សូមកុំ​ភ្លេច​មហិច្ឆតា​របស់​បន​យួន​ក្នុង​ការរំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​

​រហូតមកដល់​ពេលនេះ​យួន​នៅតែ​រក្សា​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅតាម​តំបន់​ព្រំដែន​យ៉ាង​គឃ្លើន ហើយ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ហាក់ដូចជា​មិនបាន​ពិចារណា​ទៅលើ​ល្បិចកល​អាក្រក់​របស់​យួន​នោះទេ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​និង​យួន​បានសម្រេច​បោះបង្គោល​ព្រំដែន​ដែលជា​ប្រភេទ​បង្គោល​រណប​ចំនួន​៥ នៅក្បែរ​តំបន់​មាន​ជម្លោះព្រំដែន​ក្នុងភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ទង្វើ​បែបនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ព្រមាន​ដក​បង្គោល​រណប​នោះ​ចោល​ដោយ​ពួកគាត់​រិះគន់ថា ធ្វើឡើង​ដោយ​លួចលាក់​និង​ពុំមាន​តម្លាភាព​។

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អំពើ​ឈ្លានពាន​របស់​បន​យួន​តាម​ព្រំដែន​ក្នុងភូមិ​ជើង ឃុំ​ជាំ បាន​ព្រមាន​ថា​ពួកគាត់​នឹង​នាំគ្នា​ជំទាស់​ចំពោះ​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​ចម្រុះ​ព្រំដែន​កម្ពុជា ឬ​ដក​បង្គោល​ដែល​ទើបនឹង​បោះ​រួច​ចោល​ទៀតផង​។ តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជើង ដែល​ព្រួយបារម្ភ​អំពី​ការបាត់បង់​បូរណភាព​ទឹកដី​តាម​ព្រំដែន​បាន​បញ្ជាក់ថា ប្រសិនបើ​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​នៅតែ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​តម្លាភាព​បែបនេះ គឺអាច​ធ្វើ​ឲ្យ​ដីស្រែ​ចម្ការ​កេរ​ដូនតា​របស់​ពួកគាត់​តាម​ព្រំដែន​នឹងត្រូវ​បាត់បង់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជាំ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ចំពោះ​ការបោះបង្គោល​រណប​នោះទេ ព្រោះ​ការដោះស្រាយ​បញ្ហា​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​នាពេល​កន្លងមក គឺ​ពួកគាត់​មិន​អស់ចិត្ត​ឡើយ​។

សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជើង បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បង្គោល​ព្រំដែន​ជា​ប្រភេទ​បង្គោល​រណប​ចំនួន​៥​បាន​បោះ​នៅតាម​ព្រំដែន​ដោយមាន​មន្ត្រីនគរបាល​និង​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ចូលរួម​។ ក្នុងចំណោម​បង្គោល​រណប​ទាំងនោះ គឺ​បង្គោល​ដែលមាន​លេខ​សម្គាល់​ចាប់ពី​លេខ​៣​ដល់​លេខ​៧​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៩៤​និង​លេខ​៩៥ បានធ្វើ​ឲ្យ​ប៉ះពាល់​លើដី​ធ្លី​ប្រជាពលរដ្ឋ​ភូមិ​ជើង​ចំនួន​៤​គ្រួសារ​។ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបោះបង្គោលរ​ណ​ប​នោះ បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវ​បាត់បង់​ដីធ្លី​កេរ​ដូនតា​ជា​បន្តបន្ទាប់​ដោយសារ​របៀប​ធ្វើការ​របស់​មន្ត្រី​កិច្ចការ​ព្រំដែន​មាន​ភាព​លាក់លៀម​និង​គ្មាន​តម្លាភាព​ទាល់តែសោះ​។

ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ភាគី​យួន​កំពុង​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ចំណុច​ថ្ម​៣​ដុំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អ្នកភូមិ​ថ្ម​៣​ដុំ ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ចំណុច​ថ្ម​៣​ដុំ​ដែល​ពី​ដើមឡើយ​ជា​ទឹកដី​ខ្មែរ ប៉ុន្តែ​បច្ចុប្បន្ន​បានក្លាយ​ទៅជា​តំបន់​ដែល​យួន​គ្រប់គ្រង​មួយផ្នែក​រួចទៅហើយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​កំពង់​ក្រសាំង​បាន​រំលឹកថា ក្រោយពី​ភាគី​កម្ពុជា​-​យួន​កំណត់ព្រំដែន​រួច​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ គឺ​ខ្សែបន្ទាត់​ព្រំដែន​បាន​អូស​កាត់​ទីតាំង​តំបន់​ថ្ម​៣​ដុំ​ទៅ​ភាគី​យួន​វិញ ហើយ​តំបន់​នោះ​ក្លាយទៅជា​ខ្សែបន្ទាត់​ព្រំដែន​តែម្តង​។ ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញថា បន​យួន​នៅតែមាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន ដូច្នេះ​រដ្ឋាភិបាល​និង​ស្ថាប័ន​ទទួលបន្ទុក​កិច្ចការ​ព្រំដែន គួរ​ពិនិត្យឡើងវិញ​ហើយ​មិនត្រូវ​បណ្ដោយ​ឲ្យ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ​៕

12347955_10206379663908075_1185349418721884535_nបង្គោលរណបនៅក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
imageតំបន់ថ្ម៣ដុំត្រូវភាគីយួនបោះទីតាំងឈរជើងយ៉ាងរឹងមាំ