ឧស្ម័ន​អុកស៊ីសែន​កំពុង​ក្លាយជា​ផលិតផល​ប្រណីត នៅ​ស្រុក​ចិន​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ចុះផ្សាយ​ថ្មីៗ​នេះ នូវ​អត្ថបទ​ទាក់ទង​ភោជនីយដ្ឋាន​មួយកន្លែង នៅ​ក្រុង Zhangjiagang ក្នុង​ខេត្ត Jiangsu ដែល​បាន​យក​ថ្លៃ​ពន្ធ​ពី​អតិថិជន ជា​ពន្ធ​លើ​ខ្យល់​បរិសុទ្ធ​ដែល​ពួកគេ​ដកដង្ហើម​ស្រូបយក ក្នុងពេល​ពួកគេ​បរិភោគ​អាហារ​នៅ​ទីនោះ​។ ទន្ទឹមនេះដែរ ក្រុមហ៊ុន​កាណាដា មួយ​ឈ្មោះថា Vitality Air បានដាក់​លក់​ដប​ផ្ទុក​ខ្យល់​ដែល​ចម្រាញ់​យកមក​ពី​ភ្នំ ក្នុងតម្លៃ​២៨​ដុល្លារ ក្នុង​មួយ​ដប​។

​គេ​មិនដឹងថា តើ​ច្បាប់​ចិន​មានចែង​ពី​ការយកពន្ធ​លើ​ខ្យល់​ដកដង្ហើម​នេះ​ពិត​មែនរឺ​យ៉ាងណា​។ តែបើ​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន​ចិន Xinhua អតិថិជន​ដែល​ចូលទៅ​បរិភោគ​អាហារ​នៅ​អាហា​រដ្ឋា​ន​មួយ​នោះ បាន​តវ៉ា​រឿង​យកពន្ធ​នេះ ដោយ​ប្រាប់ថា ពួកគេ​មិនបាន​ចូលមក​ហូប​អាហារ​ដើម្បី​បង់ពន្ធ​ខ្យល់​នេះ​ទេ​។ ប៉ុន្តែ អ្នក​ខ្លះទៀត​បានលើកឡើង​ថា ពួកគេ​សុខចិត្ត​បង់លុយ​អាហារ​លើសពីនេះ អោយតែ​ពួកគេ​អាច​បរិភោគ​នៅ​ទីកន្លែង​ដែលមាន​ខ្យល់​ដង្ហើម​បរិសុទ្ធ​។​

​ប្រាកដ​ណាស់ ក្នុងពេលដែល​ចិន​កំពុង​រង​ការបំពុល​បរិស្ថាន​ខ្ពស់ ប្រជាជន​ចិន​ពិសេស​អ្នក​ដែលមាន​កូនចៅ​តូចៗ ពិតជា​ត្រូវការ​អុកស៊ីសែន ត្រូវការ​ខ្យល់​ដង្ហើម​បរិសុទ្ធ​សម្រាប់​ក្មេងៗ​ទាំងនេះ​។ គេ​ឃើញថា ប្រជាជន​ចិន​បាននាំគ្នា​ទិញ​ផលិតផល​ដប​អុកស៊ីសែន​របស់​ក្រុមហ៊ុន​កាណាដា Vitality Air​។

​កាល​ពិ​ដើមខែ​ធ្នូ អាជ្ញាធរ​ចិន​បានប្រកាស​អាសន្ន ពី​អត្រា​សារធាតុ​ល្អិត​ឆ្មារ​បំពុលបរិយាកាស ដែល​គេ​ហៅថា PM2.5 នៅ​ក្រុង​ប៉េកាំង​។ សារធាតុ​នេះ​បាន​ឡើង​កម្រិត​៤០​ដង​លើសពី​កម្រិត​មធ្យម តម្រូវ​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ ក្រុង​ធំៗ​របស់​ចិន​ផ្សេងទៀត​ក៏​រង​ការបំពុល​បរិស្ថាន​ខ្ពស់​ដែរ​៕