២​នាក់​ឪពុក​កូន​ស្រវឹង​ខ្លាំង​ពេក​ជិះ​ម៉ូតូ​ដួល​នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យរបួស​ធ្ងន់

រាជ​ធានីភ្នំពេញ ៖ ​​២​នាក់​ឪពុក​កូន​ស្រវឹង​ស្រា​ជោក​ជាំជិះ​ម៉ូតូ​ដួល​នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​​​របួស​ធ្ងន់​ និង​ស្រាល​ទាំង​២នាក់ ចំណែកម៉ូតូ​អូស​ជាង​៣០០​ម៉ែត្រ​ទៅ​បុក​ចូល​​ដេប៉ូលក់​ឈើ កាលពី​វេលា​ម៉ោង​១២​ និង​៥០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ​ធ្នូ ​២០១៥ ត្រង់​ចំណុច​ផ្ទះ​លក់​ឈើ​នៅ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹងសាឡា​ង ​ខណ្ឌទួលគោក ។

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុបានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​មាន​បុរស​២​នាក់​ឪពុក ​កូន​​​ជិះ​ម៉ូតូ​ណៃ​ហត​ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA7062 ពី​ត្បូង​ទៅ​ជើង ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បាន​ចាប់​ហ្វ្រាំង​មុខ​បណ្តាលឱ្យដួល​ធ្លាក់​២​នាក់​ឪពុក​កូន​នៅ​លើ​ស្ពានរង​របួស​ ចំណែកម៉ូតូ​​អូស​ជាង​៣០០​ម៉ែត្រ​ទៅ​បុក​ចូល​ដេប៉ូ​លក់​ឈើ​​ ។

ក្រោយ​ពេល​កើតហេតុ​កូនប្រុស​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន តែ​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​ឪពុក​មិន​ទាន់​ទៅព្យាបាល​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​ផ្ទះ​ ៕