ឆ្នាំនេះ​ស្រូវ​បាន​ទិន្នផល​ខ្ពស់ រីឯ​តម្លៃ​​​ធ្លាក់​ចុះ​ខ្លាំង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​មានការ​ត្អួ​ច​ត្អែ​រថា នៅ​ក្នុងឆ្នាំនេះ ការ​ធ្វើស្រែ​របស់​ពួក​គាត់ គឺ​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ បែរជា​ធ្លាក់​ចុះ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​ទ​ទូល​បាន​កម្រៃ​ច្រើន​តាម​ការ​រំពឹង​ទុក ។

លោកពូ​អន ភៀន ជា​កសិករ​ម្នាក់​រស់នៅ​ក្នុងភូមិ​អង្គ​ស្លា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង​បាន​រៀបរាប់​ប្រាប់​ថា នៅ​ក្នុងឆ្នាំនេះ ការ​ធ្វើស្រែ​របស់​គាត់​គឺ​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន ដែល​ក្នុង​មួយ​ហិ​កតា​ទទួល​បាន​ផល​ចាប់ពី​៤ ទៅ​៥​តោន ដែល​កាលពី​ឆ្នាំ​មុន​បាន​ត្រឹមតែ​៣ ទៅ​៣​កន្លះ​តោន​ប៉ុណ្ណោះ  ។ រីឯ​តម្លៃ​ដែល​ឈ្មួញ​ចូល​មក​ទិញ​វិញ បែរជា​ចុះថោក​ជាង​ឆ្នាំ​មុន ដោយ​ក្នុង​នោះ ស្រូវ​១​គីឡូ​បាន​ត្រឹមតែ​៣០០០​ដុ​ង ស្មើ​និង​៧០០​រៀល (​ថោក​ជាង​ឆ្នាំ​មុន​) ដែល​អាច​បាន​ដល់​៤០០០ ទៅ​៥០០០​ដុ​ង ស្មើ​និង​៨០០ ទៅ​៨៥០ រៀល ។

លោកពូ​បាន​បន្ត​ទៀត​ថា ពួក​គាត់​តម្លៃ​ស្រូវ​មានការ​ឡើង​ចុះ គឺ​អាស្រ័យ​ទៅ​តាម​ឈ្មួញ​វៀតណាម ដែល​នៅ​ពេល​ណា​មាន​ទិន្នផល​ស្រូវ​បាន​ខ្ពស់​ខាង​វៀតណាម និង​ទម្លាក់​តម្លៃ​ចុះ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជា​កសិករ ទោះ​ខិតខំ​បង្កបង្កើន​ផល​បាន​ច្រើន ក៏​ចំណូល​មិន​បាន​កើនឡើង ព្រោះ​ទីផ្សារ គឺ​អាស្រ័យ​ទៅ​លើ​ឈ្មួញ​វៀតណាម​ជា​អ្នក​ឱ្យ ។

ជា​ចុង​ក្រោយ​លោកពូ​អន ភៀន ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល មេត្តា​ជួយ​បង្កើត​ឱ្យ​មាន​ទីផ្សារ​ក្នុង​ស្រូវ​ក្នុង​ការ​ទិញ​លក់​-​ស្រូវ​របស់​ពួក​គាត់ ដើម្បី​ឱ្យ​តម្លៃ​ស្រូវ​របស់​ពួក​គាត់​អាច​មាន​តម្លៃ​ថេរ​ណាមួយ​ដែល​អាច​ឱ្យ​កសិករ​អាច​ទទួលយក​បាន និង​កុំឱ្យ​វៀតណាម​ចេះ​តែ​បន្ទាប​តម្លៃ​តាមតែ​ចិត្ត​បែប​នេះ ។