ជិះ​ម៉ូតូ​យក​កូន​ទើប​រំលូត​ទៅ​បោះ​ចោល​ត្រូវ​រថយន្ត​កុង​តឺន័រ​បុក​របួស​ធ្ងន់​២នាក់​

រាជ​ធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​យក​កូន​រលូត​​ទៅ​ចោល​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពេញទំហឹងបណ្តាល​ឱ្យ​រង​របួសធ្ងន់​ និង​ជ្រុះ​កូន​ដែល​ទើបនឹង​រំលូត​នៅ​លើ​ថ្នល់​ក្រហមច្រាល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៦ ​ធ្នូ តាម​បណ្តោយ​ផ្លូវ​អូដឹ​ម​កប់​ស្រូវ​កែង​ផ្លូវ​បេតុង​ភូមិ​ជម្ពូ​វ័ន ទល់មុខ​រោងចក្រ​ប៊ី​រី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ជន​រង​គ្រោះឈ្មោះ​លី​ជីវ័ន ភេទ​ប្រុស អាយុ​24​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង ទើប​ឈប់​សម្រាក​បាន​2​ថ្ងៃ​ គោលបំណង​ទៅ​ស្រុក​កំណើត​វិញ​នៅ​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។

រថយន្ត​បង្ក​ជា​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B4156 បើកបរ​ពី​កើត​ទៅ​លិច​ ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1G0130 បើកបរ​ពី​ត្បូង​ទៅ​ជើង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បើកបរតាម​ផ្លូវ​បេតុង​ភូមិ​ជម្ពូ​វ័ន ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​រង​គ្រោះ​បើកបរ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​ពី​ត្បូង​ទៅ​ជើង ពេលមក​ដល់​ចំណុច​ខាងលើ​រថយន្ត​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់​ ហើយ​ជ្រុះ​កូន​ដែល​ទើបនឹង​រំលូត​ក្រហមច្រាល​លើ​ថ្នល់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​ដល់​អ្នក​ដំណើរ​តាម​ផ្លូវ​។

ចំណែក​អ្នក​បើករថយន្ត​បង្ក​ភ្លាម​ៗ​នោះបានរត់​ចូល​ក្នុង​ផែស្ងួត​អត់​យីហោ​ក្បែរ​កន្លែង​កើតហេតុ​ឡើង​ទៅ​លើ​កុងតឺន័រ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ឃើញ​ដេញចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

តាម​ប្រភព​ព​ត៌​មន​ពី​បងស្រី​ឈ្មោះ លី ស្រី​លក្ខណ៍ អាយុ​35​ឆ្នាំ មុខរបរ​ធ្វើការ​ក្នុង​ហាង​ជាមួយ​​ជន​រង​គ្រោះ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​និង​​​មិត្ត​ភ​ក្តិម្នាក់​ទៀត​ត្រូវ​មិត្ត​ស្រី​ធ្វើការ​ជាមួយ​គ្នា​​​ពឹង​ឱ្យ​យក​កូន​ដែល​គេ​រំលូត​ចេញ​យក​ទៅ​បោះចោល  ខណៈ​ពេល​ជិះ​ម៉ូតូ​ទើប​ចេញ​បាន​បន្តិច​ក៏​ត្រូវ​រថយន្ត​កុងតឺ​ន័​របុក​រង​របួសធ្ងន់​ទាំង​២​នាក់​បណ្តាលឱ្យ​ដួល​បោក​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​សន្លប់​ស្តូកស្តឹង​នៅនឹង​កន្លែង​កើតហេតុតែ​ម្តង ៕