បុរសជាឪពុកត្រូវឃាតករសម្លាប់ ហើយកូនស្រីរងការធ្វើទារុណកម្មនៅផ្ទះរបស់ខ្លួនក្នុងខេត្តកំពត

មន្ត្រី​មួយ​រូប​​បាន​ឲ្យ​ដឹង​ថា ​នគរ​បាល​ខេត្ត​កំពត​កំពុង​ស៊ើបអង្កេត​ករណី​ឃាតកម្ម​​​លើ​កសិករ​ធ្វើស្រែ​​ម្នាក់​​ និង​ការ​ធ្វើ​ទារុណកម្ម​កូនស្រី​របស់​ជន​រងគ្រោះ​​​​ដែល​ត្រូវ​គេ​ចង​​​ភ្ជាប់​នឹង​គ្រែ​ ខណៈ​សព​ឪពុក​របស់​ខ្លួន​​នៅ​ក្រោម​គ្រែកាលពី​ម្សិលមិញ។

​យោង​តាម​លោក ប៊ុត អង ​នាយរងប៉ុស្តិ៍​នគរ​បាល​ឃុំ​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ៊ុយ ថូ អាយុ​៣៤​ឆ្នាំ ​ត្រូវ​បាន​ស្រាយ​ចំណង​​ រួច​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ បន្ទាប់ពី​អ្នក​ជិត​ខាង​ឮ​គាត់ស្រែក​ឲ្យ​គេ​ជួយ​​កាលពី​​ព្រឹកម្សិលមិញ ពី​ផ្ទះ​ដែល​គាត់​រស់​នៅ​ជាមួយ​ឪពុក​នៅ​ក្នុង​​ឃុំ​កំពង់ត្រាច​ខាង​លិច ស្រុក​កំពង់ត្រាច។

បុរស​ជា​ឪពុក​ឈ្មោះ ភឹម ខន អាយុ​៦០​ឆ្នាំ​ ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​នៅ​​ក្រោម​គ្រែ ដោយ​សាកសព​មាន​សុទ្ធ​តែ​ស្នាម​ដាច់​រយះ និង​ស្នាម​ជាំ។ លោក ប៊ុន អង មាន​ប្រសាសន៍​​​ថា ក្រុម​ស៊ើបអង្កេត​ជឿ​ថា ​ឃាត​កម្ម​នេះ​​ត្រូវ​​​​​បាន​ធ្វើ​ឡើង​​កាលពី​យប់​ថ្ងៃ​អង្គារ ​ជា​ការ​សង​សឹក​ដោយ​ជន​សង្ស័យ​​​ច្រើន​នាក់​ ហើយ​បាន​គូស​បញ្ជាក់​ថា​ របស់​របរ​​នៅ​ក្នុង​ផ្ទះ​​មិន​បាន​បាត់​បង់​ទេ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​យើង​នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ ហ៊ុយ ថូ ធូរស្បើយ​” ហើយ​ថា ស្ត្រី​ជា​​កូន​មិន​ទាន់​និយាយ​កើត​ទេ​ ដោយ​សារ​តែ​រង​របួស​ធ្ងន់ធ្ងរ​​ដែល​រួម​មាន​​ទាំង​ស្នាម​ដាច់​រយះ​នៅ​លើ​មុខ​ និង​ស្នាម​ជាំ​​ខ្លាំង​នៅ​លើ​រាង​​​​​កាយ​របស់​គាត់​ផង​ដែរ​។

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ​គេ​មិន​ដឹង​​​ច្បាស់​ថា​តើ​​លោក ភឹម ខន ត្រូវ​បាន​ឃាតករ​សម្លាប់​អំឡុង​ពេល​ដេក​លក់​ ឬ​ក៏ត្រូវ​គេ​សម្លាប់​​​​​នៅ​កន្លែង​ផ្សេង​​ក្នុង​ផ្ទះ​​​​នោះ រួច​ទាញ​ដាក់​ក្រោម​គ្រែ​ ឬ​យ៉ាង​ណា​នោះ​ទេ៕ សុខុម

The post បុរសជាឪពុកត្រូវឃាតករសម្លាប់ ហើយកូនស្រីរងការធ្វើទារុណកម្មនៅផ្ទះរបស់ខ្លួនក្នុងខេត្តកំពត appeared first on ខេមបូឌា ដេលី.