ក្រសួង​សង្គមកិច្ច នឹង​គ្រប់​គ្រង​​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់​នៅ​កម្ពុជា

ក្រសួង​សង្គមកិច្ច នឹង​គ្រប់​គ្រង​​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់​នៅ​កម្ពុជា

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា នឹង​ក្លាយ​ជា​​ស្ថាប័ន​តែ​មួយ​គត់ ដែល​ទទួល​ខុសត្រូវ​លើ​ការ​គ្រប់​គ្រង​​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់​នៅ​កម្ពុជា។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ ដាក់​ឲ្យ​អនុវត្ត​នូវ​អនុក្រឹត្យ​ថ្មី​មួយ ​ស្ដីពី​ការ​គ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ របស់​​ឯកឧត្ដម វង សូត ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា។

 

ប្រកាស​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ ស្ដីពី​ការ​គ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​​ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​​ កែលំអ​ការ​អនុវត្ត​គោល​នយោបាយ និង​ក្របខ័ណ្ឌ​​ច្បាប់​ដែល​មាន​ស្រាប់ ដើម្បី​ធានា​ឧត្ដម​ប្រយោជន៍​របស់​កុមារ។

 

ក្រសួង​សង្គមកិច្ច នឹង​គ្រប់​គ្រង​​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់​នៅ​កម្ពុជាឯកឧត្ដម វង សូត ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា (រូបភាព៖ Unicef Cambodia)

 

មណ្ឌល​ថែទាំ​ទាំង​អស់​ដែល​បច្ចុប្បន្ន កំពុង​ដំណើរ​ការ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត ពី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​មក​សុំ​ការអនុញ្ញាត​ពី​ក្រសួង​។ អនុក្រឹត្យ​នេះ បាន​កំណត់​ឲ្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ធ្វើការ​ត្រួតពិនិត្យ និង​ចាត់​វិធានការ​លើ​ករណី​មិន​ប្រក្រតី និង​ការ​រំលោភ​បំពាន​នានា ក៏ដូចជា​កំណត់​នីតិវិធី​​សម្រាប់​បិទ​មណ្ឌល​ថែទាំ​កុមារ​ណា ដែល​មិន​គោរព​តាម​បទដ្ឋាន​អប្បបរមា​ស្ដីពី​ការ​​ការ​ថែទាំ​ជំនួស។ អនុក្រឹត្យ​នេះ​ក៏​ដាក់​ចេញ​នូវ​លក្ខខណ្ឌ សម្រាប់​ការ​ទុក​ដាក់​កុមារ នៅ​តាម​មណ្ឌល​ថែទាំ​ផង​ដែរ។ ក្រសួង​នឹង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ​ឲ្យ​ទៅ​កាន់​​​គ្រួសារ និង​សហគមន៍​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

 

ឯកឧត្ដម វង សូត ថ្លែង​ថា អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏សំខាន់​មួយ​ ដែល​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​ការ​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ។ អនុក្រឹត្យ​នេះ​ក៏​តម្រូវ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​កំពុង​ដំណើរការ​មណ្ឌល​ថែទាំ​កុមារ ត្រូវ​ចុះ​បញ្ជី​ជាមួយ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ផង​ដែរ។

 

ឯកឧត្ដម​បាន​លើកឡើង​ថា “ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ឲ្យ​បង្វែរ​ជំនួយ​ពី​ការ​គាំទ្រ​មណ្ឌល​ថែទាំ​កុមារ ទៅ​ជា​ការ​ថែទាំ​តាម​គ្រួសារ និង​សហគមន៍​វិញ និង​គាំទ្រ​ដល់​ការ​ថែទាំ​ជា​អចិន្ត្រៃយ៍​ តាមរយៈ​ការសុំ​កូន​យក​ធ្វើ​ជា​កូន​ធម៌​ជា​ដើម”។

 

លោកស្រី ដេបូរ៉ា កូមីនី តំណាង​អង្គការ ​UNICEF​ ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​ទុក​ដាក់​កុមារ​នៅ​ក្នុង​មណ្ឌល​ថែទាំ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ឪពុក​ម្ដាយ​បង្កើត គួរតែ​ជា​ដំណោះស្រាយ​ចុងក្រោយ និង​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ លោកស្រី​បញ្ជាក់​ថា៖ “ដំណឹង​ល្អ​គឺ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​គួរឲ្យ​កត់​សម្គាល់​នូវ​ការ​យល់ដឹង ក្នុង​ចំណោម​អ្នក​តាក់​តែង​គោលនយោបាយ អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​កុមារ រស់នៅ​ក្នុង​មណ្ឌល​ថែទាំ។ ឥលូវ​នេះ​គឺ​ជា​ពេល​វេលា ដែល​ត្រូវ​ចាត់​វិធានការ​ក្នុង​ការ​ពង្រឹង ការ​អនុវត្ត​គោល​នយោបាយ និង​ ក្របខ័ណ្ឌ​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ សម្រាប់​កុមារ​ងាយ​រងគ្រោះ”។

