អតីត​​​កម្មាភិបាល​​​ម្នាក់​​​ថា លោក​​​ មាស មុត បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​សម្លាប់​ជន​ជាតិ​វៀត​ណាម​

អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ម្នាក់​​​មក​​​ពី​​​កង​​​ពល​​​របស់​​​លោក មាស មុត​​​​​​​ ​​អតីត​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​សម័យ​​​​​​ខ្មែរ​​​ក្រហម បាន​​​ប្រាប់​​​សាលា​​​ក្តី​ខ្មែរ​​​ក្រហម​​​កាល​​​ពី​​​ម្សិលមិញថា អតីត​មេបញ្ជា​ការ​កង​ទ័ព​ជើងទឹក​រូប​នេះ​ ​​​បាន​​​ចេញបទ​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន និង​​​សម្លាប់​​​ជន​​​ជាតិ​​​វៀត​ណាម និង​​​ថៃ​​​រាប់​​​ពាន់​​​នាក់​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​សមុទ្រ​​​អំឡុង​​​សម័យ​​​ប៉ុល​​​​ ពត​​​ ។

សាក្សី​​​ ដែល​​​គេ​ប្រាប់​​​​អត្ត​​​សញ្ញាណ​​​ត្រឹមតែ​​​​ថាជា 2-TCW-1000 ដោយ​​​សារ​​​គាត់​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​ក្នុង​​​ការ​​​សើុប​​​​​​អង្កេត​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣ ដែល​​​លោក​​​ មាស មុត ប្រឈម​​​នឹង​​​ការ​​​ដាក់​​​ឲ្យ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ពិនិត្យ​​​ពី​​​បទឧក្រិដ្ឋ​​​​មួយ​​​ចំនួន​​​រួម​​​មាន​​​ដូច​​​ជា​​​​អំពើ​​​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ជាដើមនោះ​ បាន​​​ប្រាប់​រឿង​រ៉ាវ​​​​​លម្អិត​​​នៃ​អំពើ​​​ដ៏​​​ឃោរ​​​ឃៅ​​​ដែល​​​សាក្សី​​​រូប​​​នេះ​​​និយាយ​​​ថា ​ត្រូវ​បាន​ប្រព្រឹត្ត​លើ​​​​ “សត្រូវ​​​សួរ​​​ពូជ​​” របស់​​​របប​​​នេះ​​​នៅ​​​​​​ឆ្នេរ​​​សមុទ្រ​​​ដែល​​​ឥឡូវ​​​ហៅ​​​ថា ខេត្ត​​​ព្រះសីហនុ។

សាក្សី​​​រូប​​​នេះ​​​ដែល​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​ទ័ព​​​ព្រៃ​​​កុម្មុយនិស្ត​​​ក្នុង​​​ឆ្នាំ​​​១៩៧២ ហើយ​​​ក្រោយ​​​មក​​​បាន​​​ក្លាយ​​​ជា​​​​កង​ការពារ​របស់​​​លោក មាស មុត បាន​​​និយាយ​​​ថា ទាហាន​​​មក​​​ពី​​​កង​​​ពល​​​លេខ​​​១៦៤​​​របស់​​​អតីត​មេបញ្ជាការ​​​កងទ័ព​​​ជើង​​​ទឹក​​​រូប​​​នេះ​​​ត្រូវ​បានគេ​ប្រាប់​​​នៅ​​​កន្លែង​​​ហ្វឹក​​​ហាត់​​​​១៩៧៩​​​ឲ្យ​​​ដឹង​​​អំពី​​​គោល​​​នយោបាយ​​​សម្លាប់​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​ចាប់​​​បាន​​​នៅ​​​ឈូង​​​សមុទ្រ​​​ថៃ​​​។

សាក្សី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “យើង​​​ត្រូវ​​​បាន​​​ណែនាំ​​​ឲ្យ​​​សម្លាប់​​​រង្គាល​​​ ទោះ​​​បី​​​ជា​​​ទារក​​​ក៏​​​ដោយ​​​ ព្រោះ​​​ពួកគេ​​​គឺ​​​ជា​​​ស​​​ត្រូវ​​​សួរ​​​ពូជ​​​របស់​​​យើង ហេតុ​​​ដូច្នេះ​​​ដាច់​​​ខាត​​​យើង​​​ត្រូវ​​​តែ​​​សម្លាប់​​​ពួក​​​គេ​​​ចោល​​​។ ហើយ​វា​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​កង​​​វរៈសេនា​​​តូច​​​នីមួយ​​​ៗ​​​ក្នុង​​​ការ​​​អនុវត្ត​​តាម​​​ការ​​​ណែនាំ​​​ទាំង​​​នេះ​​​។ គ្រូ​​​​បង្វឹក​​​គឺ​​​ជា​​​មេបញ្ជាការ​​​នៃ​​​កង​​​វរៈសេនា​​​តូច​​​នីមួយ​​​ៗ​​​ ដែល​​​ទទួល​​​បទ​​​បញ្ជា​​​ពី​​​ថ្នាក់​​​លើ​​​។ វា​​​គឺជា​​​គោល​​​នយោបាយ​​​របស់​​​បក្ស​​​កុម្មុយនិស្ត​​​កម្ពុជា”។

