត្ថបទ៖ ថា ម៉ាលីដា