អាជ្ញាធរ​អប្សរា​កំពុង​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រះ​នៅក្នុង​អង្គរ

សៀមរាប៖ របប​ទឹកភ្លៀង​នៅ​ឆ្នាំនេះ មានការ​ថមថយ​ខុសពី​សព្វដង។ មូលហេតុ​ត្រូវគេ​ពន្យល់ថា ដោយសារ​បម្រែបម្រួល​អាកាសធាតុ។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា បាននិងកំពុង​ប្រឈម​ទៅនឹង​បញ្ហា​គ្រោះរាំងស្ងួត។ ក្រៅពី​ខេត្ត​មួយចំនួន ក្នុងនោះ​តំបន់​អង្គរ ក៏​កំពុង​ប្រឈមមុខ​នឹង​កង្វះ​ទឹក​នេះ​ផងដែរ។ ដើម្បី​ទប់ស្កាត់ ការ​គោក រីងស្ងួត​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​នៅក្នុង​អង្គរ ខណៈដែល​ស្រះ​នេះ មានការ​រីង​ជាបណ្តើរៗ ខុសពី​ធម្មតា។

សកម្មភាព​បូមទឹក​ប​ញ្ចូ​ល​ក្នុង​ស្រះ​នៅ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី១៥ ធ្នូ​មក ក្នុង​បំណង ទប់ស្កាត់​ការ​រីង​ទឹក​នៅក្នុង​ស្រះ។ ស្រះ​ដែល​កំពុង​បូម​បញ្ចូល​នៅពេលនេះ គឺ​ស្រះស្រី ដែល​ស្ថិតនៅ​ខាងជើង។ អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា យ៉ាងហោចណាស់ ខ្លួន​ត្រូវ​ប្រើពេល​មួយ​សប្តាហ៍ ដើម្បី​បំពេញ​ទឹក​ក្នុង​ស្រះស្រី​នេះ។ ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ត​បូមទឹក ចាក់​បំពេញ​ក្នុង​ស្រះ​ប្រុស ដែល​ស្ថិតនៅ​ខាងត្បូង​នោះ​ផងដែរ។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ លោក ឡុង កុសល បាន​និយាយថា ស្រះស្រី គឺជា​ចំណុច​សំខាន់​មួយ​នៅ​អង្គរវត្ត។ ភ្ញៀវទេសចរ តែង​មក​កន្លែង​ស្រះ​ទឹក ដើម្បី​ផ្តិត​រូបភាព​ខ្លួនឯង ទៅនឹង​កំពូល​ប្រាសាទ ដែល​ឆ្លុះស្រមោល​នៅលើ​ផ្ទៃ​ទឹក​ដ៏​ស្រស់ស្អាត។ លោក​បន្ថែមថា ពីរ​ឆ្នាំជាប់ៗគ្នា គឺ​តាំងពី​ឆ្នាំ២០១៤មក តំបន់​អង្គរ​បាន​ជួបនឹង​បញ្ហា​ខ្វះ​ទឹក ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកជំនាញ រិះរក​ដំណោះស្រាយ ដើម្បី​សង្គ្រោះ​រមណីយដ្ឋាន​អង្គរ។ គ្រឹះ​ប្រាសាទ​នានា គឺ​សង់​ឡើង​ដោយ​យក​ដីខ្សាច់​ធ្វើជា​គ្រឹះ ដូច្នេះ​វា​ត្រូវការ​ជា​ចាំបាច់​នូវ​ប្រព័ន្ធទឹក ដើម្បី​ទប់​លំនឹង​បាន។ នេះ​ជាការ​ពន្យល់​របស់លោក កុសល។

ដោយសារ​ការ​ហួតហែង គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់​ក្នុង​រដូវវស្សា ធ្វើ​ឲ្យ​តំបន់​អង្គរ មាន​កសិណ​អង្គរ​ជាដើម​នោះ រីង​ទឹក​ក្នុង​រដូវប្រាំង។ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ប្រព័ន្ធ​ទឹក ដើម្បី​សង្គ្រោះ ដោយបាន​បូមទឹក​ពី​ស្ទឹង​សៀមរាប មកចាក់​បំពេញ​នៅក្នុង​កសិណ ដែល​អាច​ធានា​ពី​និរន្តរភាព​ដល់​គ្រឹះ​ប្រាសាទ។ ត្រង់ចំណុច​នេះ លោក ឡុង កុសល ពន្យល់ថា៖« ដំបូង​យើង​បូមទឹក​ពី​ស្ទឹង​សៀមរាប​មក​ដាក់​ក្នុង​ទំនប់​បារាំង ក្រោយមក​បង្ហូរ​ទៅ​កសិណ​អង្គរធំ និង​បញ្ចេញ​វា​តាម​ច្រក​សំពៅ​លូន ចូលមកក្នុង​កសិណ​អង្គរ»។
អាជ្ញាធរ​អប្សរា​កំពុង​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រះ​នៅក្នុង​អង្គរ

ទាក់ទង​នឹង​ការបូមទឹក​បញ្ចូល​ស្រះ​នៅ​អង្គរ ក៏មាន​ការ​សាទរ​ពី​ក្រុម​មគ្គុទ្ទេសក៍​ផងដែរ។ លោក សេង ចំរើន មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន បាន​និយាយថា ស្រះ​ទឹក​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​ទេសចរណ៍។ ព្រោះថា ភ្ញៀវទេសចរ​មួយចំនួនធំ បានធ្វើ​ដំណើរ​មកលេង​អង្គរ ក៏​ដោយសារ​មានបំណង​ផ្តិត​រូបភាព​ខ្លួនឯង នឹង​កំពូល​ប្រាសាទ​នេះដែរ។ ក្រៅពី​ផ្តិតរូប ស្រះ​ទឹក​ក៏​ជា​កន្លែង​ដែល​ភ្ញៀវ​ពេញនិយម​មើល​ថ្ងៃ​លិច​ផងដែរ។ នេះ​ជា​អះអាង​របស់លោក ចំរើន មុននឹង​លោក​ស្នើរ​ឲ្យ​អាជ្ញាធរ​ធ្វើយ៉ាងណា សង្គ្រោះ​ទឹក​នៅក្នុង​ស្រះ​ឲ្យ​បាន​គង់វង្ស។

ក្រៅពី​កសិណ និង​ស្រះ​ទឹក​នៅ​ប្រាសាទ​អង្គ​រហើយ ក្នុងនោះ​ស្រះស្រង់ ក៏​កំពុង​ប្រឈម​នឹង​ការ​គោក​ផងដែរ។ កាលពី​ឆ្នាំទៅ ស្រះស្រង់ បានចាប់ផ្តើម​គោក ដោយសារ​ពុំមាន​របប​ទឹកភ្លៀង​គ្រប់គ្រាន់។ យ៉ាងណា អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រក​មធ្យោបាយ ដើម្បី​សង្គ្រោះ​តំបន់​ទាំងនោះ​ហើយ​ដែរ។

គួរ​បញ្ជាក់ថា ស្រះ​ទឹក​នៅ​ប្រាសាទអង្គរវត្ត  គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ទៅនឹង​ប្រាសាទ។ បើតាម​អ្នក​បុរាណវិទ្យា ស្រះ​ទឹក​គឺជា​កន្លែង​លាងខ្លួន​សម្រាប់​អ្នក​គោរពបូជា មុននឹង​អាច​ឆ្លងទៅ​ឋាន​ព្រះអាទិទេព (កំពូល​ប្រាសាទអង្គរវត្ត) បាន៕