ច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដោយមានការគាំទ្រ ពីគណបក្សទាំងពីរ

ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ពី​គណបក្ស​ទាំង​ពីរ កាលពី​ម្សិលមិញ​រដ្ឋាសភា​បាន​អនុម័ត​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ​​​ជា​លើក​ដំបូង​​នៅ​ក្នុង​ប្រទេស ដែល​​​កំណត់​នូវ​វិធាន​សម្រាប់​​ការ​​​​​​ប្រព្រឹត្ត​របស់​មនុស្ស​ទៅ​លើ​បសុសត្វ និង​ការ​កែច្នៃ​សាច់​សត្វ​ឲ្យ​មាន​សុវត្ថិ​ភាព​។ cam-photo-assembly-channa-KHMER1

​ដោយ​គ្មាន​ការ​ធ្វើ​វិសោធនកម្ម​ ឬ​ការ​​​​​តវ៉ា​ណាមួយ​​ពី​សភា​ ច្បាប់​នេះ​​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​​​១០០​សំឡេង​ពី​សមា​ជិក​​សភា​១០២​រូប ដែល​​មាន​វត្តមាន​។

បន្ទាប់ពី​ការ​បោះ​ឆ្នោត​ លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​មាន​ប្រសា​សន៍​​​ថា ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ទប់​ស្កាប់​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​​សត្វ និង​​​ទប់​ស្កាត់​សាច់​សត្វ​ខូច​គុណភាព​កុំ​ឲ្យ​ទៅ​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់។

​​​ជ្រូក​​ និង​មាន់ទា​រាប់​ពាន់​​ក្បាល​​ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​​​ឆ្នាំ​​ថ្មីៗ​នេះ ដើម្បី​ដោះស្រាយ​ការ​ផ្ទុះ​​ឡើង​នូវ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​​ គ្រុន​ផ្ដាសាយ​បក្សី និង​មេរោគសត្វ​ផ្សេងៗ​ទៀត​។

លោក​ យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា “​ជាក់​ស្ដែង​ មិន​មាន​ការ​​ថែរទាំឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ចិញ្ចឹម​សត្វ​យក​សាច់​ឡើយ។ ជាតួយ៉ាង ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​ផលិតកម្ម​​​​អនុវត្ត​តាម​ស្ដង់ដារមួយ​ចំនួន​ ដូច​ជា​ឲ្យ​មាន​អនាម័យ​ត្រឹម​ត្រូវ​ក្នុង​ការ​​​ផ្ដល់​សាច់​សម្រាប់​ប្រជា​ពលរដ្ឋ​បរិភោគ​​ដោយ​មិន​ធ្វើ​ឲ្យ​​​​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ពួកគាត់​ជា​ដើម​​”។

លោក​បាន​បន្ថែមថា រហូត​មក​ទល់​ពេល​នេះ ​ប្រទេស​កម្ពុជា​​មិន​​ទាន់​មាន​ការ​​ដាក់​ទោស​​​​ទណ្ឌ​ជាក់​លាក់​ដល់​​​កសិករ​​​​​​​​​​ និង​ទីសត្ត​ឃាត​ដែល​​ប្រើ​ប្រាស់​​​​ការ​អនុវត្ត​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​។

​​​លោក​បាន​លើកឡើង​ថា ​”​ឥឡូវ​នេះ ​​ច្បាប់​​នេះ​​​គ្រប​ដណ្ដប់​​ចំណុច​នេះ​​…​​រួម​មាន​​ការ​​ព្យួរ​អាជ្ញា​ប័ណ្ណ​សម្រាប់​កសិដ្ឋាន​ទាំងឡាយ​ណា​ដែល​មិន​អនុវត្ត​តាម​​​បទដ្ឋាន និង​កសិដ្ឋាន​ដែល​ធ្វើ​ទារុណ​កម្ម​សត្វ​។ ហើយ​ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​ពេទ្យ​សត្វ​ពិនិត្យ​តាម​ដាន​ជំងឺ​សត្វ​ដើម្បី​ទប់​ស្កាប់ជំងឺ​នានា​មិន​ឲ្យ​ឆ្លង​រាល​ដាល​ដល់​សត្វ​ដទៃ​ទៀត និង​ឆ្លង​ទៅ​មនុស្ស​ដែល​បរិភោគ​សាច់​សត្វ​ទាំង​នោះ”។

ថ្លែង​នៅ​រដ្ឋសភា លោក ជាម យៀប ​តំណាង​រាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសា​សន៍​ថា ប្រទេស​កម្ពុជា​ក៏​ត្រូវការ​ច្បាប់​នេះ​ដើម្បី​​​រួម​បញ្ចូល​ជាមួយ​​បទប្បញ្ញត្តិ​ពាក់​ព័ន្ធ​ដែល​ត្រូវ​បាន​អនុវត្ត​មិន​បាន​ល្អ​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​បានឯករាជ្យមក មិន​ទាន់​មាន​ច្បាប់​​​​លើក​ឡើងពី​​សុខភាព​សត្វ និង​ផលិត​​​កម្មសត្វ​ទេ​…​មាន​តែ​អនុក្រឹត្យ សារាចរ ​ប្រកាស និង​​សេចក្តី​ណែនាំ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​អនុវត្ត​មិន​បាន​ពេញ​លេញ​ឡើយ ដូច្នេះ​​រដ្ឋ​សភា​​មិន​អាច​ច្រាន​ចោល [​ច្បាប់​នេះ​] បាន​ទេ​”។

ច្បាប់​នេះ​​ត្រូវ​អនុម័ត​ដោយ​ព្រឹទ្ធសភា និង​​ឡាយ​​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​មុន​ចូល​ជាធរមាន​។

សម័យ​​ប្រជុំ​​រដ្ឋសភា​កាលពី​​ម្សិលមិញ​ គឺ​ជា​លើកទី១​ហើយ​ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់ពី​​គណបក្ស​នេះ​បាន​​​ធ្វើ​ពហិការ​កាលពី​ពីរ​​ខែ​មុន​ ដោយ​​លើក​ឡើង​​នូវ​ការ​​បារម្ភ​អំពី​សុវត្ថិភាព​បន្ទាប​់​ពី​មានការ​វាយ​ដំ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ទៅ​លើ​តំណាង​រាស្ត្រ​​របស់​ខ្លួន​ពីរ​រូប​នៅ​ក្រៅ​​​បរិវេណ​រដ្ឋសភា​៕ សារុន​​​​

 

The post ច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដោយមានការគាំទ្រ ពីគណបក្សទាំងពីរ appeared first on ខេមបូឌា ដេលី.