​​​​​​​​​​​​ដំណាក់​​​កាល​​​ទី​​​២​​​ នៃ​​​សំណុំ​​​រឿង​​​០០២​​​ប្រឆាំង​​​ នួន ជា​​​ និង​​​ ខៀវ សំផន អតីត​​​មេដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​ បច្ចុប្បន្ន​​​កំពុង​​​ផ្តោត​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​របប​​​នេះ​​​បាន​ប្រព្រឹត្ត​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​លើ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​វៀតណាម បន្ទាប់​​​ពី​​​ក្តោប​​​ក្តាប់​​​អំណាច​​​។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក មាស មុត ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ពិនិត្យ​​​​ពី​​​បទ​​​​​​ឧក្រិដ្ឋ​​​មួយ​​​ចំនួន រួម​មាន​​​ដូច​​​ជា​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣​​​ដែល​​​រដ្ឋាភិបាល​​​ជំទាស់​​​ជា​​​ដើម​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ក្រុម​​​ដែល​​​គេ​​​ចោទប្រកាន់​​​ថា លោក​​​បាន​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​នៅ​​​មិន​​​ទាន់​​​បង្ហាញ​​​នៅ​​​ឡើយ​​​ទេ។

សាក្សី​​​កាល​​​ពី​​​ម្សិលមិញ ដំបូង​​​ឡើយ​​​អះ​​​អាង​​​ថា ខ្លួន​បាន​​​ឃើញ​​​កា​​​រ​​​ចាប់​​​ខ្លួន​​​តែមួយ​​​ចំនួនតូច​ប៉ុណ្ណោះ​​​​ អំឡុង​​​ពេល​​​ដែល​​​ខ្លួន​​​ធ្វើ​​​ជា​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ពេល​​​​​​សាក​​​សួរ​​​ដោយ​​​សហ​​​ព្រះ​​​រាជ​​​អាជ្ញា​​​អន្តរ​​​ជាតិ​​​ នីកូឡាស ឃូមយ៉ង់​ (Nicholas Koumjian) សាក្សី​​​រូប​​​នេះ​​​បាន​​​បញ្ជាក់​​​​​​អំពី​​​ការ​​​​​​លើក​​​ឡើង​​​ពី​​​មុន​​​របស់​​​ខ្លួន​​​ដែល​​​ថា ជន​​​ជាតិ​​​វៀតណាម និង​​​ថៃ​​​រាប់​​​ពាន់​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​សម្លាប់​​​ចន្លោះ​​​ឆ្នាំ​​​១៩៧៥​​​ដល់​​​ឆ្នាំ​​​១៩៧៩​​​​​​។

សាក្សី​​​រូប​​​នេះ​​​បាន​​​និយាយ​​​​​​ថា “បាទ​​​ វា​​​ត្រឹម​​​ត្រូវ​​​ហើយ​​​… ក្នុង​​​ចំណោម​​​ពួក​​​គេ​​​គឺ​​​អ្នក​​​នេសាទ​​​ថៃ និង​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ថៃ។ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​សម្លាប់​​​អំឡុង​​​ពេល​​​នោះ​​​”។

បន្ទាប់​​​មក​​​សាក្សី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ពីការ​​​អះ​​​អាង​​​ធ្វើឡើង​នៅ​​​​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​លើក​​​មុន​​​ជាមួយ​​​មជ្ឈមណ្ឌល​​​ឯកសារ​​​កម្ពុជា​​​ដែល​ថា បទ​​​បញ្ជា​​​ដែល​ផ្តោត​​​គោល​​​ដៅ​​​លើ​​​ជន​​​ភៀស​​​ខ្លួន​​​ជន​​​​​​ជាតិ​​​វៀតណាម ​​​គឺ​ចេញ​​​ពី​​​លោក មាស មុត​​​ ដោយ​​​ផ្ទាល់។ “អ្វី​​​ដែល​​​លោក​​​អ្នក​​​បាន​​​អាន​​​គឺ​​​ជា​​​ការ​​​ពិត​​៖កប៉ាល់​​​វៀតណាម​​​…​​​មាន​​​បទ​​​បញ្ជា​​​ពី​​​កង​​​ពល​​​”។

