រដ្ឋសភា ចេញសេចក្តី ជូនដំណឹងដល់ តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា ទៅប្រកាស ទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០១៦

ភ្នំពេញ៖ ក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវ សមាជិកសភា និងមន្ត្រីរដ្ឋសភាដែល មានកាតព្វកិច្ចទាំងអស់ ទៅប្រកាសទ្រព្យសម្បត្តិ និង បំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០១៦ នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល ទទួលបាននៅថ្ងៃទី១៧ ធ្នូនេះ បានឲ្យដឹងថា សមាជិក សមាជិការរដ្ឋសភា ទីប្រឹក្សា ជំនួយការព្រមទាំង មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល (បុគ្គលដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនក្នុងថ្ងៃខែណាមួយ ក្នុងឆ្នាំ២០១៤) សូម បំពេញទំរង់បែបបទប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០១៦ តាមសេចក្តីសេចក្តី ជូនដំណឹងរបស់ ACU មានរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា សូមសមាជិក សមាជិការរដ្ឋសភា និងមន្ត្រីជាប់កាតព្វកិច្ចទាំងអស់ បំពេញទំរង់ បែបបទ ប្រកាស ទ្រព្យសម្បត្តិ និងបំណុល បញ្ជូនមកលេខាធិការដ្ឋាន ប្រឆាំងអំពើពុករលួយ នៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា ដើម្បីសម្របសម្រួលជូន ឬយកទៅអង្គភាពប្រឆាំង អំពើពុករលួយផ្ទាល់តាមកាល បរិច្ឆេទខាងលើ៕

រដ្ឋសភា ចេញសេចក្តី ជូនដំណឹងដល់ តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា ទៅប្រកាស ទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០១៦