អាជីព​អ្នក​ជំនាញ​ប៉ូលា​រថយន្ត ចំណូល​មិន​ចាញ់​អ្នក​ធ្វើ​ការ​ក្រុមហ៊ុន


អាជីព​អ្នក​ជំនាញ​ប៉ូលា​រថយន្ត ចំណូល​មិន​ចាញ់​អ្នក​ធ្វើ​ការ​ក្រុមហ៊ុន

របរ​ជា​អ្នក​ប៉ូលា​រថយន្ត​អាច​ថា​លំបាក​ ដោយ​ទាម​ទារ​មាន​​បច្ចេកទេស​ច្រើន ហើយ​ជួន​ត្រូវ​ហាល​ក្តៅ តែ​អាច​ឱ្យ​អ្នក​ប្រកប​​​អាជីព​នេះ​​រក​​​ចំណូល​បាន​ច្រើន​គួរ​សម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

 

អាជីព​អ្នក​ជំនាញ​ប៉ូលា​រថយន្ត ចំណូល​មិន​ចាញ់​អ្នក​ធ្វើ​ការ​ក្រុមហ៊ុន

 

នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ប្រហែល​ម៉ោង​ជាង៩ព្រឹក លោក ហាក់ វណ្ណា ដែល​ជា​អ្នក​ជំនាញ ប៉ូលា​រថយន្ត​បាន​ឱ្យ​ដឹង​ថា លោក​បាន​ប្រកប​របរ​នេះ​រយៈ​ពេល ៥ឆ្នាំ​មក​ហើយ ហើយ​ក៏​ទទួល​កម្រៃ​សម​ល្មម​អាច​ចិញ្ចឹម​គ្រួសារ​លោក​ផង​ដែរ។ ពេល​ខ្លះ​លោក​ត្រូវ​ប៉ូលា​កណ្ដាល​ថ្ងៃ​ក្តៅ​ក៏​មាន បើ​សិន​គ្មាន​កន្លែង​ម្លប់​សម្រាប់​ចត​ឡាន។

 

ក្នុង​មួយ​ថ្ងៃ​លោក​អាច​ប៉ូលា​រថយន្ត​បាន​ច្រើន​បំផុត ៣គ្រឿង ចំពោះ​រថយន្ត​ដែល​មិន​សូវ​ប្រឡាក់ តែ​បើ​ចំពោះ​ឡាន​ប្រឡាក់​ខ្លាំង​វិញ​បាន​តែ ១​មួយ​គ្រឿង​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ ដើម្បី​ប៉ូលា​ឱ្យ​ស្អាត ហើយ​ចំនួន​រថយន្ត​ដែល​លោក​ប៉ូលា​បាន​ច្រើន​បំផុត​ជា​មធ្យម​ក្នុង​មួយ​ខែ គឺ​ចំនួន ២៥គ្រឿង។

 

“ថ្ងៃ​ខ្លះ​អត់​មាន​គេ​ហៅ​ទៅ​ប៉ូលា​ក៏​មាន​ដែរ​បង តែ​ដូច​មិន​ញឹក​ញាប់​ទេ។ ជា​មធ្យម​ក្នុង​មួយ​ខែ​ខ្ញុំ​អាច​ប៉ូលា​ឡាន​បាន​ច្រើន​បំផុត​ ២៥គ្រឿង​ឯណោះ​បើ​មាន​គេ​ហៅ​ទៅ​ប៉ូលា​ច្រើន ហើយ​បើ​តិច​បំផុត​នោះ​គឺ ១៥គ្រឿង​ក្នុង​មួយ​ខែ​អី​ហ្នឹង”។

 

វណ្ណា​ថា ចំពោះ​សម្ភារៈ​ដែល​លោក​ត្រូវ​ចំណាយ​ប្រាក់​ទិញ​សម្រាប់​ប្រើ​ប៉ូលា​រថយន្ត​មាន​ដូចជា ម៉ូទ័រ ថ្នាំ​ប៉ូលា ​តែ​ដោយ​ឡែក​ម៉ាស៊ីន​ភ្លើង វណ្ណា​ខ្ចី​មិត្តភ័ក្ដិ​ដែល​ជា​អ្នក​ជំនាញ​ប៉ូលា​រថយន្ត​ដូចគ្នា។ ចំពោះ​បច្ចេកទេស​ប៉ូលា​ដែល​លោក​តែង​ប្រើ​ដើម្បី​ប៉ូលា​រថយន្ត​​ឱ្យ​បាន​ស្អាត​ជូន​ភ្ញៀវ​មាន​៣ដំណាក់​កាល​ គឺ ការ​ប្រើ​ថ្នាំ​កាត់​ឱ្យ​ភ្លឺ (វ៉ៃ​កាត់) ការ​សម្អាត​កន្លុកកន្លៀត​​ និង ការ​ប្រើ​ថ្នាំ​រលោង (ប៉ូលា​រលោង)។

 

ចំពោះ​រថយន្ត​ធុន​តូច​ដូច​កាម៉ារី​ជាដើម​ដែល​បាន​បាញ់​ថ្នាំ​ប៉ូលា​រួច​ មួយ​គ្រឿង វណ្ណា ​យក​ថ្លៃ​ឈ្នួល​ប៉ូលា ២០ដុល្លារ តែ​បើ​បើ​អតិថិជន​ហៅ​ទៅ​ប៉ូលា​រថយន្ត​នៅ​តំបន់​ឆ្ងាយ​ ជាយ​ក្រុង លោក​យក​ថ្លៃ​ ៣០ដុល្លារ និង​តម្លៃ​លើស​ពី​នេះ (តម្លៃ​រហូត​ដល់ ៥០ដុល្លារ) ចំពោះ​រថយន្ត​ធំៗ។

 

ទីតាំង​អ្នក​ជំនាញ​​​​វ័យ ២៨ឆ្នាំ​រូប​នេះ​តែង​ទៅ​ប៉ូលា​រថយន្ត​ ភាគ​ច្រើន​នៅ​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ព្រោះ​ទីនោះ​សម្បូរ​រថយន្ត​មួយ​ទឹក​ចត​​ត្រៀបត្រា​​លក់​តាម​ដង​ផ្លូវ៕

 

 

-លេខ​ទូរសព្ទ​សម្រាប់​ទាក់ទង​លោក​វណ្ណា អ្នក​ជំនាញ​ប៉ូលា​រថយន្ត៖ ០១២ ២៣ ៩៨ ៩៦។

 

អត្ថបទ៖ ប៉ែត ផាន់និត