លោក​​​ នីកូឡាស ឃូមយ៉ង់​ ក៏​​​បាន​​​បង្ហាញ​​​លិខិត​​​មួយ​​​ច្បាប់​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ “លោក​​​ មាស​​​ មុត” ដែល​​​សាក្សី​​​រូប​​​នេះ​​​និយាយ​​​ថា គឺ​​​ជា​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក ដោយ​​​គូស​​​បញ្ជាក់​​​ថា “មេៗ” ជន​​​ជាតិ​​​វៀតណាម​​​​​​ចំនួន​​​១២០​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​បាញ់​​​សម្លាប់​​​អំឡុង​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នៅ​​​ចុង​​​ខែ​​​មីនា ឆ្នាំ​​​១៩៧៨។​ទោះ​​​ជា​​​យ៉ាង​​​ណា សាក្សី​​​រូប​​​នេះ​​​អះ​​​អាង​​​ថា ខ្លួន​​​មិន​​​បាន​​​ដឹង​​​ហេតុ​​​ការណ៍​​​នេះ​​​ដោយ​​​ផ្ទាល់​​​ឡើយ​​​។

សាក្សី​​​រូប​​​នេះ បាន​​​ប្រាប់​​​លោកស្រី ម៉ារី ហ្គីរ៉ូដ (Marie Guiraud) មេធាវី​​​តំណាង​​​ដើម​​​បណ្តឹង​​​រដ្ឋប្បវេណី​​​ថា ត្រូវ​​​​សម្លាប់​​​នៅ​​​នឹង​​​កន្លែង​​​ ឬ​​​ត្រូវ​ចាប់​​​ខ្លួន​ហើយ​​​នាំ​​​មក​​​សាកសួរ​ គឺ​​​វា​​​អាស្រ័យ​​​លើ​​​ចំនួន​​​មនុស្ស​​​​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួនដោយ​កងពល​លេខ​១៦៤​​​​។

សាក្សី​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “ខ្ញុំ​​​គត់​​​សម្គាល់​​​ឃើញ​​​ថា ពេល​​​មាន​​​ចាប់​​​កប៉ាល់​​​នីមួយ​​​ៗ​​​ តែង​​​តែ​​​មាន​​​បទ​​​បញ្ជា​​​ពី​​​ថ្នាក់​​​លើ​​​ឲ្យ​​​នាំ​​​មនុស្ស​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​មក​​​លើ​​​គោក​​​។ ប៉ុន្តែ ប្រសិន​​​បើ​​​ចំនួន​​​មនុស្ស​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មាន​​​ត្រឹម​​​តែ​​​មួយ​​​ចំនួន​​​តូច​​​នោះ​​​ ​​​បទ​​​បញ្ជា​​​គឺ​​​ថា ឲ្យ​​​សម្លាប់​​​ពួក​​​គេ​​​ចោល​​​នៅ​​​លើ​​​កោះ​​​ ហើយ​​​យក​​​តែ​​​កប៉ាល់​​​មក​​​​គោក​​​ប៉ុណ្ណោះ​​​។ មាន​​​តែ​​​មនុស្ស​​​ក្នុង​​​ចំនួន​​​ច្រើន​​​ទេ​​​​ដែល​នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ ហើយ​​​នាំ​​​មក​​​ដី​​​គោក​​​ដើម្បី​​​​​​សាក​​​សួរ​​​ទាក់ទិន​អំពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​វៀតណាម និង​​​កម្ពុជា​​​”។