 ក្រសួង​សង្គមកិច្ច នឹង​គ្រប់​គ្រង​​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់​នៅ​កម្ពុជារូប​តំណាង

 

លោកស្រី កូមីនី រៀបរាប់​ថា ៖ “ការ​ផ្សព្វផ្សាយ​ឲ្យ​អនុវត្ត​អនុក្រឹត្យ​ថ្មី​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​បង្រួបបង្រួម​កុមារ​ឱ្យ​ទៅ​​រស់​នៅ​ក្នុង​គ្រួសារ និង​សហគមន៍​វិញ។ ក្នុង​កម្មវិធី​ប្រចាំ​ប្រទេស​ថ្មី​របស់​អង្គការយូនីសេហ្វឆ្នាំ ២០១៦-២០១៨ យើង​នឹង​ផ្ដល់​ការ​គាំទ្រ​បន្ថែម ដល់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ដៃគូ ដើម្បី​ឲ្យ​​កុមារ​កំពុង​រស់នៅ​តាម​មណ្ឌល​ថែទាំ​យ៉ាង​ហោច​ណាស់ ៣០​​ភាគរយ ​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​គ្រួសារ និង​សហគមន៍​របស់ពួកគេវិញនៅត្រឹមឆ្នាំ ២០១៨ រួម​ទាំង​ពង្រឹង​វិធានការ​ការពារ​ដល់​កុមារ​គ្រប់​រូប​ផង​ដែរ”។

 

នៅ​ក្នុង​ប្រទេស​កម្ពុជា មណ្ឌល​ថែទាំ​កុមារ​ជាច្រើន កំពុង​បន្ត​ដំណើរការ ដោយ​ពុំ​បាន​ចុះបញ្ញី​ជាមួយរាជ​រដ្ឋាភិបាល ឬ​ពុំ​មាន​ការ​ចុះ​ធ្វើ​អធិការកិច្ច និង​ត្រួតពិនិត្យ​ត្រឹម​ត្រូវ ដែល​ជា​ហេតុនាំឲ្យ​កុមារ​ត្រូវ​ប្រឈម​នឹង​ការ​មិន​យក​ចិត្ត​ទុកដាក់ និង​ការ​រំលោភ​បំពាន​ជាដើម។ ភាគ​ច្រើន​កុមារ​ដែល​រស់​នៅ​ក្នុង​មណ្ឌល ត្រូវ​បាន​បំបែក​ចេញ​ពី​គ្រួសារ ដោយ​មិន​មាន​ភាព​ចាំបាច់ ដែល​តាម​ការ​ប៉ាន់ស្មាន​កុមារទាំងនោះ យ៉ាង​ហោច​ណាស់​មាន​ប្រមាណ ៧៧ ភាគរយ​​ដែល​នៅ​មាន​ឪពុក​ឬ​ម្ដាយ។

 

តាម​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ ក្នុង​សកលលោក ជា​ច្រើន​ទសវត្សរ៍​កន្លងមក​នេះ បាន​បង្ហាញ​ថា ការ​រស់​នៅ​តាម​មណ្ឌល​ថែទាំ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សង្គម កាយសម្បទា​ បញ្ញា​ស្មារតី និង​ផ្លូវចិត្ត​របស់​កុមារ និង​ប៉ះពាល់​​រយៈពេល​វែង នៅ​ពេល​ពួកគេ​ឈាន​ដល់​អាយុ​ពេញ​វ័យ។ ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កុមារ​​រស់​នៅ​តាម​មណ្ឌល​ថែទាំ ច្រើន​តែ​ពឹង​ផ្អែក​លើ​បុគ្គលិក​មណ្ឌល ហើយ​មិន​បាន​អភិវឌ្ឍ​បំណិន​ជីវិត ដែល​ចាំបាច់​ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​​​បាន៕

 

ថវិកា ៧០% នៃ​កម្មវិធី Save The Earth, Save Children ចូល​គន្ធបុប្ផា

ម្ចាស់​ជយ​លា​ភី​ ២ ​រូប​ពន្លេច​អត្ថន័យ​គំនូរ “អាន​ខ្ញុំ​ថ្ងៃ​នេះ​ដើម្បី​ជោគ​ជ័យ​ថ្ងៃ​ស្អែក”​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