សម្តេច​ហ៊ុនសែន ផ្តាំផ្ញើ​ដល់​កងកម្លាំងប្រដាប់អាវុធ ឈរជើង​តាម​ព្រំដែន កោះ និង​តំបន់​ព្រៃ យកចិត្តទុកដាក់​លើ​កិច្ចការពារ​សុខភាព​

ភ្នំពេញ: នៅពេល​អាកាសធាតុ​ចុះ​ត្រជាក់​នៅពេលនេះ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំងអស់ ដែល​កំពុង​ឈរជើង​តាម​បណ្តោយ​ព្រំដែន ដែន​កោះ និង​តំបន់​ព្រៃ ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការពារ​សុខភាព​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​បងប្អូន​យុទ្ធជន យុទ្ធ​នារី នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ភេទ (​កងទ័ព អាវុធហត្ថ នគរបាល​) ដែល​កំពុង​ឈ​ជើង​តាម​បណ្តោយ​ព្រំដែន បណ្តា​កោះ និង​តំបន់​ព្រៃ ជាទី​ស្រឡាញ់​។ ពេលនេះ តំបន់​មួយចំនួន នៅក្នុង​កម្ពុជា ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ហើយ​។ សុំ​បងប្អូន​យកចិត្តទុកដាក់​លើ​កិច្ចការពារ​សុខភាព​"​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​សង្ឃឹមថា អាវ​រងារ ដែល​បាន​ចែកជូន​រួចមកហើយ នឹង​ជួយ​កាត់បន្ថយ​នូវ​ភាព​រងារ​របស់​បងប្អូន​។ សូម​ជូនពរ​បងប្អូន​ទាំងអស់ មាន​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​"​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៧ ដល់​២០ ខែធ្នូ ឆ្នាំ​២០១៥ ខេត្ត​ចំនួន ៨ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​សីតុណ្ហភាព​អប្បបរមា ១៧ អង្សា​សេ និង​អតិបរមា ២៧ អង្សា​សេ​។​

​សេចក្តីជូនដំណឹង​ដដែល បញ្ជាក់ថា ការចុះ​ត្រជាក់​នេះ ដោយសារ​កម្ពុជា បាន និង​កំពុង​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឥសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។

ក្រសួង បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ព័ត៌មាន និង​សំណូមពរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​នេះ​៕