អតីត​​​កម្មាភិបាល​​​រូបនេះ​​​ ក៏​​​បាន​​​និយាយ​​​រៀប​​​រាប់​​​ឡើង​វិញ​អំពី​ហេតុការណ៍​ពីរ​​​ដាច់​​​ដោយ​​​ឡែក​​​ដែល​​​ទារក​​​ជន​​​​​ជាតិ​​​វៀតណាម​​​​ត្រូវ​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​សម្លាប់​​​ គឺ​​​ទារក​​​ម្នាក់​​​ដែល​​​ត្រូវ​​​បោះ​​​ចូល​​​ក្នុង​​​ទឹក​​​សមុទ្រ ខណៈ​​​វា​​​កំពុង​​​យំ​​​ពេល​​​ឃើញ​​​ម្តាយ​​​របស់​​​ខ្លួន​​​ត្រូវ​​​គេ​​​ចង​​​ដៃ​​​នៅ​​​កំពង់​​​ផែ​​​អូរ​​​ឈើ​​​ទាល​​​ និងទារក​​​​ម្នាក់​​​ទៀត​​​នៅ​​​កោះ​​​ប៉ូឡូវ៉ៃ​ ដែលត្រូវបាន​សម្លាប់​ជា​​​មួយ​​​ឪពុក​​​ម្តាយ​​​របស់ខ​​​្លួន។

អតីតកម្មាភិបាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ពួក​​​គាត់​​​ [ឪពុក​​​ម្តាយ] ត្រូវ​​​គេ​​​ប្រាប់​​​ឲ្យ​​​លុត​​​ជង្គង់​​​ចុះ​​​នៅ​ក្រោម​​​ដើម​​​ដូង​​​ ហើយ​​​ដៃ​​​របស់​​​ពួក​​​គាត​​់​​​ត្រូវ​​​គេ​​​ចង​​​ស្លាប​​​សេក​​​។ ​​​ពេល​​​​ឃើញ​​​ម្តាយ​​​របស់​​​ខ្លួន​​​ហូរ​​​ឈាម វា​​​[ទារក​​​អាយុ​​​១ខួប]បាន​វារ​​​ទៅ​​​រក​​​ម្តាយ​​​របស់​​​ខ្លួន​​​ ស្រាប់តែ​​​ទាហាន​​​ចាប់​​​ទារក​​​​​​នោះ​​​បោក​​​ទៅ​​​នឹង​​​ដើម​​​ដូង​​​តែ​​​ម្តង​​​”។

ទោះ​​​បី​​​ជា​​​សាក្សី​​​រូប​​​នេះ​​​ផ្តល់​​​សក្ខីកម្ម អំពី​​​ការ​​​ចាប់ខ្លួន និង​​​សម្លាប់​​​ជន​​​ជាតិ​​​ថៃ​​​ក៏​​​ដោយ​​ក្តី តែ​​​គាត់​​​​និយាយ​​​ថា ពួកគេ​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ប្រសើរ​​​ជាង​​​ជន​​​ជាតិ​​​វៀតណាម ដោយ​​​ពន្យល់​​​ថា ពេល​​​មួយ ​​​ខ្លួន​​​​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​ថៃ​​​ចន្លោះ​​​ពី​​​៦០​​​​​​ទៅ​​​៨០​​​នាក់ ប៉ុន្តែ​​​ក្រោយ​​​មក​​​ត្រូវ​​​កម្មាភិបាល​​​ដែល​​​យាម​​​ពួក​​​គេ​​​ប្រាប់​​​ថា ទុក​​​ឲ្យ​​​ពួក​​​គេ​​​នៅ​​​រស់​​​ចុះ​​​។​​​

សាក្សី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “គេ​​​ធ្វើ​​​ដាក់​​​ជន​​​ជាតិ​​​វៀតណាម ខុស​​​ពី​​​ជន​​​ជាតិ​​​ថៃ ជន​​​ជាតិ​​​វៀតណាម​​​ត្រូវ​​​គេ​​​ចាត់​​​ទុក​​​ថា ជាស​​​ត្រូវ​​​សួរ​​​ពូជ​​​របស់​​​ប៉ុល ពត មិន​​​ថា​​​ពួក​​​គេ​​​ជា​​​ទាហាន ឬ​​​ពល​​​រដ្ឋ​​​សាមញ្ញ​​​ទេ”។

ដំណើរ​​​ការ​​​នីតិវិធី​​​នៅ​​​សាលា​​​ក្តី​​​​​ត្រូវ​​​បាន​​​ផ្អាក​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​៥​​​ ខែ​​​វិច្ឆិកា ជា​​​ពេល​​​ដែល​​​មេធាវី​​​ការពារ​​​ក្តី​​​​​​នឹង​​​ចាប់​​​ផ្តើម​​​សាក​​​សួរ​​​សាក្សី​​​រូប​​​នេះ​​​៕ស៊ុយឈាង​​

 

The post អតីត​​​កម្មាភិបាល​​​ម្នាក់​​​ថា លោក​​​ មាស មុត បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​សម្លាប់​ជន​ជាតិ​វៀត​ណាម​ appeared first on ខេមបូឌា ដេលី.